ក្រុមហ៊ុនបច្ចេកវិទ្យាចិន បង្កើត វ៉ែនតាឆ្លាតវៃ ពិនិត្យសីតុណ្ហភាពមនុស្ស នៅចម្ងាយ 3 ម៉ែត្រពីគ្នា

នេះយោងតាមការបញ្ជាក់របស់ប្រធានផ្នែកសាខា Rokid នៅអាមេរិកលោក Liang Guan បានឱ្យដឹងថា ក្រុមហ៊ុន Rokid របស់ប្រទេសចិន ដែលមានទីស្នាក់ការក្នុងទីក្រុង San Francisco បច្ចុប្បន្ន គឺកំពុងស្ថិតក្នុងការចរចាជាមួយភាគីក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក លើផែនការលក់វ៉ែនតាឆ្លាតវៃ T1 ដែលមានសមត្ថភាពអាចពិនិត្យរោគសញ្ញាអ្នកឆ្លងមេរោគ COVID-19។

វ៉ែនតា T1 កន្លងមក ក៏មានប្រើប្រាស់ជាមួយអ្នកជំនាញជាហូរហែនៅឯប្រទេសចិន ដោយចំណុចលេចធ្លោរបស់វា គឺមានបង្កប់ Sensor អាចពិនិត្យសីតុណ្ហភាពក្នុងខ្លួនរបស់មនុស្សប្រមាណ 200នាក់ នៅចម្ងាយ 3ម៉ែត្រពីខ្លួនអ្នកពាក់ T1នេះ ក្នុងរយៈពេលត្រឹមតែ 2នាទីប៉ុណ្ណោះ។

ឧបករណ៍នេះបំពាក់ដោយ CPU របស់ក្រុមហ៊ុន Qualcomm មាន Sensor កាមេរ៉ាទំហំ 12MP គាំទ្រការប្រើប្រាស់មុខងារ AR និងការបញ្ជាដោយសំឡេង ពោលអ្នកអាចនិយាយបញ្ជាឱ្យវាធ្វើការថតជារូបភាព ឬវីដេអូ ដោយមិនបាច់យកដៃទៅប៉ះលើផ្នែកណាមួយរបស់វ៉ែនតាផ្ទាល់ឡើយ។

វ៉ែនតា T1 ទំនងជា អាចនឹងពង្រាយដាក់ឱ្យដំណើរការសម្រាប់បុគ្គលិកនៅក្នុងមន្ទីរពេទ្យ និងជាចំណែកជួយដល់ការអនុវត្តច្បាប់ក្នុងការទប់ស្កាត់ការរាតត្បាត COVID-19 របស់រដ្ឋាភិបាលអាមេរិកជាដើម៕

វ៉ែនតាឆ្លាតវៃ T1

 

Advertisement