ភាពយន្ត​​​ដំបូង​គេ​លើ​លោក​ដែល​ថត​នៅ​ទី​អវកាស​​​ បញ្ចេញ Trailer ហើយ​!

តារាសម្ដែង Yulia Peresild ក្នុងរឿង «The Challenge»

ក្រុម​ផលិតករ​ភាពយន្ត​របស់​រុស្ស៊ី បាន​បញ្ចេញ​ទិដ្ឋភាពដំបូងៗរបស់​ភាពយន្ត​រឿង «The Challenge» ដែលជា​ភាពយន្ត​ដំបូងគេ​​ត្រូវបាន​ថត​នៅក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

Trailer នេះ​បង្ហាញ​ទិដ្ឋភាព និង​ស្ថានការណ៍​មួយចំនួន​ទាក់ទង​នឹង​លោកស្រី​វេជ្ជបណ្ឌិត Zhenya (សម្ដែង​ដោយ Peresild)។ លោកស្រី​ទទួល​ភារកិច្ច​ក្នុងការ​វះកាត់​បេះដូង​ឱ្យ​អ្នក​អវកាស​មួយរូប (សម្ដែង​ដោយ Oleg Novitskiy) នៅ​ទី​អវកាស ព្រោះ​អវកាសចរ​នេះ​​មិនអាច​ត្រលប់​មកកាន់​ផែនដី​ដើម្បី​ទទួល​ការព្យាបាល។

យោងតាម CNN ភាពយន្ត «The Challenge» ដែល​នឹងត្រូវ​ចាក់​បញ្ចាំង​នៅ​រោងកុន​ក្នុង​ខែមេសា​ខាងមុខ ត្រូវបាន​ផលិត​ដោយ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos សហការ​ជាមួយ​ស្ថានីយទូរទស្សន៍ Channel One និង​ផលិតកម្ម​ភាពយន្ត Yellow, Black and White។

អ្នកដឹកនាំ​រឿង Klim Shipenko និង​តារា​សម្ដែង Yulia Peresild រួម​នឹង​អ្នក​អវកាស Anton Shkaplerov បាន​ជិះ​យានអវកាស​ហោះ​ទៅកាន់ ISS កាលពី​ខែតុលា 2021 និង​ថត​ឈុត​ឆាក​នានា​នៅលើ​រយៈកម្ពស់ 400 គីឡូ​ម៉ែត្រធៀប​នឹង​ផ្ទៃផែនដី និង​ចំណាយ​ពេល​អស់​ 12 ថ្ងៃ។ ក្រោយមក យាន Soyuz MS-18 បាន​ដឹក​ក្រុម​អវកាស​ចរ​ចុះមក​កាន់​តំបន់​ដាច់ស្រយាល​មួយ​នៅ​កា​ហ្សា​ក់​ស្ថាន។ Peresild ធ្លាប់បាន​និយាយថា នាង​មិន​អី​ទេ សុខភាព​ធម្មតា ប៉ុន្តែ «រាងកាយ​ហាក់​មិនទាន់​សម្រប​ខ្លួន​បានល្អ​ទៅនឹង​អ្វីដែល​កំពុង​កើតឡើង»។

Trailer របស់​ភាព​យន្ត​​រឿង «The Challenge»

ទីភ្នាក់ងារ​អវកាស​រុស្ស៊ី បានឱ្យដឹងថា ការផលិត​ភាពយន្ត​នេះ​គឺ​ក្នុង​បំណង​ជួយ​ឱ្យ​យុវវ័យ​ចាប់អារម្មណ៍​លើ​វិស័យ​អវកាស​ចរណ៍។

កន្លងមក ធ្លាប់មាន​វីដេអូ​ខ្លី​មួយចំនួន​ត្រូវបាន​ថត​ក្នុង ISS ក៏ដូចជា​ភាពយន្ត​ដែលមាន​បញ្ចូល​ទិដ្ឋភាព​នៃ​ទី​អវកាស។ ក៏ប៉ុន្តែ «The Challenge» ត្រូវបាន​ទទួលស្គាល់ថា​ជា​ភាពយន្ត​ខ្នាត​វែង​ដំបូង​ដែល​ថត​នៅ​ទី​អវកាស។ «The Challenge» គឺជា​គម្រោង​ភាពយន្ត​ដំបូង​គេ​ដែលមាន​តារា​សម្ដែង និង​អ្នក​ដឹក​រឿង​ត្រូវបាន​នាំទៅ​ថត​នៅ​ទី​អវកាស។ នៅ​សហរដ្ឋ​អាម៉េរិក Tom Cruise បច្ចុប្បន្នក៏​កំពុង​ថត​ឈុត​ឆាក​សម្រាប់​គម្រោង​ភាពយន្ត​មួយ​ដែល​ស្រដៀង​ទៅនឹង «The Challenge» ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី Elon Musk៕

Advertisement