លោក James Cameron សម្ដែងនៅក្នុងទិដ្ឋភាពប្រើដៃជំនួសឱ្យ DiCaprio ក្នុងឈុត Jack គូររូប Rose អាក្រាតកាយនៅលើសាឡុង ក្នុងខ្សែភាពយន្តរឿង «Titanic»។
ក្នុងឱកាសខួប 25 ឆ្នាំនៃការចាប់កំណើតរបស់ Titanic និងត្រលប់មករោងកុនក្នុងទម្រង់ 4K ចាប់ពីថ្ងៃទី 10 កុម្ភៈ 2023 អ្នកដឹកនាំរឿង James Cameron បានរៀបរាប់រឿងរ៉ាវមួយចំនួននៅក្រៅឆាករបស់ភាពយន្តល្បីឈ្មោះមួយនេះ។
ឈុតឆាកមួយដែលលោក Cameron ចូលចិត្តជាងគេគឺទិដ្ឋភាព Jack (Leonardo DiCaprio) គូររូបរបស់ Rose (Kate Winslet) ពេលនាងអាក្រាតកាយ ដោយសារវាគឺជាទិដ្ឋភាពបង្ហាញអំពីឥទ្ធិពលស្នេហាដែលយកឈ្នះលើរនាំងវណ្ណៈក្នុងសង្គម។
លោក Cameron រម្លឹកឡើងវិញអំពីអ្វីដែលបានកើតឡើងនៅកន្លែងថតកុន៖ «មានការបារម្ភខ្លះៗ មានប្រភពថាមពលមួយ និងការរារែករបស់តួសម្ដែងទាំងពីរ។ ពួកគេបានហាត់ស៊ាំ ប៉ុន្តែមិនទាន់បានថតសាកល្បងមុននោះ»។
ដោយសារតែ DiCaprio ខ្សោយខាងគំនូរ លោក Cameron ក៏ត្រូវសម្ដែងជំនួសត្រង់ឈុតប្រើដៃគូររូប។ អ្នកដឹកនាំរឿងប្រើដៃឆ្វេង ខណៈអ្នកសម្ដែង (DiCaprio) ប្រើដៃស្ដាំ ដូច្នេះ ធ្វើឱ្យក្រុមកាត់តវីដេអូត្រូវត្រលប់រូបភាព។ ឆ្នាំ 2011 ផ្ទាំងគំនូរខាងលើត្រូវបានលក់ក្នុងតម្លៃ 16,000 ដុល្លារអាម៉េរិក។
ឆ្នាំ 2012 កំណែ Titanic 3D ត្រូវបានអាជ្ញាធរចិនកាត់ចោលទិដ្ឋភាពពីដើមទ្រូងចុះដល់ជើងរបស់តួអង្គស្រី «ដោយសារតែបារម្ភថា អ្នកទស្សនានឹងអាចយកដៃប៉ះលើរូបភាព នាំឱ្យរំខានដល់អ្នកមើលដទៃទៀត»។ ការសម្រេចចិត្តរបស់អាជ្ញាធរចិន បានបណ្ដាលឱ្យទស្សនិកជននៅប្រទេសនេះមិនសប្បាយចិត្ត។
ឆ្នាំ 2017 នៅក្នុងខួប 20 ឆ្នាំរបស់ Titanic តារាសម្ដែងស្រី Kate Winslet បានឱ្យដឹងថា នាងស្លៀកពាក់ឈុតហែលទឹកប៉ុណ្ណោះ គឺមិនមែនអាក្រាតកាយឡើយនៅពេលផ្ដេកខ្លួនឱ្យអ្នកដឹកនាំរឿងគូររូប។ ផ្ទាំងគំនូរនេះបានធ្វើឱ្យគ្រួសាររបស់ Kate Winslet មានអារម្មណ៍មិនល្អអស់ជាច្រើនឆ្នាំ ព្រោះថា ធ្លាប់មានអ្នកគាំទ្រជាច្រើនបោះពុម្ពរូបគំនូរនេះ ហើយយកមកសុំហត្ថលេខា។ មានគ្រាមួយនោះ មិត្តរួមថ្នាក់កូនស្រីរបស់អ្នកស្រី Kate បាននិយាយនៅចំពោះនាងថា «ឱ ព្រះអើយ! យើងបានឃើញដើមទ្រូងរបស់ម៉ាក់ឯងហើយ!»។
អ្នកដឹកនាំរឿង James Cameron គឺជាអ្នកចូលចិត្តគូររូប។ ក្រៅពីផ្ទាំងគំនូរអាក្រាតដែលលោកបានគូររូប Kate បណ្ដារូបក្នុងកម្រងរូបគំនូរដែលតួអង្គ Jack ជូនដល់ Rose ក្នុងរឿង Titanic ក៏ជាស្នាដៃរបស់លោក Cameron។ រូបគំនូរជាច្រើនដែលលោក Cameron បានគូរចាប់តាំងពីក្មេង ក្រោយមកក៏បានក្លាយជាផ្នែកសំខាន់ជាច្រើននៅក្នុងខ្សែភាពយន្តមួយចំនួន មានដូចជា Alien និង Avatar ជាដើម។
James Cameron កើតឆ្នាំ 1954 គឺជាអ្នកដឹកនាំរឿងលំដាប់កំពូលរបស់ Hollywood ដោយធ្លាប់បានដឹកនាំរឿង Piranha 2 (1984), The Terminator (1984), Aliens (1986)។ ឆ្នាំ 2009 Avatar បានយកឈ្នះលើ Titanic (សុទ្ធតែជាស្នាដៃរបស់គាត់) ក្លាយជាភាពយន្តមានទស្សនិកជនច្រើនជាងគេនៅគ្រប់សម័យកាល និងរកចំណូលបាន 2.8 ពាន់លានដុល្លារ។ ក្នុង 13 ឆ្នាំកន្លង លោក Cameron មិនបានដឹកនាំរឿងមួយណាឡើយ ប៉ុន្តែគាត់ចំណាយពេលដើម្បីស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា និងត្រៀមសាច់រឿងសម្រាប់វគ្គបន្ទាប់របស់ Avatar។ កាលពីចុងខែមករា 2023 ប្រាក់ចំណូលរបស់ Avatar 2 បានកើនឡើងលើសពី 2 ពាន់លានដុល្លារអាម៉េរិក៕