នាយកដ្ឋានគ្រប់គ្រងឱសថរបស់ចិន បានអនុញ្ញាតឱ្យក្រុមហ៊ុន CanSino Biologics ប្រើប្រាស់សាកល្បងវ៉ាក់សាំងបង្ការវីរុស Covid-19 ប្រភេទហិត ជំនួសឱ្យការចាក់ដូចធម្មតា។
នៅក្នុងឯកសារដែលត្រូវបានប្រកាសនៅលើផ្សារហ៊ុនហុងកុង កាលពីថ្ងៃទី 23មីនា ក្រុមហ៊ុន CanSino បានឱ្យដឹងថា ពួកគេបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងវ៉ាក់សាំងប្រភេទហិតដែលក្រុមហ៊ុនបានសហការអភិវឌ្ឍជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្រប៉េកាំង។
CanSino មិនបានបង្ហើបឱ្យដឹងអំពីព័ត៌មានបន្ថែមទាក់ទងនឹងវ៉ាក់សាំងបង្ការ Covid-19 ប្រភេទហិតនេះទេ ប៉ុន្តែ បានព្រមានថា សុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ នឹង «ត្រូវបានទទួលស្គាល់» ក្រោយពីការប្រើប្រាស់សាកល្បងជាផ្លូវការតែប៉ុណ្ណោះ។
ដំណឹងខាងលើនេះបានលេចឡើងបន្ទាប់ពីនាយកដ្ឋានគ្រប់គ្រងផលិតផលសុខាភិបាលជាតិចិន បានអនុម័តឱ្យប្រើប្រាស់មានលក្ខខណ្ឌចំពោះវ៉ាក់សាំងមួយប្រភេទផ្សេងទៀតរបស់ CanSino កាលពីខែមុន។ ប្រទេសចិន បច្ចុប្បន្នមានវ៉ាក់សាំងបង្ការ Covid-19 ចំនួន 5ប្រភេទ ដែលត្រូវបានអនុញ្ញាតឱ្យប្រើដោយមានលក្ខខណ្ឌ ឬក្នុងស្ថានភាពបន្ទាន់ ប៉ុន្តែពុំមានប្រភេទណាមួយដែលប្រើប្រាស់តាមផ្លូវដង្ហើមនោះឡើយ។
គិតមកដល់ថ្ងៃទី 20មីនា ប្រទេសចិនបានចាក់វ៉ាក់សាំងបង្ការ Covid-19 ចំនួន 74.96លានដូសរួចហើយ នេះបើតាម Our World in Data ជាអង្គការផ្គត់ផ្គង់ទិន្នន័យសហការរវាងសាកលវិទ្យាល័យ Oxford និងអង្គការមនុស្សធម៌មួយទៀត៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា