វគ្គ​បន្តបន្ទាប់​របស់​ខ្សែភាពយន្ត «Avatar» ត្រូវបាន​ពន្យារពេល​ចាក់​បញ្ចាំង

ក្រុមហ៊ុន Disney បានប្រកាសថា វគ្គ​ចុងក្រោយ​របស់​ខ្សែភាពយន្ត «Avatar» នឹង​ត្រូវបាន​បញ្ចាំង​នៅ​រោងកុន​ក្នុង​ឆ្នាំ 2031។

យោងតាម​ប្រភពព័ត៌មាន​ពី Variety ក្រុមហ៊ុន​ផលិតភាព​យន្ត Disney បានសម្រេច​ចិត្ត​ពន្យារពេល​ចាក់​បញ្ចាំង​វគ្គ​បន្តបន្ទាប់​របស់​ខ្សែភាពយន្ត​ល្បីឈ្មោះ Avatar។ ក្នុងនោះ វគ្គ 3 របស់ Avatar គ្រោង​នឹង​បញ្ចាំង​នៅ​រោងកុន​ចាប់ពី​ថ្ងៃទី 19 ធ្នូ 2025, វគ្គ 4 នៅ​ថ្ងៃទី 21 ធ្នូ 2028 និង​វគ្គ 5 ដែលជា​វគ្គ​ចុងក្រោយ​នឹង​ចាប់​​បញ្ចាំង​ពី​​ថ្ងៃទី 29 ធ្នូ 2031។

ផលិតករ​ភាពយន្ត Jon Landau ​ឱ្យដឹងថា «គ្រប់​វគ្គ​របស់​ភាពយ​ន្ត Avatar គឺ​សុទ្ធតែជា​ការងារ​ដ៏​អស្ចារ្យ និង​ត្រូវការ​ពេលវេលា​ដើម្បី​ឈានដល់​គ​ម្រិ​ត​គុណភាព​នោះ។ ក្រុមការងារ​ទាំងអស់​កំពុងតែធ្វើការ​យ៉ាង​ញាប់ដៃ​ញាប់ជើង​ដើម្បី​នាំ​ទស្សនិកជន​ត្រលប់​មកកាន់​ពិភព Pandora នៅ​ខែធ្នូ ឆ្នាំ 2025 ខាងមុខ»។

ក្រោយ​ការប្រកាស​ខាងលើ អ្នកគាំទ្រ​មួយចំនួន​បាន​សម្ដែង​ការខកចិត្ត​នៅពេល​ត្រូវ​បន្ត​រង់ចាំ​​ភាពយន្ត​​របស់​អ្នកដឹកនាំ​រឿង James Cameron។ បច្ចុប្បន្ន ទាំង Avatar និង Avatar: The Way of Water គឺជា​ពីរ​ក្នុងចំណោម​ភាពយន្ត​បី​រឿង​ដែល​រកបាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ​នៅ​គ្រប់​សម័យកាល។ ដូច្នេះ ការរំពឹង​របស់​ទស្ស​និក​ជន​គឺមាន​ខ្ពស់​ខ្លាំង​សម្រាប់​វគ្គ 3 របស់ Avatar។

Advertisement