ឡានហោះ​ដំបូង​លើ​ពិភពលោក​ ដឹក​ភ្ញៀវ​ដោយ​ជោគ​ជ័យ​

ក្រុម​ហ៊ុន Klein Vision នៅ​ប្រទេស​ស្លូវ៉ាគី បាន​បញ្ចប់​ជើង​ហោះ​ហើរ​ដំបូង​លើ​ពិភពលោក​ដោយ​ឡាន​ដែល​អាច​ផ្លាស់​ទី​ទាំង​នៅ​លើ​ដី និង​នៅលើ​អាកាស​។

Klein Vision សម្រេច​បាន​ជំហាន​សំខាន់​នេះ​ជាមួយ​នឹង​ឡាន​ហោះ​គំរូ AirCar។ ឡាន​ហោះ​នេះ​ដឹក​ភ្ញៀវ​ម្នាក់​ដែល​ជា​តន្ត្រីករជន​ជាតិ​បារាំង Jean-Michel Jarre។ ការ​ធ្វើតេស្ត​សាកល្បង​​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រលាន​យន្តហោះ​នៅស្លូវ៉ាគី​។ នៅក្នុង​វីដេអូ​ដែល​បាន​ចែក​រំលែក​ដោយ​ក្រុម​ហ៊ុន​ ឡាន​កីឡា​ដែល​មាន​ស្លាប​នេះ​បាន​បរ​ដោយ​កង់​បួន​ ហើយ​ហោះ​ឡើង​បន្តិច​ម្ដងៗ​។ តែប៉ុន្មាន​នាទី​ប៉ុណ្ណោះ AirCar ក៏​បាន​ហោះ​ឡើង​ដោយ​សុវត្ថិភាព​។

ឆ្នាំ 2021 AirCar បាន​បញ្ចប់​ជើង​ហោះ​ហើរ​ពីទីក្រុង​មួយ​ទៅទី​ក្រុង​មួយ​ជា​លើក​ដំបូង​ ក្នុង​នោះវា​បាន​ហោះ​ហើររយៈ​ពេល​ 15​នាទី​រវាង​ព្រលាន​យន្តហោះ​អន្តរជាតិ Nitra និង Bratislava នៅ​ប្រទេស្លូវ៉ាគី​។ ឡាន​ហោះ​នេះ​ត្រូវ​បានរចនា​ឡើង​ដើម្បី​អាច​បរនៅ​លើដង​ផ្លូវ និង​ហោះ​នៅ​លើ​អាកាស​។

AirCar ត្រូវ​បាន​ធានាសុវត្ថិភាព​ដោយ​ឆត្រ​យោង​ ហើយ​ក្នុង​អនាគត​ ក្រុម​ហ៊ុន​នឹង​អភិវឌ្ឍ​កាប៊ីន​ ដែល​មាន​កៅអី​បី និង​បួន​។

ក្នុង​ដំណាក់​កាល​ដំបូង AirCar ប្រើប្រាស់​ម៉ាស៊ីន BMW 160 កម្លាំង​សេះ​។ កំណែ​ពីរ​កៅអី​មាន​ទម្ងន់​ប្រហែល 1,100 គីឡូក្រាម​ អាច​ដឹក​ទម្ងន់​បាន 200 គីឡូក្រាម​។ ក្នុង​ការ​ហោះ​ហើរ​សាកល្បង AirCar បាន​ហោះ​ដល់កម្ពស់ 2,500 ម៉ែត្រ និង​ល្បឿន​ 190 គីឡូម៉ែត្រ​/ម៉ោង​។

ក្នុង​អនាគត Klein Vision នឹង​សាកល្បង​ម៉ាស៊ីន​​សម្រាប់​អាកាសចរណ៍ ADEPT ទំនើប​ ដែល​មាំ ស្រាល និង​សន្សំ​សំចៃ​ថាមពល​។ ទន្ទឹម​នឹង​នេះ​ ក្រុម​ហ៊ុន Klein Vision ក៏​បាន​បញ្ចប់​ការរចនា​ជាមូលដ្ឋាន​ និង​ការ​វាយ​តម្លៃ​ ចំពោះ​កំណែ​មួយ​កៅអី​ដែល​អាច​ហោះ​បាន​ជាង 300 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​អាច​ហោះ​បាន 1,000 គីឡូម៉ែត្រ​។

Advertisement