ស្រី​ស្អាត Kathryn Newton គឺជា​កំពូល​វីរនារី​ជំនាន់​បន្ទាប់​របស់ Marvel

Kathryn Newton បង្ក​ការចាប់អារម្មណ៍​នៅពេល​សម្ដែង​​ជា​តួអង្គ Cassie Lang ដែលជា​កូនស្រី​របស់​កំពូល​វីរ​បុរស​មនុស្ស​ស្រមោច​ក្នុង​ចក្រវាល​ភាពយន្ត Marvel (Marvel Cinematic Universe)​។

Marvel ជ្រើស​យក Kathryn Newton មក​សម្ដែង​ជំនួស Emma Fuhrmann ដែល​ដើរតួ​ជា Cassie ក្នុង​ភាពយន្ត​រឿង «Ant-Man and the Wasp: Quantumania»។ ក្រុមហ៊ុន Marvel Entertainment សម្រេចចិត្ត​ជ្រើស​យក Kathryn ក៏​ព្រោះតែ​ចង់​ស្វែងរក​តារា​សម្ដែង​មួយរូប​ដែល​សមស្រប​សម្រាប់​តួអង្គ​កំពូល​វីរនារី​របស់​ពួកគេ។ កូនស្រី​របស់​មនុស្ស​ស្រមោច​ត្រូវបាន​គេ​រំពឹងថា​នឹង​ក្លាយជា​ម្នាក់​ក្នុងចំណោម​តួអង្គសំខាន់ៗរបស់​យីហោ Marvel Cinematic Universe។

Kathryn Newton គឺជា​តារា​មួយ​ដួង​ដែល​កំពុង​រះ​នៅ Hollywood។ ស្រី​ស្អាត​ដែល​កើត​ឆ្នាំ 1997 ក្នុង​ត្រកួល​ធូរធារ​នៅ Florida រូបនេះ មាន​ម្ដាយ​ជា​អ្នកបើកបរ​យន្តហោះ និង​ឪពុក​ជា​អ្នកជំនួញ។

Kathryn Newton (ឆ្វេង) សម្ដែងជំនួស Emma Fuhrmann ដែលដើរតួជា Cassie ក្នុងភាពយន្តរឿង «Ant-Man and the Wasp: Quantumania»

Kathryn Newton បាន​ចូលប្រលូក​ក្នុង​វិស័យ​កម្សាន្ត​តាំងពី​​អាយុ​បួន​ឆ្នាំ ដោយ​បង្ហាញ​វត្តមាន​ក្នុង​ភាពយន្ត​ទូរទស្សន៍​រឿង «All My Children»។ អាយុ 12 ឆ្នាំ Kathryn Newton និង​គ្រួ​សារបាន​ទៅ​រស់នៅក្នុង​ទីក្រុង Los Angeles ដើម្បីឱ្យ Kathryn អាច​ផ្ដោតលើ​អាជីព​អ្នក​សម្ដែង។

ឆ្នាំ 2010 នាង​ធ្លាប់​ឈ្នះ​ពានរង្វាន់​ចំនួន​ពីរ​នៅ Young Artist Awards ដោយបាន​សម្ដែង​ក្នុង​រឿង «Gary Unmarried»។ ចាប់តាំងពី​ពេលនោះ​មក អាជីព​របស់ Kathryn Newton នៅ Hollywood ចេះតែ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ នាង​បន្ត​បង្ហាញ​វត្តមាន​នៅក្នុង​រឿង «Paranormal Activity», «Supernatural», «Big Little Lies», «Three Billboards Outside Ebbing», «Missouri», «Pokemon Detective Pikachu» ឬ «Freaky» ជាដើម។

ភាគច្រើន​នៃ​ឈុត​ឆាក​សម្ដែង​របស់ Kathryn Newton ទទួលបាន​ការវាយតម្លៃ​ល្អ​ពី​ក្រុម​អ្នកជំនាញ ក៏​ដូច​ជា​ទស្សនិកជន។ នាពេលខាងមុខ Kathryn Newton ប្រាកដជា​ធ្វើឱ្យ​កក្រើក​វិស័យ​ភាពយន្ត​នៅពេល​នាង​បង្ហាញខ្លួន​ក្នុងនាម​ជា​​តួអង្គ​ឯក​របស់​រឿង «Lisa Frankenstein» និង «Winner»។

ក្រៅពី​ការសម្ដែង Kathryn Newton ក៏​ចូលចិត្ត​លេង​កូនគោល និង​ធ្លាប់​ចូលរួម​ប្រកួតប្រជែង​ជាច្រើនលើក ហើយ​សម្រេចបាន​ពិន្ទុ​ខ្ពស់​ផងដែរ។ ក៏ប៉ុន្តែ ស្រី​ស្អាត​រូបនេះ​បានសម្រេច​ចិត្ត​ចាប់យក​អាជីព​ជា​អ្នក​សម្ដែង​ជាជាង​ធ្វើជា​កីឡាការិនី​អាជីព៕

Advertisement