មហាសេដ្ឋី​ Bloomberg នឹង​លក់​ក្រុម​ហ៊ុន​របស់​ខ្លួន​ បើ​សិន​ជាឈ្នះ​ក្នុងការ​បោះ​ឆ្នោត​នៅ​ចុង​ឆ្នាំ​នេះ

សហរដ្ឋ​អាមេរិក​៖ ​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ និង​ទិន្ន​ន័យ​ហិរញ្ញ​វត្ថុ​ Bloomberg LP ដែល​ត្រូវ​បានបង្កើត​ឡើង​ដោយ​​មហាសេដ្ឋី Michael Bloombeerg និង​សហ​ស្ថាបនិក​របស់​គាត់​ពី​​40ឆ្នាំ​មុន ពេល​នេះ​អាច​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​60ពាន់​លាន​ដុល្លារ​អាមេរិក​។

Tim O’Brien ដែល​ជា​ទី​ប្រឹក្សា​ផ្នែក​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​​របស់​មហាសេដ្ឋី Michael Bloomberg បាន​និយាយ​ប្រាប់​ទូរទស្សន៍​ CNN កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ អតីត​អភិបាល​ក្រុង​ New York លោក Michael Bloomberg មាន​បំណង​លក់​ក្រុម​ហ៊ុន​របស់​គាត់​។ បើ​សិនជា​យក​ឈ្នះលើ​លោក​ Trump នៅ​ខែ​វិច្ឆិកា​ខាង​មុខ លោក​ Bloomberg នឹង​​ផ្ទេរ​ក្រុម​ហ៊ុន Bloomberg LP នេះ ទៅ​ឱ្យ​ក្រុម​ហ៊ុន​ផ្សេង​មួយ​ទៀត​ ហើយជំហាន​បន្ទាប់​គឺ​លក់​វា​ចោល​តែ​ម្ដង​។ អ្នក​ស្រី​ Galia Slayen ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រុម​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​​ក៏​បាន​ទទួល​ស្គាល់​អំពី​ដំណឹង​នេះ​។

ទស្សនាវដ្ដី​ Forbes បាន​ចេញ​ផ្សាយ​ថា ទ្រព្យ​សកម្ម​សុទ្ធ​របស់​មហាសេដ្ឋី​ Bloomberg មាន​ប្រហែល​54ពាន់​លាន​ដុល្លារ​អាមេរិក​។

មហាសេដ្ឋី​អាមេរិកាំង លោក Bloomberg កាន់​កាប់​ជិត​90%​ នៃ​ភាគ​ហ៊ុន​ក្នុង​​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ និង​ទិន្ន​ន័យ​ Bloomberg LP ដែល​មាន​គាត់​ជា​សហ​ស្ថាបនិក​ កាល​ពី​ឆ្នាំ​1981។ យោង​តាម​ Burton-Taylor International Consulting ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ និង​តាម​ដាន​ទៅ​លើ​បណ្ដា​ក្រុម​ហ៊ុនគ្រប់​គ្រង​​ទិន្ន​ន័យ​ហិរញ្ញវត្ថុ បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ Bloomberg LP រក​បាន​ប្រាក់​ចំណូល​ប្រមាណ​ជា​10,5​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​2019 គឺ​កើន​ឡើង​5,7% បើ​ធៀប​នឹង​ឆ្នាំ​2018។

ក្រុម​ហ៊ុន Bloomberg LP ផ្គត់​ផ្គង់​ព័ត៌មាន​ និង​ទិន្ន​ន័យ​ទៅ​ឱ្យ​អតិថិ​ជន​ប្រមាណ​ជា​ 325,000នាកក់ ដោយ​ក្នុង​អតិថិ​ជន​ម្នាក់​ត្រូវ​បង់​ប្រាក់​​ចំនួន​24,000​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។ ស្ថាប័ន​ព័ត៌មាន​ Bloomberg News រក​បាន​ប្រាក់​ចំណូល​ប្រហែល​3%​ប៉ុណ្ណោះ​ បើ​ធៀប​នឹង​ប្រាក់​ចំណូល​សរុប​របស់​ក្រុម​ហ៊ុន​ ប៉ុន្តែ ស្ថាប័ន​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ចំណាយ​ច្រើន​ក្នុង​យុទ្ធ​នាការ​ឃោស​នា​រក​សំឡេង​ឆ្នោត​របស់​ថៅ​កែ​ខ្លួន​។ នេះ​បើ​តាម​​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ Wall Street Journal។

យោង​ទៅ​លើ​ឯកសារ​ស្ដី​អំពី​ការ​ទិញ​ដូររបស់​​ក្រុម​ហ៊ុន Thomson-Reuters ដែល​លក់​ក្រុម​ហ៊ុនគ្រប់​គ្រង​ទិន្នន័យ​ ឈ្មោះ​Refinitiv Holdings ទៅ​ឱ្យ​ក្រុម​ហ៊ុន​ London Stock Exchange Group កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​ទៅ​ក្នុង​តម្លៃ​27​ពាន់​លាន​ដុល្លារ​អាមេរិក Burton-Taylor International Consulting ជឿ​ថា ក្រុម​ហ៊ុន Bloomberg LP អាច​លក់​បាន​ក្នុង​តម្លៃ​រហូត​ដល់​60​ពាន់​លាន​ដុល្លារ​អាមេរិក​។

មហាសេដ្ឋី Bloomberg ឆ្នាំ​នេះ​ មាន​អាយុ​78ឆ្នាំ​។ យោង​តាម​ CMAG/Kantar មហាសេដ្ឋី​រូប​នេះ បាន​ចំណាយ​ប្រាក់​ជាង​385​លាន​ដុល្លារ​​ទៅ​​លើ​ទូរទស្សន៍ វិទ្យុ​ និង​បណ្ដាញ​សារ​ព័ត៌មាន​នានា នៅ​ក្នុង​យុទ្ធ​នាការ​ឃោសនា​​រក​សំឡេង​ឆ្នោត​របស់​ខ្លួន​។ លទ្ធ​ផល​នៃ​ការ​ស្ទង់​មតិ​ ចាប់​ពី​ថ្ងៃទី14 ដល់​ថ្ងៃទី​17​កុម្ភៈ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ NBC និង​ Wall Street Journal បាន​បង្ហាញ​ថា លោក Bloomberg កំពុង​ឈរ​លំដាប់​លេខ​រៀង​ទី​3 ក្នុង​ចំណោម​បេក្ខ​​ជន​​ប្រធានា​ធិបតី​មក​ពី​បក្ស​ប្រជាធិបតេយ្យ​ បើ​គិត​អំពី​​ចំនួន​នៃ​អ្នក​គាំទ្រ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Leave a Comment