ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» បន្ត​រកបាន​ប្រាក់ចំណូល​លើសពី​ការរំពឹងទុក

ការថយចុះ​នៃ​ប្រាក់ចំណូល​បាន​ពី​ការលក់​សំបុត្រ​កាលពី​ចុង​សប្ដាហ៍​ទី​ពីរ របស់​ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» (ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី) ស្ថិតក្នុង​កម្រិត​ល្អ​ជាង បើ​ធៀប​នឹង​រាល់​ភាពយន្ត​របស់​Marvel រាប់​ចាប់ពី​ឆ្នាំ 2018។

នៅពេល​ដំណើរ​ផ្សងព្រេង​ទី​បី ហើយក៏​ជា​លើកចុងក្រោយ​របស់​អ្នក​ដឹក​រឿង James Gunn ជាមួយនឹង Star-Lord, Gamora, Rocket Raccoon រួម​នឹង​អ្នកដទៃ ត្រូវបាន​ចាប់​បញ្ចាំង​កាលពី​ចុង​សប្ដាហ៍​កន្លង «ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី» រកចំណូលបាន 118.4 លាន​ដុល្លារ​អាម៉េរិក​ក្នុង​រយៈពេល​បី​ថ្ងៃ​​ដំបូង​ នៅ​អាម៉េរិក​ខាងជើង និង 289 លាន​ដុល្លារ​នៅ​ទូទាំង​សកលលោក។

នោះ​គឺជា​តួលេខ​មួយ​ដែល​មិន​អន់​ប៉ុន្មាន​ឡើយ ប៉ុន្តែ​នៅ​ទាប​ជាង​ធៀប​នឹង 146.5 លាន​ដុល្លារ​របស់ «Guardians of the Galaxy Vol. 2» កាលពី​ឆ្នាំ 2017 ហើយ​អាចធ្វើឱ្យ​ផលិតករ​ភាពយន្ត Disney/Marvel ព្រួយបារម្ភ។ ក៏ប៉ុន្តែ ពេលនេះ​ពួកគេ​អាច​ធូរស្រាល​ក្នុង​ចិត្ត​ នៅពេល​ដឹងថា «Guardians of the Galaxy Vol. 3»កំពុងតែ​បញ្ជាក់ថា អាច​រកបាន​ប្រាក់ចំណូលក្នុង​កម្រិត​ល្អ​សម្រាប់​រយៈ​ពេល​​យូរអង្វែង​ នៅ​ពេល​បន្ត​នាំមុខគេ​នៅ​សប្ដាហ៍​ទី​ពីរ ដោយមាន​អត្រា​ធ្លាក់ចុះ​កម្រិត​ទាប​ជាង​គេ។

ជាក់ស្ដែង គិត​មកដល់​បច្ចុប្បន្ន «Guardians of the Galaxy Vol. 3» រកចំណូលបាន 216.6 លាន​ដុល្លារ​អាម៉េរិក​នៅ​ទីផ្សារ​អាម៉េរិក​ខាងជើង និង 530.9 លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក។ តួលេខ​នេះ​ក៏​មានន័យថា «Guardians of the Galaxy Vol. 3» បាន​យកឈ្នះ​លើ​ភាពយន្ត Marvel រឿង “Ant-Man and the Wasp: Quantumania” (ដែល​រកបាន 475.8 លាន​ដុល្លារ​ពី​រាល់​ការ​បញ្ចាំង​នៅ​រោងកុន ចាប់​តាំង​ពី​ដើម​ឆ្នាំនេះ) ក្រោយពី​បញ្ចាំង​ជា​ផ្លូវការ​បាន​ជាង​មួយ​សប្ដាហ៍។

«ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី» គឺជា​ខ្សែភាពយន្ត​ស្ដីពី​កំពូល​អ្នកក្លាហាន​អាម៉េរិក ដែល​ផលិត​ឡើង​ទៅ​​តាម​សាច់​រឿង​ «ក្រុម​កំពូល​អ្នកក្លាហាន​ការពារ​កាឡាក់ស៊ី​មី​ល​គី​វ៉េ» របស់ Marvel Comics។ «Guardians of the Galaxy Vol. 3» ​ត្រូវបាន​ផលិត​ដោយ Marvel Studios និង​ចាក់​បញ្ចាំង​ដោយ Walt Disney Studios Motion Pictures។ នៅក្នុង​វគ្គ​បី​នេះ ក្រុម​ពិសេស​ដែល​យើង​ធ្លាប់បាន​ស្គាល់ មានការ​ផ្លាស់ប្ដូរ​មួយចំនួន។ Peter Quill នៅតែមាន​ការឈឺចាប់​ព្រោះតែ​បាត់បង់ Gamora ប៉ុន្តែ​នៅតែ​បំពេញកាតព្វកិច្ច​​ជា​អ្នកប្រមូល​កម្លាំង​របស់​​​ក្រុម​ដើម្បី​ការពារ​ចក្រវាល​ទាំងមូល។ ពួកគេ​ត្រូវ​រ៉ាប់រង​ភារកិច្ច​ដ៏​លំបាក ហើយ​បើសិនជា​បរាជ័យ បេសកកម្ម​របស់​ពួកគេ​អាច​នឹងត្រូវ​បានបញ្ចប់៕

Advertisement