អ្នកគាំទ្រ​អន្ទះសា​រង់ចាំ​ស្នាដៃ​បទ​និពន្ធ​ថ្មី​របស់ ទូច ស្រី​ល័​ក្ខ

នាម​ជា​ភរិយា និង​ជា​ម្ដាយ​ល្អ​ម្នាក់​នៅក្នុង​គ្រួសារ ដែលមាន​ផ្ទះ​វីឡា​លុយ​ឡាន និង​កិត្តិយស រស់នៅ​គ្មាន​សេចក្ដីសុខ​នៅក្នុង​ជីវិត ហើយ​មក​ត្រូវ​រងគ្រោះ​ដោយសារតែ​សា្វ​មី​ស៊ីផឹក​សប្បាយ​ជាមួយ​ស្រី​ញី ភ្លេច​ប្រពន្ធ​និង​កូន ទើបបានជា​អ្នកនាង ទូច ស្រី​ល័​ក្ខ យក​រឿង​ពិត​នៅក្នុង​សង្គម​គ្រួសារ​មួយ​នេះ មក​និពន្ធ​ជា​បទ​ចម្រៀង​ថ្មី ហើយ​ដឹកនាំ​សម្ដែង​វីដេអូ​ចម្រៀង (MV) ដោយ លោក ហ៊ុយ យ៉ា​ឡេង។

លោក យ៉ា​ឡេង​បានបញ្ជាក់​ប្រាប់ថា “ដំបូង​ឡើយ​គ្រាន់តែ​ស្រី​ល័​ក្ខ​ផ្ញើ​បទ​នេះ​មកឱ្យ​ខ្ញុំ​ស្តាប់​ភ្លាម ខ្ញុំ​មាន​អារម្មណ៍​ថា អត្ថន័យ​បទ​នេះ​ពិតជា​ចាក់​ដោត​បេះដូង​ខ្ញុំ​ខ្លាំងណាស់ ទោះបីជា​ខ្ញុំ​មិនទាន់​ក្លាយជា​ស្វាមី​គេ​នៅឡើយ​ក៏ដោយ ក៏ប៉ុន្តែ​ទាំង​អត្ថន័យ ទាំង​បទ​ភ្លេង ទាំង​ការ​ច្រៀង​នៅក្នុង​បទ​ចម្រៀង​នេះ គឺ​ល្អ​ទាំងអស់ ហើយ​ខ្ញុំ​ពិតជា​រីករាយ​មែនទែន​ដែល​ស្រី​ល័​ក្ខ​ផ្តល់​កិត្តិយស​ឱ្យ​ខ្ញុំ​ដឹកនាំ​ការសម្ដែង​ក្នុង​បទ​ចម្រៀង​មួយ​នេះ ហើយក៏​មិន​បង្អង់​យូ​ដែរ ខ្ញុំ​ទទួល​យល់ព្រម​ភ្លាម​តែម្ដង និង ដោយសារតែ​ការស្រឡាញ់​បទ​ចម្រៀង​នេះ ខ្ញុំ​ក៏​សុំ​ស្រី​ល័​ក្ខ​សម្តែង​ជា​តួ​ស្វាមី​របស់​នាង​ក្នុង​បទ​នេះ​តែម្តងទៅ”។

គួរបញ្ជាក់​ផងដែរ​ថា ដោយសារតែ​ចម្រៀង​នេះ​មាន​ភាព​ទាក់ទាញ និង​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​ចាក់​ដោត​អារម្មណ៍​អ្នក​ស្ដាប់​ផង​នោះ ទើប​អ្នកគាំទ្រ​ម្នាក់​មាន​ឈ្មោះថា វីរៈ ពន្លក​អ្នកនិពន្ធ​ខ្មែរ បាន​បញ្ចេញមតិ​ថា « មែនហើយ បទ​នេះ​ពិតជា​ចាក់​ដោត​អារម្មណ៍​អ្នក​ស្តាប់​ខ្លាំងណាស់ និង​ថែមទាំង​បាន​អាន​សំណេរ​របស់​បង​ហើយក៏​រឹតតែ​ចាក់​ចំ​អារម្មណ៍​ខ្ញុំ​ខ្លាំង​ទៅទៀត។ ការសម្រេចចិត្ត(ដឹកនាំ​បទ​ចម្រៀង)របស់​បង​គឺ​ត្រឹមត្រូវ​ហើយ​បង ខ្ញុំ​សូម​សរសើរ ។ Wow ចង់​ឲ្យ​ MV នេះ​ចេញឆាប់ៗមែនទែន!»៕

 

 

Advertisement