ផាណា ម៉ុច ៖ ចំណូលខ្ញុំបានមកពីញើសឈាមសុទ្ធសាធ មិនមែនលេងផ្លូវកាត់ទេ

មួយរយៈចុងក្រោយនេះតារាសិល្បៈពហុជំនាញកញ្ញា ផាណា ម៉ុច ហាក់មានយីអ៊ុនឡើងខ្លាំងបើធៀបទៅនឹងឆ្នាំចាស់ ដោយគេអាចមើលឃើញបានតាមរយៈឱកាសនៃការសម្ដែងភាពយន្ដ និងការច្រៀងតាមការប្រគំតន្រ្ដីជាច្រើន។

ថ្លែងនៅក្នុងឱកាសថ្ងៃខួបកំណើតគម្រប់អាយុ24ឆ្នាំ កញ្ញា ផាណា ម៉ុច បញ្ជាក់ប្រាប់ថា ទោះបី ជានាងមិនមែនជាតារាចម្រៀងមានប្រជាប្រិយភាព និងមានកេរ្ដិ៍ឈ្មោះបោះសំឡេងដូចតារាលំដាប់ជួរមុខក៏ដោយ ក៏នាងអាចមានលទ្ធភាពរកប្រាក់ចំណូលបានច្រើនគួរសមដែរ។ នាងបន្ដថា ចូលមកដល់ឆ្នាំ2017 នាងមានយីអ៊ុនខ្ពស់ ដោយសារទទួលបានការងារច្រើន មានទាំងការងារសម្ដែង ពិសេសការប្រគំតន្រ្ដីនៅតាមបណ្ដាខេត្ដជាច្រើនដែលជាប្រភពចំណូលមួយដ៏ធំ។

កញ្ញា ផាណា ម៉ុច ទទួលស្គាល់ថា បច្ចុប្បន្នការងារសិល្បៈនាងមិនទាន់ទទួលបានភាពជោគជ័យទាំងស្រុងទេ ប៉ុន្ដែនាងសប្បាយចិត្ដចំពោះអ្វីដែលកំពុងតែមាន។ នាងបន្ថែមថា៖ «ចូលសិល្បៈដំបូង ខ្ញុំពុំដែលរំពឹងថា អាជីពនេះអាចរកប្រាក់ចំណូលបានច្រើនទេ ផ្ទុយទៅវិញក្រោយពីការខំប្រឹងប្រែងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខ្ញុំអាចរកប្រាក់សម្រាប់គ្រប់គ្រងលើការចំណាយផ្ទាល់ខ្លួនបានស្រួលហើយ និងអាចយកមកផ្គត់ផ្គង់ដល់គ្រួសារបានផងដែរ»។

បើទោះជាពិធីខួបកំណើតរបស់កញ្ញា ផាណា ម៉ុច បានរៀបចំនៅផ្ទះមានទ្រង់ទ្រាយតូចល្មមក៏ដោយ ប៉ុន្ដែក៏គេសង្កេតឃើញមានការចូលរួមពីសំណាក់តារាសិល្បៈជាច្រើនរូបដែរ។ ពិធីនេះត្រូវបានគេដឹងថា នាងធ្វើឡើងដើម្បីអបអរជាមួយនឹងភាពរីកចម្រើននៅក្នុងអាជីពសិល្បៈរបស់ខ្លួន ក៏ដូចជាសុំសិរីសួស្ដីដើម្បីបន្ដការងារទាំងនេះទៅអនាគតផងដែរ។


តារាសម្ដែងរូបនេះលើកឡើងថា៖ «មនុស្សយើងពិតជាមានមហិច្ឆតាមែន នៅពេលខ្លួនមិនទាន់មានសោះ ប្រាថ្នាចង់បានអ្វីមួយត្រឹមតិចតួចប៉ុណ្ណោះ លុះពេលមានអ្វីដែលខ្លួនធ្លាប់ចង់បានហើយ កាន់តែចង់បានបន្ថែមទៀត។ ដូច្នេះទោះបីជាបច្ចុប្បន្នខ្ញុំអាចរកប្រាក់ចំណូលបានច្រើនក៏ពិតមែន ប៉ុន្ដែខ្ញុំនៅតែបន្ដការប្រឹងប្រែងធ្វើការងារឱ្យកាន់តែទទួលបានភាពជោគជ័យបន្ថែមទៀត»។

ទន្ទឹមនឹងការរកប្រាក់ចំណូលបានច្រើនជាមួយនឹងការបង្ហាញភាពហ៊ឺហា ក៏មានអ្នកធ្លាប់លើកឡើងដែរថា នាងប្រហែលជាលេងផ្លូវកាត់ជាមិនខាន ទើបជីវភាពឆាប់ធូរធារយ៉ាងនេះ។ ទោះយ៉ាងណា ផាណា ម៉ុច បានប្រាប់ថា៖ « ខ្ញុំចូលប្រឡូកក្នុងអាជីពសិល្បៈមិនដែលមានបំណងទៅពាក់ព័ន្ធនឹងរឿងមានគេចិញ្ចឹម ឬមិនចិញ្ចឹមនោះទេ គឺខ្ញុំប្រឹងប្រែងដោយសមត្ថភាពខ្លួនឯង ដូច្នេះអ្វីដែលខ្ញុំមានសព្វថ្ងៃនេះ គឺកើតចេញពីញើសឈាម និងការខំប្រឹងប្រែងរបស់ខ្ញុំសុទ្ធសាធ មិនមែនខ្ញុំលេងផ្លូវកាត់ដូចគេលើកឡើងនោះឡើយ»។ គួរបញ្ជាក់ថា បច្ចុប្បន្នកញ្ញា ផាណា ម៉ុច អាចរកប្រាក់ចំណូលពីការងារសិល្បៈ បូករួមនឹងជំនួញបន្ដិចបន្ដួចនៅខាងក្រៅផងនោះ នាងអាចទទួលបានប្រាក់ជាមធ្យមរង្វង់3ពាន់ដុល្លារក្នុងមួយខែ៕

Advertisement