ភាពយន្ត​ស្ដីពី Marilyn Monroe ក្លាយជា​ម្ចាស់​បេក្ខភាព​ចំនួន 8 នៅ​ពានរង្វាន់ Golden Raspberry

តារាសម្ដែងដើមកំណើតគុយបា Ana de Armas ដើរតួជាកំពូលតារា «និមិត្តរូបស៊ិច» ដ៏ល្បីឈ្មោះនៅ Hollywood គឺ Marilyn Monroe

«Blonde» ដែលជា​ភាពយន្ត​ប្រឌិត​ស្ដីពី Marilyn Monroe កំពុង​នាំមុខគេ​នៅ​ពានរង្វាន់ Golden Raspberry ដោយ​កាន់កាប់​បេក្ខភាព​ដល់​ទៅ 8 ឯណោះ។

ភាពយន្ត «Blonde» ដែលជា​ស្នាដៃ​របស់​អ្នកដឹកនាំ​រឿង Andrew Dominik ទទួលបាន​ការជ្រើសរើស​ជា​បេក្ខភាព​សម្រាប់​តំណែង «អ្នកដឹកនាំ​រឿង​អន់​បំផុត», «សាច់រឿង​អន់​បំផុត», «កំណែ​ថត​ឡើងវិញ​អន់​បំផុត», «តួរង​ប្រុស​អន់​បំផុត (ពីរ​នាក់)» និង​បេក្ខភាព «តារា​សម្ដែង​មួយគូ​អន់​បំផុត​ក្នុង​ភាពយន្ត»។

«Blonde» ត្រូវបាន​ចាក់​បញ្ចាំង​តាំងពី​ថ្ងៃទី 28 កញ្ញា 2022។ តារា​សម្ដែង​ដើមកំណើត​គុយបា Ana de Armas ដើរតួ​ជា​កំពូល​តារា «និមិត្តរូប​ស៊ិ​ច» ដ៏​ល្បីឈ្មោះ​នៅ Hollywood គឺ Marilyn Monroe។ សាច់រឿង​របស់ Blonde គឺ​យោងទៅតាម​ប្រលោមលោក Blonde របស់​អ្នកនិពន្ធ Joyce Carol Oates ដែល​ចេញផ្សាយ​ដំបូង​កាលពី​ឆ្នាំ 2000។

ខ្លឹមសារ​របស់​ប្រលោមលោក និង​ភាពយន្ត​ខាងលើ​យក​លំនាំ​តាម​ដំណឹង​ចចាមអារ៉ាម​ជុំវិញ​ជីវភាព​របស់ Marilyn Monroe ជំនួស​ឱ្យ​ការយក​លំនាំ​តាម​ជីវប្រវត្តិ​សង្ខេប។ អ្នកតាមដាន និង​អ្នកវិភាគ​ជាច្រើន​យល់ថា ភាពយន្ត Blonde នេះ​មាន​លក្ខណៈ​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់ Marilyn Monroe។

អ្នកតាមដាន និង​អ្នកវិភាគ​ជាច្រើន​យល់ថា ភាពយន្ត Blonde នេះ​មាន​លក្ខណៈ​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់ Marilyn Monroe

ភាពយន្ត​មួយចំនួន​ផ្សេងទៀត​ក៏ត្រូវ​បានជ្រើសរើស​ជា​បេក្ខភាព​សម្រាប់​តំណែង​ភាពយន្ត​អន់​បំផុត ក្នុងនោះ​មានដូចជា Pinocchio របស់ Disney, Morbius និង The King’s Daughter។

Golden Raspberry គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 1981 ដើម្បី​ជាការ​ចំអក​ឱ្យ​បណ្ដា​ភាពយន្ត អ្នក​ដឹក​នាំរឿង និង​តារា​សម្ដែង​ដែល​បាន​បរាជ័យ។ ឆ្នាំនេះ ព្រឹត្តិការណ៍​របស់ Golden Raspberry នឹងត្រូវ​ធ្វើឡើង​ក្នុង​ថ្ងៃទី 12 មីនា មុន​ព្រឹត្តិការណ៍ Oscar មួយថ្ងៃ៕

Advertisement