R’bonney Gabriel ដណ្ដើមបានជ័យជម្នះប្រកបដោយភាពស័ក្ដិសមនៅឯព្រឹត្តិការណ៍ប្រលងបវរកញ្ញាចក្រវាល 2022 (Miss Universe 2022) ដែលបានជួយឱ្យសហរដ្ឋអាម៉េរិករក្សាបាននូវកេរ្តិ៍ឈ្មោះជាប្រទេសគ្រប់គ្រងតំណែងបវរកញ្ញាចក្រវាលច្រើនជាងគេបំផុតលើពិភពលោក។
វគ្គផ្ដាច់ព្រ័ត្រនៃការប្រលងបវរកញ្ញាចក្រវាល 2022 ត្រូវបានធ្វើឡើងកាលពីថ្ងៃទី 14 មករា (ថ្ងៃទី 15 នៅកម្ពុជា)។ ជ័យជម្នះបានទៅលើ R’bonney Gabriel តំណាងរបស់សហរដ្ឋអាម៉េរិក ដែលជាម្ចាស់ផ្ទះ។ ស្រីស្អាត R’bonney Gabriel បានគ្រងមកុដដោយមានការពេញចិត្តខ្លាំងពីអ្នកគាំទ្រ។ តំណែងបវរកញ្ញាលំដាប់រងទីមួយបានទៅលើស្រីស្អាតរបស់វេណេស៊ុយអែឡា និងលំដាប់រងទីពីរបានទៅលើស្រីស្អាតរបស់សាធារណរដ្ឋដូមីនីក។
ក្រោយរយៈពេល 10 ឆ្នាំ រាប់ចាប់តាំងពី Olivia Culpo (បច្ចុប្បន្នគឺជាពិធីការិនីនៅ Miss Universe ឆ្នាំនេះ) បានគ្រងមកុដបវរកញ្ញាចក្រវាល ស្រីស្អាតដើមកំណើតហ្វ៊ីលីពីន R’bonney Gabriel បានជួយឱ្យសហរដ្ឋអាម៉េរិករកបានមកុដមួយទៀត។ នេះគឺជាលើកទី 9 ហើយដែលសហរដ្ឋអាម៉េរិកដណ្ដើមបានមកុដបវរកញ្ញាឯកចក្រវាល ច្រើនជាងឆ្ងាយធៀបនឹង 7 លើករបស់វេណេស៊ូយអេឡា។ ស្រីស្អាត R’bonney Gabriel ដណ្ដើមបានជ័យជម្នះដោយសារវគ្គសួរ-ឆ្លើយស្ដីពីសិទ្ធិរបស់ស្ត្រី។
ក្នុងវគ្គសួរ-ឆ្លើយ R’bonney Gabriel និយាយថា «ខ្ញុំនៅទីនេះដើម្បីដឹកនាំ។ អស់រយៈពេល 13 ឆ្នាំកន្លង ខ្ញុំធ្វើជាអ្នកច្នៃម៉ូដ និងប្រើប្រាស់ម៉ូដសម្លៀកបំពាក់សម្រាប់គោលដៅដ៏ថ្លៃថ្លា។ ខ្ញុំបង្កើតថ្នាក់រៀនជំនាញសម្រាប់ស្ត្រីដែលរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ ស្ត្រីរងគ្រោះក្នុងអំពើជួញដូរមនុស្ស។ បងប្អូនស្ត្រី ចូរប្រើប្រាស់ទេពកោសល្យដ៏កម្រដើម្បីបង្កើតភាពខុសគ្នា និងការផ្លាស់ប្ដូរ»។
R’bonney Gabriel ឆ្នាំនេះអាយុ 28 គឺជាតារាម៉ូដែល និងជាអ្នករចនាម៉ូដសម្លៀកបំពាក់។ នាងមកកាន់ Miss Universe ជាមួយនឹងរឿងរ៉ាវស្ដីពីម៉ូដសម្លៀកបំពាក់ប្រកបដោយនិរន្តភាព និងការពារបរិស្ថាន។ ក្រុមហ៊ុនសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់ R’bonney Gabriel ជំនាញក្នុងការផលិតសម្លៀកបំពាក់ដែល «ស្និទ្ធស្នាល» នឹងបរិស្ថាន ដោយសារប្រើប្រាស់វត្ថុធាតុអាចកែច្នៃឡើងវិញបាន៕












