ដូចមហាជនអ្នកគាំទ្របានដឹងហើយថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា និងអ្នកនិពន្ធលោក លី ស៊ីនហួន បានកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ។ យ៉ាងណាមិញ ស្របពេលដែលអ្នកគាំទ្រមានក្ដីព្រួយបារម្ភ និងបួងសួងឱ្យតារាចម្រៀងក្នុងដួងចិត្តរបស់ពួកគេឆាប់ជាសះស្បើយពីជំងឺកាចមួយនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្មី ដែលជាការបកស្រាយរបស់លោក ណុប បាយ៉ារិទ្ធ និងអ្នកនាង សុគន្ធ និសា ដើម្បីបន្ធូរអារម្មណ៍ទន្ទឹងចាំអ្នកគាំទ្រ។
![](https://i0.wp.com/www.lareine.com.kh/wp-content/uploads/2021/03/152755041_3808837949181272_6114771480816143986_n.jpg?resize=696%2C926&ssl=1)
![](https://i0.wp.com/www.lareine.com.kh/wp-content/uploads/2021/03/159013564_2904335919884954_3896907528829721038_o.jpg?resize=526%2C789&ssl=1)
បទចម្រៀងថ្មីនេះមានចំណងជើងថា «កេះបាស់ កេះបាស់» ដែលជាការនិពន្ធទំនុកច្រៀងដោយលោក លី ស៊ីនហួន អ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស។ បទចម្រៀងនេះដែរ ត្រូវបានគេដឹងថា ជាបទថ្មីដែលត្រៀមអបអរកម្សាន្ដរាំលេងសប្បាយនាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលបានខិតជិតចូលមកដល់ហើយ។ ចង្វាក់ភ្លេងបទថ្មី រៀងរន្ថើនតាមបែបចង្វាក់រាំវង់ ដែលជាការនិពន្ធបទភ្លេងដោយលោក ចក់។
ទោះជាយ៉ាងណាមិញ គេក៏បានឃើញអ្នកគាំទ្រជាច្រើន បាន Comment ជូនពរ លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា ក៏រួមជាមួយលោក លី ស៊ីនហួន ឱ្យឆាប់បានជាសះស្បើយពីជំងឺ ហើយឆាប់បានត្រឡប់មកវិញ។ ក្ដីបារម្ភរបស់អ្នកគាំទ្រពិតជាបង្ហាញចេញពីចិត្ត និងស្ដែងឱ្យឃើញថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកគាំទ្រនៅតែផ្ដល់កម្លាំងចិត្តដល់សិល្បករជានិច្ច។
![](https://i0.wp.com/www.lareine.com.kh/wp-content/uploads/2021/03/139654842_3865514060173059_2170194350112616542_o.jpg?resize=696%2C522&ssl=1)
តោះមករីករាយស្ដាប់កម្សាន្ដបទថ្មី «កេះបាស់ កេះបាស់» ជាការបកស្រាយរបស់លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា មាននៅក្នុងផលិតកម្មហង្សមាស និងរស្មីហង្សមាស៕