លឹម ជាឡាយ ចេញសារប្រកាស ដាច់់ខាតមិនសម្ដែងជាមួយតួណាមានចរិតកូរ

ពិតជាបង្កភាពភ្ញាក់ផ្អើលខ្លាំងមែន នៅពេលដែលតារាសម្ដែង និងខាងផលិតកម្ម LD បានចេញសេចក្ដីប្រកាសរបស់ខ្លួន ដោយសារតែតារាសម្ដែងនៅក្នុងរឿង «គូសេ្នហ៍បម្រុង» ដែលកំពុងដំណើរការថត និងគ្រោងចាក់បញ្ចាំងនៅលើកញ្ចក់ស្ថានីយទូរទស្សន៍ CTN និងដែលមិនត្រូវបានបញ្ចេញឈ្មោះចំៗនោះ បានបោកគ្រាប់បែករត់បាត់ មិនព្រមចូលខ្លួនមកសម្ដែងតាមពេលវេលាកំណត់របស់ខាងផលិតកម្ម។

លោក លឹម ជាឡាយ ដែលជាតួសម្ដែងឯកប្រុសនៅក្នុងរឿងខាងលើនេះ បានចេញសារនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួននៅពេលថ្មីៗពាក់ព័ន្ធជាមួយបញ្ហានេះថា «ខ្ញុំបាទ លឹម ជាទ្បាយ ដែលមានឱកាសបានសម្តែងក្នុងរឿង គូសេ្នហ៍បម្រុង ដែលនឹងចាក់នៅ CTN TV ក្នុងពេលឆាប់ៗនេះ។ រូបខ្ញុំបាទមានមតិយោបល់ខ្លះៗ សម្រាប់តួមួយចំនួនតូចដែលមិនគោរពការងារ មិនមានការទទួលខុសត្រូវលើការងារខ្លួនឯង លទ្ធផលទៅថៃ្ងក្រោយនឹងបាត់បង់អី្វៗគ្រប់យ៉ាង និងមនុស្សជុំវិញខ្លួនទៀតផង»។ លោកបានបន្ដរៀបរាប់ប្រាប់ដល់មហាជនអ្នកគាំទ្ររូបលោកទៀតថា  កិត្តិយស សំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ បើសិនជាអ្នកធ្វើបែបនេះ តើកិត្តិយសរបស់អ្នកទុកនៅឯណា…។ លោកថា ក្នុងនាមលោកជាសិល្បករម្នាក់ លោកសូមមិនបញ្ចេញឈ្មោះតួដែលមានបញ្ហានោះនៅពេលនេះទេ តែថា បើដឹងខ្លួន សូមចូលខ្លួនមកដោះស្រាយបញ្ហាទាំងអស់ឱ្យចប់សព្វគ្រប់សិនទៅ…មិនដូច្នោះទេ លោកនឹងបង្ហាញឈ្មោះតួម្នាក់នោះនៅពេលក្រោយ។

គួរបញ្ជាក់ផងដែរថា លោក លឹម ជាឡាយ ជាតារាសម្ដែងម្នាក់មានប្រជាប្រិយភាពខ្លាំងសម្រាប់ទស្សនិកជនមិត្តៗយុវវ័យ តាមរយៈការសម្ដែងរឿងភាគជាច្រើនឱ្យស្ថានីយទូរទស្សន៍ធំៗក្នុងស្រុក និងធ្លាប់បានសម្ដែងភាពយន្តខ្នាតធំជាច្រើនរឿងទៀត ដែលភាគច្រើនលោកសម្ដែងជាតួឯកតែម្ដង។ លោកបានប្រកាសក្ដែងៗទៀតថា «ខ្ញុំបាទ លឹម ជាឡាយ LCL មិនចង់ថតជាមួយតួណាដែលកូរគេអ៊ីចឹងទេ វាហត់ណាស់ កុំប្រើពាក្យថា មិនចង់អី គឺអត់ម៉ង…ប្រកាសទុកមុន មិនចូលចិត្តទេ ធ្វើអ៊ីចឹងបានអីមកវិញ» បានសេចក្ដីថា លោកនឹងមិនសម្ដែងជាមួយតួអង្គចរិតកូរក្រុមកាងារបែបនេះទៀតទេ សំខាន់លោកជាមនុស្សគោរពពេលវេលា៕

Advertisement