ក្រសួងសុខាភិបាលកម្ពុជានឹងប្រើប្រាស់វ៉ាក់សាំង AstraZeneca ដើម្បីចាក់ជូនពលរដ្ឋដែលមានវ័យចាប់ពី 60ឆ្នាំឡើងទៅ ចាប់ពីថ្ងៃទី23 ខែមីនា ឆ្នាំ2021 នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យចំនួន 14ទីតាំង នៅទីក្រុងភ្នំពេញ។
យុទ្ធនាការចាក់វ៉ាក់សាំងខាងលើនេះនឹងចាក់ជូនមនុស្សចំនួន 55,700នាក់ នៅក្នុងខណ្ឌចំនួន14 របស់រាជធានីភ្នំពេញ នេះបើតាមគណៈកម្មការគ្រប់គ្រងកិច្ចការចាក់វ៉ាក់សាំងបង្ការ Covid-19 របស់ក្រសួងសុខាភិបាល ដែលបានប្រកាសឱ្យដឹងនាថ្ងៃទី22មីនានេះ។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការខាងលើក៏បានបញ្ជាក់ថា ក្រុមមនុស្សដែលមានវ័យចំណាស់ មានហានិភ័យខ្ពស់ ប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ឬបាត់បង់ជីវិតក្នុងអត្រាខ្ពស់ បើសិនបានឆ្លងវីរុស Covid-19។ ដូច្នេះ ការចាក់វ៉ាក់សាំងនេះគឺជារឿងសំខាន់ខ្លាំងណាស់។
គណៈកម្មការគ្រប់គ្រងកិច្ចការចាក់វ៉ាក់សាំងបង្ការ Covid-19 ក៏បានសង្កត់ធ្ងន់ថា ពលរដ្ឋគ្រប់រូប បើទោះជាបានទទួលការចាក់វ៉ាក់សាំងហើយក៏ដោយ ក៏ត្រូវតែបន្តអនុវត្តតាមការណែនាំទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងរាលដាលនៃវីរុសបង្កជំងឺរលាកសួតប្រភេទថ្មីនេះ ក្នុងនោះ វិធានការ «3ការពារ» (ពាក់ម៉ាក់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និង «3កុំ» (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា) គួរតែអនុវត្តកុំបីខាន៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា