ភាពយន្ត​ដែលមាន​តួអង្គ​ព្រះ​នាង​ទេព​មច្ឆា​ស្បែក​ខ្មៅ ​បញ្ចេញ Trailer ជា​លើក​ដំបូង

ភាពយន្ត​រឿង «The Little Mermaid» បាន​បញ្ចេញ Trailer ជា​លើក​ដំបូង បង្ហាញថា នេះ​គឺ​រឿង​ស្ដីពី​ទេព​មច្ឆា Ariel ដែល​សម្ដែង​ដោយ​តារា​ស្បែក​ខ្មៅ Halle Bailey បាន​ជួប​កូន​ស្ដេច។

កាលពី​ថ្ងៃទី 13 មីនា ផលិតកម្ម​ភាពយន្ត Disney បាន​បញ្ចេញ trailer វែង​ជា​លើកដំបូង​របស់​រឿង «The Little Mermaid» ដែលជា​កំណែ​សម្ដែង​ដោយ​មនុស្ស នៅក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់ Oscar 2023។ វីដេអូ​ខ្លី ប្រហែល​ពីរ​នាទី បានចាប់ផ្ដើម​ដោយ​ការបង្ហាញ​ទិដ្ឋភាព​ជួបគ្នា​ដោយ​ចៃដន្យ​រវាង Ariel និង​ព្រះអង្គម្ចាស់ Eric (សម្ដែង​ដោយ​តារា​អង់គ្លេស Jonah Hauer-King)។ ទេព​មច្ឆា​ Ariel ជួយសង្គ្រោះ Eric បន្ទាប់ពី​ហេតុការណ៍​លិច​កប៉ាល់។ ប៉ុន្តែ ទង្វើ​នេះ​ត្រូវ​រង​ការស្ដីបន្ទោស​ពី​ព្រះបិតា Triton (Javier Bardem) ព្រោះតែ Ariel ឡើងគោក​ដោយ​ចិត្ត​ឯង។

Trailer នេះ​ក៏​បង្ហើប​ឱ្យដឹង​អំពី​ឧបាយកល​របស់​មេ​ធ្មប់ Ursula (Melissa McCarthy) ដែល​ប្រើប្រាស់​ភាពស្មោះត្រង់​របស់ Ariel ដើម្បី​ប្លន់​យក​សំឡេង​ច្រៀង​របស់​នាង។ មិត្ត​ភ័ក្ដិ​បី​រូប​របស់​ទេព​មច្ឆា Ariel រួមមាន ត្រី Flounder, ក្ដាម Sebastian និង​សត្វ​រំពេរ Scuttle ក៏មាន​វត្តមាន​នៅក្នុង trailer នេះ។ ចំណែក​ចម្រៀង​វិញ​គឺជា​បទ​ដ៏​ល្បីល្បាញ Part of Your World របស់ «The Little Mermaid» ប៉ុន្តែ​ត្រូវបាន​ប្រគំ​ទៅតាម​បែប​ថ្មី។

តារាស្បែកខ្មៅ Halle Bailey សម្ដែងជាតួអង្គឯក ព្រះនាងមច្ឆា Ariel

ខ្សែភាពយន្ត​ដែល​ដឹកនាំ​សម្ដែង​ដោយ Rob Marshall នេះ​គឺជា​គម្រោង live-action (មនុស្ស​សម្ដែង) ដែលមាន​ការចំណាយ​ច្រើន និង​ត្រូវបាន​ផលិត​តាម​លំនាំ​ភាពយន្ត​គំនូរជីវចល​ឆ្នាំ 1989។ សាច់រឿង​របស់​ភាពយ​ន្ត​នេះ​គឺ​យោងតាម​រឿងព្រេង​និទាន​ដែល​សរសេរ​ដោយ Hans Christian Andersen។ ក្រៅពី Bailey ភាពយន្ត​នេះ​ក៏មាន​វត្តមាន​របស់​តារា​សម្ដែងល្បីៗមួយចំនួនទៀត មានដូចជា​ Melissa McCarthy, Jacob Tremblay និង Awkwafina ជាដើម។

Trailer ​ដំបូងរបស់ «The Little Mermaid»

រឿង «The Little Mermaid» គឺជា​​ភាព​យន្ត​​ដំបូង​ដែល Halle សម្ដែង​ជា​តួអង្គ​ឯក។ មុន​នោះ តារាភាពយន្ត​កើត​ឆ្នាំ 2000 រូបនេះ​ធ្លាប់បាន​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​ទូរទស្សន៍​មួយចំនួន​ក្នុងនាម​ជាតា​រា​កុមារ៕

Advertisement