ឈុតខ្លីៗ សំខាន់ៗ (trailer) របស់ខ្សែភាពយន្ត «Fast X» បង្ហើបឱ្យដឹងថា ក្រុម Dom Toretto (សម្ដែងដោយ Vin Diesel) គឺជាគោលដៅនៃការសងសឹកដែលដឹកនាំដោយ Dante Reyes (សម្ដែងដោយ Jason Momoa)។
វីដេអូដែលបានចុះផ្សាយកាលពីថ្ងៃទី 20 មេសា បើកឆាកដោយទិដ្ឋភាពនៃការដេញតាមនៅលើដងផ្លូវក្នុងទីក្រុងរបស់ក្រុម Dom រួមជាមួយនឹងការបង្ហាញខ្លួនជាថ្មីរបស់ Han (សម្ដែងដោយ Sung Kang) ក្បែររថយន្តពណ៌ទឹកក្រូច។ Dante បង្ហាញខ្លួន និងបង្ហាញឱ្យឃើញផែនការបំផ្ទុះគ្រាប់បែកសំដៅលើទីក្រុង Vatican។ ប៉ុន្តែ Dom បានប្រើប្រាស់រថយន្តរុញច្រានគ្រាប់បែកចូលទៅក្នុងទឹកទន្លេ មុនពេលវាផ្ទុះ។
ក្រោយការប៉ះទង្គិចគ្នា Dante បានគំរាមថានឹងកម្ទេចគ្រួសាររបស់ Dom។ តួអង្គដែលជាកូនប្រុសរបស់ Hernan Reyes ធ្លាប់បង្ហាញខ្លួនក្នុង Fast Five (2011) និងបានស្លាប់នៅក្នុងករណីប្លន់ធនាគារមួយដែលប្រព្រឹត្តដោយក្រុម Dom។ លើកនេះ Dante ប្រមូលសម្ព័ន្ធមិត្តបានច្រើន និងរៀបផែនការសម្លាប់កូនប្រុសអាយុ 8 ឆ្នាំ Brian របស់តួអង្គឯក។
វីដេអូនេះក៏បង្ហើបឱ្យដឹងអំពីការរួមដៃគ្នារវាងគូសត្រូវ Han និង Shaw។ ពួកគេទុកបញ្ហាផ្ទាល់ខ្លួនមួយឡែកដើម្បីជួយ Dom ទប់ទល់នឹងសត្រូវដ៏គ្រោះថ្នាក់។ Jakob Toretto (John Cena) ដែលជាតួអង្គអាក្រក់ក្នុងវគ្គមុន ពេលនេះបានក្លាយជាសម្ព័ន្ធមិត្តរបស់ក្រុមទាំងមូល។ គាត់បង្ហាញខ្លួនក្នុង trailer នៅពេលព្យាយាមការពារក្មួយប្រុស Brian ពីការដេញតាមរបស់សត្រូវ។
Trailer របស់ខ្សែភាពយន្ត «Fast X»
អ្នកដឹកនាំរឿង Fast X ដែលជាផលិតករភាពយន្តជនជាតិបារាំង Louis Leterrier បានប្ដូរផ្លាស់ Justin Lin បន្ទាប់ពីវគ្គដំបូង។ គាត់ត្រូវបានគេស្គាល់ច្រើនតាមរយៈកំពូលភាពយន្តមួយចំនួន មានដូចជា The Transporter, The Incredible Huk និង Now You See Me ។ល។
«Fast & Furious» បានក្លាយជាខ្សែភាពយន្តល្បីដែលរកចំណូលបានច្រើនជាងគេនៅ Hollywood នាបច្ចុប្បន្នដោយមិនពឹងផ្អែកលើរឿងនិពន្ធដែលមានស្រាប់។ បច្ចុប្បន្ន ខ្សែភាពយន្តទាំងនេះរកប្រាក់ចំណូលបានជាង 6 ពាន់លានដុល្លារអាម៉េរិក។ តាមគម្រោង យីហោខ្សែភាពយន្ត «Fast & Furious» នេះ នឹងត្រូវបញ្ចប់ត្រឹមវគ្គ 11៕