ស្រី​ស្អាត​វ័យ 24 ឆ្នាំ ក្លាយជា​បវរកញ្ញា​ឯ​កថៃ ​ប្រចាំឆ្នាំ 2023

Chonnikarn Supittayaporn អាយុ 24 ឆ្នាំ បាន​យកឈ្នះ​លើ​បេក្ខភាព​ចំនួន 46 នាក់ មុននឹង​បានទទួល​មកុដ​បវរ​កញ្ញាឯក​ប្រចាំ​ប្រទេស​ថៃ ឆ្នាំ 2023។

យោងតាម​ទំព័រ Pageant Circles បវរ​កញ្ញាឯក​ថ្មី​រូបនេះ​មាន​កម្ពស់ 1.7 ម៉ែត្រ និង​ទម្ងន់ 50 គីឡូក្រាម។ ស្រី​ស្អាត Chonnikarn Supittayaporn បានបញ្ចប់​ការសិក្សា​ផ្នែក​ឱសថ​សាស្ត្រ​នៅ​សាកលវិទ្យាល័យ Chieng Mai។

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​សម្រស់ Chonnikarn Supittayaporn ត្រូវបាន​គណៈកម្មការ​វាយតម្លៃ​ខ្ពស់​លើ​វិញ្ញាសា​ជាច្រើន​មានដូចជា សមត្ថភាព​ធ្វើ​បទ​បង្ហាញ និយាយ​ភាសា​អន្តរជាតិ និង​មាន​ភាពជឿជាក់​ជាដើម។ល។

ស្រី​ស្អាត Chonnikarn Supittayaporn នឹង​ឡើងទៅ​ចូលរួម​ប្រកួត Miss World 2023 ដែល​នឹង​ធ្វើឡើង​នៅ​អេ​មី​រ៉ាត់​អារ៉ាប់​រួម​នៅ​ចុង​ឆ្នាំនេះ។

មុនពេល​ចូលរួម​ប្រកួត​ដណ្ដើម​តំណែង​បវរ​កញ្ញាឯក​ថៃ Chonnikarn Supittayaporn ធ្លាប់បាន​ចូលរួម​កម្មវិធី​ប្រកួត​សម្រស់​មួយចំនួន មាន​ជាអាទិ៍ Miss Chiang Mai និង Miss Mobile Thailand។

ព្រឹត្តិការណ៍​ប្រលង​បវរកញ្ញា​ឯក​ថៃ​ត្រូវបានធ្វើ​ឡើងជា​លើកដំបូង​កាលពី​ឆ្នាំ 1934 ក្នុងនោះ​មាន​បវរ​កញ្ញាឯក​ថៃ​មួយចំនួន​ធ្លាប់​ដណ្ដើមបាន​ពានរង្វាន់​អន្តរជាតិ រួមមាន Apasara Hongsakula ដណ្ដើមបាន​មកុដ Miss Universe 1965, Porntip Nakhirunkanok ដណ្ដើមបាន​មកុដ Miss Universe 1988៕

Advertisement