ខណ្ឌ Daxing នៃរដ្ឋធានីប៉េកាំង ប្រទេសចិន ដែលមានប្រជាជនសរុបចំនួន 1.8លាននាក់ បានផ្ដល់ប័ណ្ណទិញទំនិញដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការ Covid-19 ចាប់ពីថ្ងៃទី 24មីនា 2021។
«ប័ណ្ណទិញទំនិញដែលមានតម្លៃចាប់ពី 8 ដល់ 30យុន (1.23-4.6ដុល្លារអាមេរិក) ក្នុងមួយសន្លឹក ត្រូវបានបែងចែកទៅតាមលក្ខខណ្ឌមួយចំនួន និងអាចប្រើប្រាស់នៅក្នុងផ្សារទំនើបនានាក្នុងខណ្ឌ» នេះបើតាមក្រុមមន្ត្រីនៅខណ្ឌ Daxing។ សារព័ត៌មាន Beijing Daily បានរាយការណ៍ថា ប័ណ្ណទិញទំនិញទាំងនេះមានតម្លៃសរុបជាង 200លានយុន (30.7លានដុល្លារអាមេរិក)។
ក៏ប៉ុន្តែ មនុស្សមួយចំនួនបានសំដែងការព្រួយបារម្ភអំពីកម្មវិធីផ្ដល់ប័ណ្ណទិញទំនិញខាងលើ។ អ្នកលេងបណ្ដាញសង្គមម្នាក់បានសរសេរនៅលើបណ្ដាញសង្គម Weibo ថា៖ «ការលើកទឹកចិត្តតាមវិធីនេះដើម្បីឱ្យពលរដ្ឋចាក់វ៉ាក់សាំង នឹងធ្វើឱ្យការជឿជាក់ទៅលើវ៉ាក់សាំងមានការថយចុះ»។
ពលរដ្ឋជាង 73% ដែលមានអាយុចាប់ពី 18ឆ្នាំឡើងទៅ នៅក្នុងខណ្ឌ Daxing បានចាក់វ៉ាក់សាំងបង្ការ Covid-19 យ៉ាងតិចមួយម្ជុល នេះបើតាម Beijing Daily។ វ៉ាក់សាំងដែលកំពុងត្រូវបានប្រើប្រាស់ច្រើនជាងគេនៅប្រទេសចិន នោះគឺ BBIBP-CorV របស់ Sinopharm និង CoronaVac របស់ Sinovac ដែលទាំងនេះសុទ្ធតែត្រូវបានអភិវឌ្ឍនៅក្នុងស្រុក និងត្រូវចាក់ជាពីរម្ជុល។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិន បានកំណត់គោលដៅចាក់វ៉ាក់សាំងបង្ការ Covid-19 ឱ្យបាន 40% នៃចំនួនប្រជាជនសរុប ពោលគឺប្រហាក់ប្រហែលនឹង 560លាននាក់ នៅក្នុងខែមិថុនា។ ប៉ុន្តែ គិតមកដល់ត្រឹមថ្ងៃទី 8មីនា ប្រទេសនេះចាក់បានតែ 65លាននាក់ប៉ុណ្ណោះ។
ចិនត្រូវបានវាយតម្លៃថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលគ្រប់គ្រង Covid-19 បានល្អ ដោយមានអត្រានៃការស្លាប់ទាប ព្រោះតែវិធានការតឹងរ៉ឹង និងការផលិតវ៉ាក់សាំងផ្ទាល់ខ្លួន។ បច្ចុប្បន្ន ប្រទេសចិនមានសមត្ថភាពផលិតវ៉ាក់សាំងបង្ការ Covid-19 បាន 5លានដូស/ថ្ងៃ កើនឡើងច្រើនជាង 3ដង បើធៀបនឹង 1.5លានដូស/ថ្ងៃ កាលពីដើមខែកុម្ភៈ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា