Tom Cruise មិន​ប្រើប្រាស់​កម្មវិធី​ធ្វើ​រូបភាព​ឱ្យ​ក្មេង​ជាង​វ័យ​ក្នុង​រឿង «Mission: Impossible 7»

អ្នកដឹកនាំ​រឿង «Mission: Impossible 7» និយាយថា មិន​ប្រើប្រាស់​កម្មវិធី​បំប្លែង​រូបភាព Tom Cruise ឱ្យ​ក្មេង​ជាង​វ័យ ដោយ​យល់ថា បច្ចេកវិទ្យា​មិនអាច​ជួយ​ដល់​ភាពយន្ត​នៅក្នុង​បញ្ហា​នេះ។

នៅលើ​ទំព័រ GamesRadar+ និង Total Film កាលពី​ថ្ងៃទី 12 កក្កដា Christopher McQuarrie ដែលជា​អ្នក​ដឹក​រឿង Mission: Impossible – Dead Reckoning Part One («Mission: Impossible 7») បានឱ្យដឹងថា ដំបូង​ឡើយ ក្រុមការងារ​ប្រុង​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​សម្រាប់​ទិដ្ឋភាព​បើកឆាក ដែលជា​ឈុត​ឆាក​រម្លឹក​អំពី​តួអង្គ​សំខាន់ Ethan Hunt (សម្ដែង​ដោយ Tom Cruise) កាលពី​ឆ្នាំ 1989។

ក្រោយពី​បាន​ពិចារណា McQuarrie យល់ថា លោក​មិន​ចូលចិត្ត​ការប្រើប្រាស់​បច្ចេក​វិទ្យា​កុំព្យូទ័រ​ដើម្បី​ធ្វើឱ្យ Tom Cruise ដែលមាន​វ័យ 61 ឆ្នាំ ប្រែជា​កំលោះភ្លាមៗនៅ​លើអេក្រង់។ អ្នកដឹកនាំ​រឿង​រូបនេះ​និយាយថា ប្រការនេះ​ធ្វើឱ្យ​លោក​បាត់បង់​ការផ្ដោត​អារម្មណ៍​សម្រាប់​ខ្លឹមសារ​សំខាន់​របស់​ភាព​យន្ត និង​យល់ថា មិនទាន់​ចាំបាច់។

បច្ចុប្បន្ន វគ្គ 7 របស់​យីហោ «Mission: Impossible» កំពុង​តែមាន​ស្ថាន​ភាពល្អ​នៅឯ​បញ្ជរ​លក់​សំបុត្រ​នៅ​រោងកុន។ Variety អះអាងថា ភាពយន្ត​របស់ Tom Cruise អាច​រកចំណូលបាន​យ៉ាងតិច 60 ដុល្លារ​អាម៉េរិក​នៅក្នុង 5 ថ្ងៃ​ដំបូង​នៃ​ការចាប់​បញ្ចាំង ហើយ​អាច​ក្លាយជា​វគ្គ​ដែល​រកចំណូលបាន​ច្រើនជាងគេ​របស់ «Mission: Impossible»។

បច្ចុប្បន្ន ក្រុមការងារ​កំពុងតែ​ផលិត​វគ្គ 8 ដែលមាន​ឈ្មោះថា «Dead Reckoning Part Two» ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​ក្នុង​​រោងកុន​នៅ​ឆ្នាំក្រោយ។ ចំណែក Tom Cruise វិញ ក៏​កំពុង​ត្រៀមខ្លួន​សម្រាប់​គម្រោង​​ភាពយន្ត​ដែល​ត្រូវ​ថត​នៅ​ទី​អវកាស របស់​អ្នកដឹកនាំ​រឿង Doug Liman៕

Advertisement