សកម្មភាព​ក្រៅ​ឆាក​របស់​ខ្សែ​ភាពយន្ត​រឿង «ប៉ាវ​ចិន» ឆ្នាំ 1993

ខ្សែភាពយន្ត​រឿង «ប៉ាវ​ចិន» ឬ «តុលាការ​មុខ​ដែក» ដើមឡើយ​ត្រូវ​បានគ្រោង​ថត​តែ​ដប់​ភាគ ប៉ុន្តែ​ចុងក្រោយ​ក៏បាន​ថត​រហូតដល់ 236 ភាគ ក្នុង​មួយឆ្នាំ។

ឆ្នាំនេះ ខ្សែភាពយន្ត​ខាងលើ​មាន​អាយុ​គម្រប់ 30 ឆ្នាំ។ នៅលើ​ទំព័រ​បណ្ដាញ​សង្គម Kenny Ho (សម្ដែង​ជា​តួអង្គ ចាន់​ចៅ) បានឱ្យដឹងថា ក្នុង​រយៈពេល​កន្លង មាន​ប្រការ​មួយ​ដែល​មិន​ប្ដូរផ្លាស់ នោះ​គឺ​មនោសញ្ចេតនា ការរួម​សុខទុក្ខ​រវាង​គាត់ និង​មិត្ត​រួមការ​ងារ Jin Chao Qun (ប៉ាវ​ចិន) និង Fan Hong Xuan (តួ កុង​ស៊ុន)។ រាមច្បង​ទាំងពីរ​បាន​ចូលនិវត្តន៍ ខណៈដែល Kenny Ho បើកហាង​លក់​អាហារ​នៅ Guangdong ប្រទេស​ចិន។ Kenny Ho បង្ហើប​ឱ្យដឹងថា បាន​អញ្ជើញ Jin Chao Qun និង Fan Hong Xuan មកលេង​ក្រុមហ៊ុន​របស់ខ្លួន​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ។

ភាពយន្ត​រឿង «តុលាការ​មុខ​ដែក» ថត​នៅ​កោះ​តៃវ៉ាន់​ចាប់ពី​ខែកុម្ភៈ 1993 និង​បញ្ចប់​នៅក្នុង​ខែមករា 1994 ដោយ​ផលិតករ Chao Ta-shen។ យោងតាម Yahoo ភាពយន្ត​នេះ ដំបូង​ឡើយ​គ្រោង​នឹង​ថត​តែ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ដោយសារ​មានការ​គាំទ្រ​ច្រើន​លើសលុប ផលិតករ​ក៏​សម្រេចចិត្ត​ថត 236 ភាគ ដោយ​ប្រើពេល​មួយឆ្នាំ​កន្លះ។

នៅលើ​ទូរទស្សន៍ CTS របស់​តៃវ៉ាន់ Chao Ta-shen ធ្លាប់​និយាយថា មូលហេតុ​សំខាន់​ដែល​បាន​ជួយ​ឱ្យ​ភាពយន្ត​នេះ​ជោគជ័យ​គឺ​ដោយសារ​កម្លាំង​មាំមួន និង​ការតស៊ូ​របស់​ក្រុម​អ្នក​សម្ដែង។ អ្នក​សម្ដែងសំខាន់ៗដេក​តែ​បី​បួន​ម៉ោង​ប៉ុណ្ណោះ​នៅក្នុង​មួយថ្ងៃ ដោយ​ចែកជា​ពេលខ្លីៗ ពោលគឺ​មិន​ដេក​ម្ដង​ច្រើន​ម៉ោង​នោះទេ។

ផលិតករ​និយាយថា ការជ្រើសរើស Jin Chao Qun ឱ្យ​សម្ដែង​ជា​តួអង្គ​ប៉ាវ​ចិន ក៏​ព្រោះតែ​គាត់​ជា​សិល្បករ​ល្ខោន​ហ៊ី​ចិន និយាយ​បានល្អ ព្រមទាំង​មាន​មាឌ​ស័ក្ដិសម​នឹង​តួអង្គ​នេះ។ មុនពេល​សម្ដែង Jin Chao Qun ហូប​ច្រើន​ដើម្បី​មាន​រូបរាង​ធាត់ អាច​បង្ហាញ​ពី​អំណាច​របស់​ប៉ាវ​ចិន។ ក៏ប៉ុន្តែ តាំងពី​ពេលនោះ​មក គាត់​មិនអាច​សម្រក​ទម្ងន់​បាន។ គាត់​ក៏មាន​ជម្ងឺ​សម្ពាធ​ឈាម​ខ្ពស់ លើស​ជាតិ​ស្ករ និង​លើស​ជាតិ​ខ្លាញ់។

Kenny Ho ធ្លាប់​និយាយថា ដើម្បីឱ្យ​ទាន់ពេល គាត់ និង​មិត្ត​រួម​ការងារ​យកចិត្តទុកដាក់​កម្រិត​ខ្ពស់ មិន​ឱ្យមាន​កំហុសឆ្គង​ក្នុង​ពេល​ថត​។ គាត់​ថា បើ​ទោះ​លំបាក ប៉ុន្តែ​គ្រប់គ្នា​មាន​អំណត់ និង​ប្រឹងប្រែង​ខ្លាំងណាស់។ Kenny Ho ថា គាត់​មិនសូវ​ហត់​ដូច Jin Chao Qun និង Fan Hong Xuan ព្រោះ​តួអង្គ ចាន់​ចៅ មិន​និយាយ​ច្រើន។

Fan Hong Xuan (តួ កុងស៊ុន), Jin Chao Qun (ប៉ាវចិន) និង Kenny Ho (ចាន់ចៅ) (រាប់​ពី​ឆ្វេង)

ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1990 ភាពយន្ត «តុលាការ​មុខ​ដែក» ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅតាម​បណ្ដា​ប្រទេស និង​តំបន់​នៅ​អាស៊ី។ ខ្សែភាពយន្ត​នេះ​និយាយ​អំពី​ការស៊ើបអង្កេត​បំបែក​រឿងក្ដី​របស់​ប៉ាវ​ចិន ដោយមាន​ការជួយជ្រោមជ្រែង​ពី កុង​ស៊ុន និង ចាន់​ចៅ។ ស្នាដៃ​និពន្ធ​នេះ​​សរសើរ​ចំពោះ​ភាពម៉ឺងម៉ាត់ មិន​ចុះ​ចាញ់​បុគ្គល​មានអំណាច ដើម្បី​ការពារ​យុត្តិធម៌​របស់​តួអង្គ​សំខាន់​ទាំងបី។

ឆ្នាំនេះ Jin Chao Qun មាន​អាយុ 72 ឆ្នាំ និង​កម្រ​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​សិល្បៈ។ គាត់​ត្រូវបាន​វេជ្ជបណ្ឌិត​ពិនិត្យឃើញថា​ មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​កាលពី​ឆ្នាំ 2017 និង​ត្រូវ​ទទួល​ការវះកាត់។ ចាប់ពីពេលនោះ​មក គាត់​ក៏បាន​ចូលនិវត្តន៍។ លោក Jin Chao Qun និង​ភរិយា​រស់នៅក្នុង​ដែនដី​កោះ​តៃវ៉ាន់។ ពួកគាត់​មិនមាន​កូន​សូម្បីតែ​ម្នាក់។

ចំណែក កុង​ស៊ុន (Fan Hong Xuan) វិញ បច្ចុប្បន្ន​មាន​អាយុ 77 ឆ្នាំ រស់នៅ​តែម្នាក់ឯង មិន​យក​​ភរិយា​។ រីឯ Kenny Ho ​ក៏​មិន​យក​ប្រពន្ធ​។ នៅលើ​ទំព័រ Dongjiang Shibao គាត់​ធ្លាប់​ប្រាប់ថា ចូលចិត្ត​ការរស់នៅ​ដោយមាន​សេរីភាព មិនសូវ​ជាប់ជំពាក់​នឹង​បញ្ហា៕

Advertisement