ដ្រូន​ក្លាយ​​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​​លើ​ផ្ទៃ​ទឹក​

(ប្រទេស​ចិន) – ដ្រូន TY-3R អាច​ជួយ​ឱ្យ​មនុស្ស​ពេញ​វ័យ​ពីរ​នាក់​អណ្ដែត​លើ​ផ្ទៃ​ទឹក អាច​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​រង្វង់​ 1.1 គីឡូម៉ែត្រ និង​ដំណើរ​ការ​បាន​ 10​ នាទី​​ បន្ទាប់​ពី​បញ្ចូល​ថាមពល​ថ្ម​មួយ​ពេញ​។

ក្រុម​ហ៊ុន​ដ្រូន Didiok Makings របស់​ចិន បាន​អភិវឌ្ឍ​ «ពោង​ហោះ TY-3R» ដែល​ជា​ឧបករណ៍​មួយ​រួម​ផ្សំ​រវាង​ដ្រូន​ដែល​មាន​ស្លាប​បួន និង​ពោង​សង្គ្រោះ​ជីវិត​។ នៅ​ពេល​ក្រុម​អ្នក​សង្គ្រោះ​ស្ថិត​នៅ​លើ​ច្រាំង បាន​ឃើញ​ជន​រង​គ្រោះកំពុង​ស្ថិត​នៅ​លើ​សមុទ្រ ពួក​គេ​នឹងបញ្ជា​ឱ្យដ្រូន TY-3R ហោះ​ទៅ​កាន់​គោលដៅ រួច​ចុះ​ចត​លើ​ផ្ទៃ​ទឹក​ ក្លាយ​ជា​ពោង​សង្គ្រោះ​ជីវិត​។ ជនរង​គ្រោះ​អាច​ប្រើប្រាស់​ដ្រូន​នេះ​ជា​ពោង​ មុន​ពេល​ក្រុម​សង្គ្រោះ​មក​ដល់​។

ដ្រូន​នេះ​បំពាក់​កាមេរ៉ា​ 720 ភិចសែល​ និង​ប្រព័ន្ធ​ GPS ដើម្បី​ជួយ​ឱ្យ​អ្នក​បញ្ជា​មើល​ឃើញ​ទិដ្ឋភាព​បាន​ច្បាស់​ និង​ងាយ​ស្រួល​ឱ្យ​ដ្រូន​ហោះមក​កាន់​កន្លែង​ដើម​ដោយ​ស្វ័យ​ប្រវត្ត។

TY-3R អាច​ជួយ​ឱ្យ​មនុស្ស​ពេញ​វ័យ​ពីរ​នាក់​អណ្ដែត​លើ​ផ្ទៃ​ទឹក អាច​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​រង្វង់​ 1.1 គីឡូម៉ែត្រ និង​​ហោះ​ក្នុង​ល្បឿន​ 47 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ខណៈ​ដែល​អាច​​ដំណើរ​ការ​បាន​ 10​ នាទី​​ បន្ទាប់​ពី​បញ្ចូល​ថាមពល​ថ្ម​មួយ​ពេញ​។

នេះ​មិន​មែនជា​ដ្រូន​សង្គ្រោះ​ជនរងគ្រោះ​លើ​សមុទ្រ​ដំបូង​គេ​នោះ​ទេ។ មុន​នោះ ដ្រូន Pars របស់​អាម៉េរិក Little Ripper របស់​អូស្ត្រាលី និង​ដ្រូន Auxdron របស់​អេស្ប៉ាញ ក៏​មាន​សមត្ថភាព​បែប​នេះ​ផងដែរ​។

Advertisement