អ្នកជំងឺ COVID-19 ទទួលការព្យាបាលនៅមន្ទីរពេទ្យដោយវិធីជាច្រើន តាំងពីការដកដង្ហើមតាមបំពង់អ៊ុកស៊ីហ្សែន រហូតដល់វិធីសាស្ត្រអន្តរាគមន៍ដ៏ទំនើប ពិសេសគឺ ECMO។
អ្នកជំងឺត្រូវបានធ្វើតេស្តជាច្រើនប្រភេទ ក្នុងនោះក៏មានការពិនិត្យទៅលើកម្រិតអ៊ុកស៊ីហ្សែននៅក្នុងឈាម ដើម្បីអាចដឹងអំពីដំណើរការរបស់សួត។ គ្រូពេទ្យក៏នឹងវាស់សម្ពាធឈាមដើម្បីឱ្យដឹងអំពីស្ថានភាពរបស់បេះដូង និងប្រព័ន្ធបញ្ជូនឈាម។
វិធីសាស្ត្រព្យាបាលនាបច្ចុប្បន្ន មិនបានព្យាបាលផ្ទាល់ឱ្យជាពី COVID-19 នោះទេ ប៉ុន្តែគ្រាន់តែរួមចំណែកក្នុងការជួយឱ្យអ្នកជំងឺអាចទប់ទល់នឹងវីរុសតែប៉ុណ្ណោះ។
អ្នកជំងឺជាច្រើនត្រូវឆ្លងកាត់ការព្យាបាលជាច្រើនដំណាក់កាល ជាមួយនឹងកម្រិតនៃការ “ជ្រៀតជ្រែក” និងគ្រោះថ្នាក់កើនឡើងបន្តិចម្ដងៗ។
ដំណាក់កាលទី1៖ វិធីសាស្ត្រព្យាបាលដោយអ៊ុកស៊ីហ្សែនបែបសាមញ្ញ
នេះគឺជារូបភាពនៃការព្យាបាលលក្ខណៈសាមញ្ញបំផុត សម្រាប់អ្នកជំងឺ COVID-19 ដែលចាប់ផ្ដើមមានអាការពិបាកដកដង្ហើម និងខ្វះអ៊ុកស៊ីហ្សែនក្នុងឈាម។ អ្នកជំងឺត្រូវពាក់ម៉ាស់អ៊ុកស៊ីហ្សែនដើម្បីជួយដល់ការស្រូបយកខ្យល់អ៊ុកស៊ីហ្សែន។
ដំណាក់កាលទី2៖ វិធីសាស្ត្រព្យាបាលដោយអ៊ុកស៊ីហ្សែនកម្រិតខ្ពស់
នេះគឺជាវិធីសាស្ត្រប្រើអ៊ុកស៊ីហ្សែនសុទ្ធក្នុងទម្រង់សម្ពាធខ្ពស់ដើម្បីព្យាបាល ឬថែទាំអ្នកជំងឺ ដែលនេះនឹងមានប្រយោជន៍ដល់អ្នកជំងឺក្នុងករណីឆ្លងមេរោគធ្ងន់ធ្ងរ និងមានពពុះខ្យល់នៅក្នុងសរសៃឈាម (ដែលភាគច្រើនកើតឡើងដោយសារជំងឺ DCS(decompression sickness)។
អ្នកជំងឺនឹងបានដកដង្ហើមស្រូបយកអ៊ុកស៊ីហ្សែនសុទ្ធ ឬខ្យល់ចម្រុះដែលសម្បូរដោយអ៊ុកស៊ីហ្សែនក្នុងបន្ទប់ដែលមានសម្ពាធខ្យល់ខ្ពស់។ ដំណាក់កាលនេះ វេជ្ជបណ្ឌិតនឹងតាមដានសញ្ញាសំខាន់ៗរបស់អ្នកជំងឺដោយយកចិត្តទុកដាក់កម្រិតខ្ពស់។ អ្នកជំងឺនឹងនៅតែដឹងខ្លួនក្នុងអំឡុងស្រូបយកអ៊ុកស៊ីហ្សែនសុទ្ធនេះ។
ដំណាក់ទី3៖ ជំនួយការដកដង្ហើមដោយប្រើម៉ាស៊ីន-Mechanical ventilation (assisted ventilation)
វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់នៅពេលការដកដង្ហើមដោយឯកឯងរបស់អ្នកជំងឺលែងមានប្រសិទ្ធភាព។ ម៉ាស៊ីនជំនួយការដកដង្ហើមនឹងជួយបង្កើនកម្លាំងដល់សួតរបស់អ្នកជំងឺ ក្នុងការរុញខ្យល់ចូលនិងចេញ។ នេះគឺជាវិធីសាស្ត្រព្យាបាលកម្រិតខ្ពស់ដែលមានដាក់ថ្នាំសណ្ដំ។
ម៉ាស៊ីនជំនួយការដកដង្ហើមនឹងជួយរក្សាជីវិតរបស់អ្នកជំងឺ ដោយទុកពេលវេលាបន្ថែមទៀតដល់រាងកាយដើម្បីទប់ទល់នឹងវីរុស។
ដំណាក់កាលទី4៖ បេះដូង និងសួតសិប្បនិម្មិត (ECMO)
នេះគឺជាជម្រើសចុងក្រោយរបស់វេជ្ជបណ្ឌិត នៅពេលដែលអ្នកជំងឺកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត។ សួតបានរងរបួសធ្ងន់ធ្ងរ និងលែងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំអ៊ុកស៊ីហ្សែនចូលទៅដល់សរសៃឈាម។
ECMO ប្រើប្រាស់ប្រព័ន្ធដំណើរការមួយនៅខាងក្រៅរាងកាយ ដើម្បីនាំខ្យល់ចេញ-ចូល ក្នុងបំណងជួយរក្សាមុខងារសំខាន់របស់រាងកាយ។ វិធីនេះដូចទៅនឹងវិធីសាស្ត្រដែលវេជ្ជបណ្ឌិតប្រើប្រាស់ក្នុងពេលវះកាត់អ្នកជំងឺហើបសន្ទះបេះដូង(បេះដូងប្រហោង) ដែលជាវិធីមួយមានលក្ខណៈទំនើបបំផុតនាបច្ចុប្បន្ន។ វិធីសាស្ត្រនេះក៏ត្រូវបានអង្គការសុខភាពពិភពលោកណែនាំឱ្យប្រើជាបណ្ដោះអាសន្ន សម្រាប់ជួយដល់អ្នកជំងឺ COVID-19 ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
ម៉ាស៊ីន ECMO មានតម្លៃប្រហែល 120,000ដុល្លារអាមេរិក។ ECMO មានមុខងារជួយបូមឈាមរបស់អ្នកជំងឹចេញមកខាងក្រៅរាងកាយ ហើយរត់ចូលសួតសិប្បនិម្មិត។ ECMO នឹងចម្រាញ់ចោលកាបូនឌីអុកស៊ីត និងកម្ដៅឈាមឡើងវិញ មុនពេលបូមត្រឡប់ចូលទៅក្នុងរាងកាយអ្នកជំងឹ។ បំពង់បូមឈាមមួយត្រូវបានភ្ជាប់ទៅនឹងសរសៃឈាមវ៉ែននៅត្រង់ក ហើយបំពង់បូមឈាមនេះក៏តភ្ជាប់ទៅនឹងម៉ាស៊ីន ECMO។
ដើម្បីចៀសវាងបញ្ហាឈាមកក ពេលកំពុងបូមចេញពីរាងកាយ វេជ្ជបណ្ឌិតនឹងប្រើប្រាស់ថ្នាំ heparin ដែលជួយឱ្យឈាមមានសភាពរាវ។
ការប្រើម៉ាស៊ីន ECMO មិនមែនជាវិធីសាស្ត្រព្យាបាលពិតប្រាកដនោះទេ។ វាមានតួនាទីសង្គ្រោះបន្ទាន់ ជួយដល់ដណើរការរបស់សួត និងសមស្របជាមួយអ្នកជំងឺភាគតិចតែប៉ុណ្ណោះ៕
ប្រភព៖ Telegraph