រឿងរ៉ាវស្ដីពី លី លានជា (Jet Li) វ៉ៃ ដូនី យេន (Donnie Yen – ខ្មែរយើងច្រើនហៅថា កុំកុំ) ឱ្យរងរបួសស្ទើរតែពិការភ្នែក ត្រូវបានគេនិយាយជាហូរហែ ប៉ុន្តែ ថ្មីៗនេះកំពូលតារាក្បាច់គុន កុំកុំ ទើបតែរៀបរាប់ហេតុការណ៍បានច្បាស់។
នៅក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្ដី GQ ដូនី យេន បាននិយាយអំពីរឿងដែលខ្លួនធ្លាប់ «ប៉ះទង្គិចគ្នា» ជាមួយ លី លានជា នៅកន្លែងថតកុន ក្នុងឈុតឆាកផ្សងគ្រោះថ្នាក់។ បញ្ហាកើតឡើងដំបូងគឺនៅពេលថតរឿង Once Upon a Time in China II (កំពូលក្បាច់គុន វ៉ាងហ្វ៊ីហុង) របស់អ្នកដឹករឿង Hark Tsui ដែលចាប់បញ្ចាំងកាលពីឆ្នាំ 1992។ ក្នុងភាពយន្តនេះ ដូនី យេន សម្ដែងជាតួអង្គអាក្រក់ ចំណែក លី លានជា សម្ដែងជាតួអង្គ វ៉ាង ហ្វ៊ីហុង។
ឈុតឆាកប្រយុទ្ធមួយទល់នឹងមួយរបស់ ដូនី យេន និង លី លីនជា ត្រូវបានវិនិយោគច្រើនទៅលើក្បាច់គុន និងត្រូវបានចាត់ទុកថាជាឈុតឆាកដ៏អស្ចារ្យសម្រាប់ភាពយន្តកុងហ្វ៊ូ។ ក៏ប៉ុន្តែ ក្នុងពេលថត ដូនី យេន ត្រូវបាន លី លានជា វ៉ៃឱ្យរងរបួសធ្ងន់ វិះនឹងពិការភ្នែក។

«ពេលថតកុន គ្រោះថ្នាក់មួយបានកើតឡើង ធ្វើឱ្យខ្ញុំវិះនឹងពិការភ្នែក។ នោះគឺនៅពេល លី លានជា ត្រូវស្ថិតនៅខាងលើ ហើយខ្ញុំនៅខាងក្រោម ពួកយើងប្រើប្រាស់ឫស្សីមួយដើមធំ និងធ្ងន់ដើម្បីប្រយុទ្ធគ្នា» កុំកុំ និយាយដូច្នេះ និងបន្តថា «លី លានជា វាយប្រហារពីលើ ចំណែកខ្ញុំត្រូវរងជាបន្តបន្ទាប់នៅពីក្រោម។ បន្ទាប់ពីវាយបាន 30 ក្បាច់ ស្រាប់តែគាត់រអិលជើង និងវាយពីទទឹងជំនួសឱ្យការវាយពីលើ ដូច្នេះឫស្សីក៏វាត់ចំចុងចិញ្ចើមរបស់ខ្ញុំ។ ពេលនោះ ខ្ញុំថយក្រោយ 8 ជំហាន ដាក់ដៃចុះ ឈាមក៏ហូរទៅខាងមុខ ខ្ញុំមិនកុហកទេ ដូចភ្លៀងអ៊ីចឹង»។
ក្រោយពីហេតុការណ៍បានកើតឡើង ដូនី យេន ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។ បើទោះជាត្រូវដេរ 6-7 ថ្នេរ ប៉ុន្តែ ស្អែកឡើង តារាក្បាច់គុនរូបនេះនៅតែទៅកាន់កន្លែងថតកុនដើម្បីបន្តសកម្មភាព។
រឿង Hero (អ្នកក្លាហាន)
10 ឆ្នាំក្រោយពីហេតុការណ៍ខាងលើ ដូនី យេន ក៏មានឱកាសប៉ះនឹង លី លានជា ម្ដងទៀតនៅក្នុងរឿង Hero (អ្នកក្លាហាន) ដែលជាកំពូលខ្សែភាពយន្តមួយរបស់ចិន។ លើកនេះ ពួកគេប្រយុទ្ធគ្នានៅលើទីលានក្នុងវត្ត ហើយគ្រោះថ្នាក់ក៏បានកើតឡើងម្ដងទៀត ធ្វើឱ្យផ្ទៃមុខរបស់ ដូនី យេន រងរបួស និងហូរឈាម។
កំពូលក្បាច់គុន វ៉ាងហ្វ៊ីហុង
រឿងរ៉ាវទាំងពីរខាងលើ ធ្វើឱ្យមានពាក្យចចាមអារ៉ាមមួយចំនួនកើតឡើង ក្នុងនោះមានដំណឹងខ្លះថា ទំនាក់ទំនងរវាងពួកគាត់មិនល្អ ខណៈដែលអ្នកខ្លះថា កំពូលតារាក្បាច់គុនទាំងពីរចាត់ទុកគ្នាជា «សត្រូវ»។

ក៏ប៉ុន្តែ ថ្ងៃមួយ ដូនី យេន បានចេញមុខបកស្រាយថា «…ដល់វ័យនេះ ខ្ញុំយល់ច្បាស់ហើយថាអ្វីដែលមានតម្លៃបំផុតសម្រាប់ជីវិត។ គ្រួសារ មិត្តភ័ក្ដិ និងក្បាច់គុន ខ្ញុំមិនអាចក្បាត់បីប្រការនេះបានឡើយ»៕