វ៉ាក់សាំងបង្ការ Covid-19 ដែលត្រូវបានផ្សំឡើងជាប្រភេទគ្រាប់សម្រាប់លេបដែលអាចប្រើប្រាស់នៅតាមផ្ទះ នឹងអាចត្រូវបានធ្វើការពិសោធលើមនុស្សនាពេលដ៏ខ្លីខាងមុខ។
យោងតាមសារព័ត៌មាន RT វ៉ាក់សាំងប្រភេទថ្មីដំបូងគេដែលមានឈ្មោះថា Oravax នេះ ត្រូវបានសហការអភិវឌ្ឍដោយក្រុមហ៊ុន Oramed របស់អាមេរិក-អ៊ីស្រាអែល និងក្រុមហ៊ុនជីវសាស្ត្រ Premas របស់ឥណ្ឌា។ ក្រុមហ៊ុនទាំងពីរនេះបានចាប់ដៃគ្នាបង្កើតក្រុមហ៊ុន Oravax Medical ដើម្បីអភិវឌ្ឍ និងផលិតវ៉ាក់សាំងបង្ការវីរុស Covid-19 ប្រភេទគ្រាប់សម្រាប់លេប ដែលផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។
ក្រោយពីបានធ្វើការពិសោធនៅលើសត្វ ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា វ៉ាក់សាំងប្រភេទគ្រាប់នេះអាចជួយបង្កើតអង្គបដិប្រាណដែលមានប្រសិទ្ធភាពទប់ស្កាត់វីរុស Covid-19។ ចំណុចពិសេស នោះគឺវ៉ាក់សាំង Oravax តែមួយគ្រាប់គត់ សត្វដែលត្រូវធ្វើការពិសោធអាចការពារខ្លួនពីការឆ្លងវីរុស Covid-19។ នេះគឺជាចំណុចខុសប្លែក និងត្រូវបានគេចាត់ទុកថាលេចធ្លោជាងបើធៀបជាមួយនឹងវ៉ាក់សាំងបច្ចុប្បន្នដែលត្រូវការចាក់រហូតដល់ពីរម្ជុល។
លោក Prabuddha Kundu ដែលជាសហស្ថាបនិករបស់ Premas បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានឥណ្ឌាថា ការលេបវ៉ាក់សាំងនេះនឹង «ដូចទៅនឹងការលេបថ្នាំវីតាមីន» ហើយ «យើងជឿជាក់100% ថា បច្ចេកវិទ្យានេះមានប្រសិទ្ធភាព និងប្រកបដោយក្ដីសង្ឃឹម»។ លោកបន្ថែមថា លទ្ធផលដែលបានមកពីការពិសោធបឋមលើសត្វនឹងត្រូវបានប្រកាសឱ្យដឹងនៅលើទស្សនាវដ្ដីវិទ្យាសាស្ត្រមួយនាពេលឆាប់ៗនេះ។
ចំណែក Nadav Kidron នាយកប្រតិបត្តិរបស់ Oramed និយាយថា វ៉ាក់សាំងប្រភេទគ្រាប់នេះនឹងបំបាត់បញ្ហានានាដែលកើតឡើងពីរដូវចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក។ ជាងនេះ វាក៏នឹងអាចត្រូវបានប្រើប្រាស់នៅតាមផ្ទះយ៉ាងងាយស្រួលផងដែរ។
គេអាចរក្សាទុកវ៉ាក់សាំង Oravax នេះនៅក្នុងសីតុណ្ហភាពរបស់បន្ទប់ក្នុងផ្ទះ និងជួយកាត់បន្ថយបញ្ហារក្សាទុកក្នុងស្ថានភាពត្រជាក់ដែលវ៉ាក់សាំង «បុរាណ» នានាកំពុងជួបប្រទះ។ នាយក Kedron ប្រកាសថា ការប្រើប្រាស់វ៉ាក់សាំងប្រភេទគ្រាប់នេះអាចជួយកាត់បន្ថយផលប៉ះពាល់ក្រោយពីបានលេប ហើយវាក៏នឹងមានប្រយោជន៍ច្រើន បើសិនក្លាយជាវ៉ាក់សាំងដែលត្រូវលេបប្រចាំឆ្នាំដូចទៅនឹងវ៉ាក់សាំងបង្ការវីរុសផ្ដាសាយ។
Oravax Medical នឹងធ្វើការពិសោធលើមនុស្សក្នុងដំណាក់កាលដំបូងនៅក្នុងប្រទេសមួយចំនួន ក្នុងនោះមាន សហរដ្ឋអាមេរិក, អ៊ីស្រាអែល, ម៉ិកស៊ិក និងនៅបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបផងដែរ។ ការពិសោធដំបូងអាចត្រូវបានធ្វើឡើងនៅក្នុងខែកក្កដាឆ្នាំ2021៕
ប្រភព៖ BI
ប្រែសម្រួល៖ បុត្រា