បទចម្រៀង​​ស៊ី​ហ្គេម​លើក​ទី 32 មាន​អ្នក​ចូល​ទស្សនាជាង 50 លាន​លើក

«Cambodian Pride» (ស្រលាញ់អ្វីដែលខ្មែរមាន) ជា​បទ​ចម្រៀង​ផ្លូវការ​របស់​ស៊ី​ហ្គេម​លើក​ទី 32 ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម YouTube ទាក់ទាញ​អ្នក​ចូល​ទស្សនា​បាន​រហូតដល់ជាង 50 លាន​លើក បន្ទាប់ពី​បង្ហោះ​បាន 10 ថ្ងៃ។

បទ​ចម្រៀង​ដែល​ត្រូវបាន​បង្ហោះ​លើ YouTube កាលពី​ថ្ងៃទី 10 មេសា ផលិត​ដោយ​​ផលិត​កម្ម Galaxy Navatra។ បទ​ចម្រៀង​នេះ​​មាន​នារី​រាំ​កំដរ​​ជិតមួយ​ពាន់​នាក់នៅ​ពី​ក្រោយ​​​កំពូល​តារាចម្រៀងបួន​ដួង គឺ ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេ​ម ,និង​កំពូល​តារាចម្រៀង​ស្រី កញ្ញា តន់ ចន្ទ​សី​ម៉ា។

គិត​មក​ដល់​ល្ងាច​ថ្ងៃទី 20 មេសា 2023 បទ​ចម្រៀង​ស៊ីហ្គេម​លើក​ទី 32 មាន​អ្នកចូល​ទស្សនា​ជាង 50,548,000 លើក​ និង​មាន​ការ​បញ្ចេញ​មតិ​ជិត 15,000 នាក់​។

បទចម្រៀង​ «Cambodian Pride» ត្រូវ​បាន​អ្នក​ខ្លះ​ចាត់​ទុក​ជា​បទ​ចម្រៀង​មរតក​ប្រវត្តិសាស្ត្រ​សម្រាប់ កម្ពុជា នៅ​ឆ្នាំ 2023។ នៅ​លើ​បណ្ដាញសង្គម ទស្សនិកជន​ជាច្រើន​សរសើរ​ថា បទ​ចម្រៀង​នេះ​ងាយស្រួល​ស្ដាប់ សប្បាយរីករាយ ហើយ​​អត្ថន័យ និង​ទិដ្ឋភាព​ពោរ​ពេញ​ដោយ​​លក្ខណៈ​វប្ប​ធ​ម៌​ខ្មែរ។

នៅក្នុង MV នេះ ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី 32 ក៏​បង្ហាញ​ទិដ្ឋភាព​មួយចំនួន​ស្ដីពី​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រួម​នឹង​អង្គ​វត្ត ស្ពាន​អ្នក​លឿង និង​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​ដូច​ជា​ម្ហូប​អាហារ​ពិសេស​របស់​កម្ពុជា​មួយចំនួន​ផ្សេងទៀត។ រូបភាព​នៃ​វិស័យ​មួយចំនួន ក្នុងនោះ​មាន​ទាំង​កីឡា​គុន​ខ្មែរ​ក៏ត្រូវ​បាន​លើក​យកមក​បង្ហាញ។

បទចម្រៀង​​ស៊ី​ហ្គេម​លើក​ទី 32 «Cambodian Pride»

ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី 05 ដល់ 17 ឧសភា 2023។ ពិធី​សម្ពោធ​បើក​ការប្រកួត​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 05 ឧសភា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ ស៊ី​ហ្គេម​លើក​នេះ​នឹងមាន 37 វិញ្ញាសា ក្នុងនោះ​មាន 36 វិញ្ញាសា​មាន​មេដាយ។ វិញ្ញាសា​បាល់ទាត់​នឹង​ប្រព្រឹត្តទៅ​មុនគេ ពោលគឺ​ចាប់ពី​ថ្ងៃទី 29 មេសា។

Advertisement