ចិន​បង្ហើប​ឱ្យ​ដឹង​អំពី​ស្ថានីយ​ស្រាវជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ​គំរូដំបូង

ស្ថានីយ​ស្រាវ​ជ្រាវ​ព្រះ​ចន្ទ​ដែល​មាន​រូប​រាង​ដូច​ទៅ​នឹងគ្រាប់​ស៊ុត​ ក្នុង​នោះ​មាន​កន្លែង​សម្រាប់​អ្នក​អវកាស​ធ្វើ​ការ​ពិសោធ​ និង​កន្លែង​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​។

ក្រុម​អ្នក​វិទ្យា​ចិន​ទើប​តែ​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​គំរូ​ដំបូង​នៃ​ស្ថានីយ​ស្រាវ​ជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ​។ ស្ថានីយ​ដែល​​មាន​ឈ្មោះ​ថា Moon Pot និង​មាន​រូប​រាង​ដូចទៅនឹង​គ្រាប់​ស៊ុត​នេះ ត្រូវ​បាន​រចនា​ឡើងដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ Huazhong University។

លោក Li Bin ដែល​ជា​លេខា​របស់​សាកលវិទ្យាល័យ​ខាងលើ​ ឱ្យ​ដឹង​ថា តាម​រយៈ​ការ​បង្កើត​ស្ថានីយ​ស្រាវ​ជ្រាវ​មួយ​លើ​ឋាន​ព្រះ​ចន្ទ អវកាសចរ​នឹង​មាន​កន្លែង​សម្រាប់​ស្រាវជ្រាវ​ និង​ធ្វើកិច្ច​ការ​ប្រចាំ​ថ្ងៃ​ ព្រោះ​ស្ថានីយ​នេះ​ផ្ដល់​សុវត្ថិភាព​ និង​អាច​រស់​នៅ​បាន​។

បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ផ្ដោត​ទៅ​លើ​ការ​រចនា​ម៉ូដសម្រាប់​ Moon Pot​ ដើម្បី​អាច​សាងសង់​បាន​ដោយ​ការ​បោះ​ពុម្ព​បែប​ 3D ដែល​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដែល​ត្រូវ​បាន​នាំ​យក​មក​ពី​ឋានព្រះ​ចន្ទ​ដោយយាន​ Chang’e 5។

យោង​តាម​អង្គការអវកាសចិន​ (CNSA) បេសកកម្ម​អវកាស​នា​ពេល​អនាគត​ដែល​រួម​មាន Chang’e 7 (2026), Chang’e 8 (2028) នឹង​បង្កើត​រូបមន្ត​មូលដ្ឋាន​សម្រាប់​ស្ថានីយ​ស្រាវជ្រាវ​ព្រះ​ចន្ទ​​ដំបូង​របស់​ចិន​។

Advertisement