ភាពយន្ត​ស្ដីពី Mario រកប្រាក់​ចំណូលបាន​ជាង 500 លាន​ដុល្លារ ក្រោយ​ចាក់​បញ្ចាំង​រយៈ​ពេល​ខ្លី

កំពូល​ខ្សែភាពយន្ត​គំនូរ​ជីវ​ច​ល «The Super Mario Bros. Movie» ទទួលបាន​សមិទ្ធផល​ល្អ​នៅឯ​បញ្ជរ​លក់​សំបុត្រ នៅពេល​រកចំណូលបាន​ជាង 508.7 លាន​ដុល្លារ​អាម៉េរិក ក្រោយ​ការ​បញ្ចាំង​បាន​ជាង​មួយ​សប្ដាហ៍។

មុននេះ​ពីរ​ថ្ងៃ «The Super Mario Bros. Movie» រកប្រាក់​ចំណូល​បាន 260.3 លាន​ដុល្លារ​អាម៉េរិក​នៅ​អាម៉េរិក​ខាងជើង និង 248.4 លាន​ដុល្លារ​នៅតាម​បណ្ដា​ប្រទេស និង​ដែនដី​ផ្សេងទៀត។ សមិទ្ធផល​នេះ​បាន​ជួយ​ឱ្យ «Super Mario Bros. Movie» បំបែក​កំណត់ត្រា​ស្ដីពី​ខ្សែភាពយន្ត​​បំប្លែង​ពី​ហ្គេម​អេឡិចត្រូនិក​ដែល​រកបាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ​នៅ​គ្រប់​សម័យកាល ដោយបាន «ផ្ដួល» Warcraft (439 លាន​ដុល្លារ) ដែល​បង្កើតឡើង​កាលពី​ឆ្នាំ 2016។ ភាពយន្ត​នេះ​ក៏បាន​យកឈ្នះ​លើ «Ant-Man and the Wasp: Quantumania» ក្លាយជា​អ្នក​នាំមុខគេ​នៅ​បញ្ជរ​លក់​សំបុត្រ​នៅ​ទូទាំង​សកលលោក គិត​ចាប់ពី​ដើមឆ្នាំ​នេះ។

«Super Mario Bros. Movie» ត្រូវបាន​ផលិតឡើង​ដោយ​ផលិតកម្ម Nintendo សហការ​ជាមួយ Illumination និង Universal។ Shigeru Miyamoto ដែលជា​ស្ថាបនិក​របស់​បណ្ដា​ហ្គេម Super Mario Bros ក៏​ចូលរួម​ផលិតភាព​យន្ត​ខាងលើ។ ចំណែក Aaron Horvath និង Michael Jelenic ដែលជា​អ្នក​នៅ​ពីក្រោយ​ភាព​ជោ​ជ័យ​របស់ «Teen Titans Go!» គឺជា​អ្នក​ដឹក​រឿង។ «Super Mario Bros. Movie» ត្រូវបាន​និពន្ធ​ដោយ Matthew Fogel។

ខ្លឹមសារ​នៃ​សាច់រឿង «Super Mario Bros. Movie» និយាយ​ពី​បងប្អូន Mario និង Luigi ដែល​ជួបប្រទះ​ការលំបាក​នៅពេល​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​ជួសជុល​ទូ​យោ​ទឹក​នៅ Brooklyn (សហរដ្ឋ​អាម៉េរិក)។ ថ្ងៃមួយ ពេល​កំពុង​រក​វិធី​ជួសជុល​លូទឹក​ក្រោម​ដី​របស់​ទីក្រុង ពួកគេ​ក៏ត្រូវ​ស្រូប​ចូលទៅក្នុង​បំពង់​អាថ៌កំបាំង នាំទៅ​កាន់​ទឹកដី​ចម្លែក​មួយ។ Mario វង្វេង​ទៅដល់​រាជាណាចក្រ​ផ្សិត ជាទី​ដែល​គាត់​បាន​ជួប​មិត្ត​ថ្មី Toad និង​ព្រះ​នាង Peach។ ចំណែក Luigi ត្រូវ​នាំទៅដល់​តំបន់​ងងឹត ជា​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​ស្ដេច​បី​សាច​​អណ្ដើ​ត Bowser។ Mario ក៏​សហការ​ជាមួយ​ព្រះ​នាង Peach ដើម្បី​ស្វែងរក​វិធី​ប្រឆាំងនឹង​សត្រូវ និង​រំដោះ​ប្អូនប្រុស។

តួអង្គសំខាន់ៗរបស់រឿង «Super Mario Bros. Movie»

ភាពយន្ត​គំនូរ​ជី​វច​ល​នេះ​ប្រើប្រាស់​ទុន 100 លាន​ដុល្លារ​អាម៉េរិក។ ក្រុម​អ្នកជំនាញ​វាយតម្លៃថា ខ្ទង់​ប្រាក់​នេះ​គឺ​សមស្រប។ បណ្ដា​ផលិតកម្ម​មានដូចជា Pixar និង Disney ជាដើម តែង​ចំណាយ​ច្រើនជាង​នេះ​ទ្វេដង​សម្រាប់​គម្រោង​ដូច​ទៅនឹង​ប្រភេទ​ភាពយន្ត​របស់ «Super Mario Bros. Movie» ។

«Super Mario Bros. Movie» ត្រូវបាន​ផលិតឡើង​ដោយ​ផលិតកម្ម Nintendo សហការ​ជាមួយ Illumination និង Universal

«Super Mario Bros. Movie» គឺជា​ភាពយន្ត​គំនូរ​ជីវ​ច​ល​ដែលមាន​ការគាំទ្រ​ច្រើនជាងគេ​លំដាប់​ទី​ពី​រលើ​ពិភពលោក នៅ​ឯ​បញ្ជរ​លក់​សំបុត្រ​ចូល​ទស្សនា​ក្នុង​រោង​កុន គិត​ចាប់ពី​ឆ្នាំ 2019 ដោយ​យកឈ្នះ​លើ «Demon Slayer the Movie: Mugen Train (494 លាន​ដុល្លារ​អាម៉េរិក) និង​ឈរ​ពីក្រោយ «Minions: The Rise of Gru» របស់ Illumination (942.5 លាន​ដុល្លារ)។ ក្រុមអ្នកវិភាគ​និយាយថា  «Super Mario Bros. Movie» ប្រាកដជា​នឹងមាន​វគ្គ​ពីរ៕

Advertisement