ប្រទេសឥណ្ឌា បានរាយការណ៍អំពីការរកឃើញ មេរោគក្លាយពូជថ្មី 1ទៀតរបស់វីរុសកូរ៉ូណាប្រភេទថ្មី ដែលក្លាយពូជ 2ជាន់(Double mutant) កាលពីថ្ងៃពុធ ទី24 មីនា ក្នុងខណៈដែលប្រទេសមួយនេះ ត្រូវប្រឈមនឹងចំនួនអ្នកឆ្លងមេរោគ និងស្លាប់ប្រចាំថ្ងៃ ច្រើនបំផុត ចាប់តាំងពីឈានចូលឆ្នាំ2021 មក។
មេរោគក្លាយពូជ ដែលក្រុមអ្នកជំនាញហៅថា “ក្លាយពូជ 2ជាន់ ឬ Double mutant” នេះ ត្រូវបានរកឃើញនៅក្នុងសំណាក ច្រើនជាង 200សំណាកនៅក្នុងរដ្ឋមហារាស្ត្រៈ រដ្ឋភាគខាងលិច ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-19 យ៉ាងធ្ងន់ធ្ងរ និងជាទីតាំងរបស់មុមបៃ ទីក្រុងចម្បងខាងហិរញ្ញវត្ថុ របស់ប្រទេសឥណ្ឌា។
យ៉ាងណាក្ដី បណ្ដាក្រុមមន្ត្រីសុខភាពសាធារណៈ បានបញ្ជាក់ថា មេរោគក្លាយពូជថ្មីនេះ នៅមិនទាន់ត្រូវបានពិនិត្យរកឃើញក្នុងចំនួនច្រើនគ្រប់គ្រាន់ ដែលអាចថា ជាប់ទាក់ទិននឹងចំនួនអ្នកឆ្លងមេរោគ ដែលកើនឡើងយ៉ាងច្រើននៅក្នុងរដ្ឋមហារាស្ត្រៈ និងរដ្ឋផ្សេងៗ ដែលក្នុងនោះរួមទាំងរដ្ឋក្រេឡាក់ និងរដ្ឋប៉ាន់ចាបនោះនៅឡើយ។
លោក រ៉ាម៉ាណាន់ ល័កស្ម៊ីណារ៉ាយ៉ាន់ ស្ថាបនិកមជ្ឈមណ្ឌលថាមពលរបស់ជំងឺ សេដ្ឋកិច្ច និងនយោបាយ ក្នុងទីក្រុងនីវដេលី បានថ្លែងថា “ការក្លាយពូជ 2ជាន់ មិនមែនជាវាក្យស័ព្ទខាងវិទ្យាសាស្ត្រទេ វាគ្រាន់តែជាមេរោគក្លាយពូជមួយទៀត ដែលមើលទៅហាក់ដូចជាមានតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ”
លោកបានថ្លែងទៀតថា “សួរថា តើមានហេតុផល ដែលត្រូវកង្វល់ពាក់ព័ន្ធនឹងមេរោគក្លាយពូជមួយនេះ ជាពិសេសដែរឬទេ? វាមិនទាន់ប្រាកដដែរ ព្រោះយើងរកមិនឃើញភ័ស្តុតាងថា មេរោគក្លាយពូជមួយនេះ វាចម្លងសាយភាយបានងាយជាង ឬធ្ងន់ធ្ងរជាងវីរុសដែលយើងកំពុងប្រឈមនោះឬយ៉ាងណានៅឡើយ”
បណ្ដាសំណាក ដែលពិនិត្យរកឃើញមេរោគក្លាយពូជកូវីដ-19ថ្មី នៅក្នុងរដ្ឋមហារាស្ត្រៈ ក្នុងនោះប្រមាណជា 20% ជាសំណាកមកពីទីក្រុងណាកពុរៈ មជ្ឈមណ្ឌលកណ្ដាលខាងពាណិជ្ជកម្ម និងឡូជិស្ទិក។ នេះបើតាមការឱ្យដឹងពីលោក ស៊ុជីត គូម៉ារ ស៊ីងហ៍ អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនៃប្រទេសឥណ្ឌា។
“មេរោគក្លាយពូជ កំពុងបង្ហាញខ្លួនឡើង សន្សឹម” លោកស៊ីងហ៍ បានថ្លែង ព្រមទាំងបញ្ជាក់ថា សំណាក9 របស់មេរោគក្លាយពូជប្រភេទថ្មី ត្រូវបានរកឃើញនៅក្នុងទីក្រុងនីវដេលីដូចគ្នា ខណៈដែលទីក្រុងចម្បងមួយនេះ បានរកឃើញចំនួនអ្នកឆ្លងមេរោគកូវីដ-19 កើនឡើងជាបន្តបន្ទាប់ ក្នុងអំឡុងច្រើនសប្ដាហ៍កន្លងមកនេះ។
សូមជម្រាបដែរថា ប្រទេសឥណ្ឌា បានអនុម័តវ៉ាក់សាំងរួចហើយ 2ប្រភេទ មានវ៉ាក់សាំងដែលអភិវឌ្ឍដោយអ៊ែស្ត្រាហ្សេនេកា និងមហាវិទ្យាល័យអុកស្វដ និង 1ប្រភេទទៀត ដែលអភិវឌ្ឍនៅក្នុងប្រទេសដោយក្រុមហ៊ុន ភារ៉ាត់ បៃអូថេក ដែលមានប្រសិទ្ធភាពប្រឆាំងមេរោគក្លាយពូជកូវីដ-19 ដែលរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស និងប្រេស៊ីល។
កាលពីថ្ងៃពុធ ទី24 មីនា ឥណ្ឌាបានរាយការណ៍ពីការរកឃើញអ្នកឆ្លងមេរោគថ្មី 47,262នាក់ ក្នុងអំឡុង 24ម៉ោង ជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំកន្លងទៅ បណ្ដាលឱ្យចំនួនអ្នកឆ្លងមេរោគសរុបមាន 11.7លាននាក់ ខ្ពស់បំផុត ជាប់លំដាប់លេខ3 ក្នុងពិភពលោក ក្រោមតែសហរដ្ឋអាមេរិក និងប្រេស៊ីលប៉ុណ្ណោះ។
ចំនួនអ្នកស្លាប់ដោយសារកូវីដ-19 ក្នុងជុំ 24ម៉ោងកន្លងទៅ ស្ថិតក្នុងចំនួន 275នាក់ ខ្ពស់បំផុតក្នុងជុំ 1ឆ្នាំនេះ បណ្ដាលឱ្យចំនួនអ្នកស្លាប់សរុប ស្ថិតក្នុងចំនួន 160,441នាក់។
រដ្ឋជាច្រើន បានចេញបទបញ្ជាហាមប្រមូលផ្ដុំជួបជុំគ្នា មុនរដូវកាល ហូលី របស់ជនជាតិហ៊ិណ្ឌូ ក្នុងអំឡុងចុងសប្ដាហ៍នេះ ខណៈពេលជាមួយគ្នា ខាងរដ្ឋបាលកណ្ដាល បានប្រកាសពង្រីកគ្រោងការចាក់វ៉ាក់សាំងទូទាំងប្រទេស រួមទាំងមនុស្សគ្រប់រូប ដែលមានអាយុ 45ឆ្នាំឡើងទៅ ចាប់តាំងពីខែមេសាទៅ៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែ និងសម្រួលដោយ ទិទីតំតាតូ