ន័រវែស សាងសង់នាវា​អ៊ីដ្រូសែន​ធំជាង​គេ​លើពិភពលោក

នាវា​គំរូ​ប្រវែង 117 ម៉ែត្រ អាច​ផ្ទុក​កៅអីចំនួន 120 ដោយ​ប្រើ​ប្រាស់​ថាមពល​អ៊ីដ្រូសែន​បៃតងយ៉ាង​តិច 85% នៃ​ការ​ធ្វើដំណើរ​នៅ​ប៉ូល​ខាង​ជើង​។

ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ Torghatten Nord បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​​រោង​ចក្រ​សាងសង់​កប៉ាល់ Myklebust នៅប្រទេស​ន័រវែស ដើម្បី​សាងសង់​នាវា​ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​ធំជាង​គេ​លើ​ពិភពលោក​។ នាវា​ដែល​អាច​ដឹក​មនុស្ស​បាន​ 120 នាក់​ ធ្វើ​សកម្មភាព​លើ​ផ្លូវ​ទឹក​ដែល​វែង​ជាង​គេ​បំផុត​នៅ​ប្រទេស​ន័រវែស​ ស្ថិត​ក្នុង​តំបន់​ឈូង​សមុទ្រ Vestfjordstrekninga ដែល​ស្ថិត​ក្នុងតំបន់​ប៉ូល​ខាង​ជើង​។

តាម​ផែនការ​ នាវា​ប្រវែង 117 ម៉ែត្រ​នេះ ​នឹងត្រូវ​បាន​រោង​ចក្រ Myklebust សាងសង់​រួច​រាល់ និង​ប្រគល់​ជូន​ក្រុម​ហ៊ុន Torghatten Nord នៅ​ក្នុង​ឆ្នាំ 2026​។

នាវា​នេះ​នឹង​ប្រើប្រាស់​អ៊ីដ្រូសែន​​យ៉ាង​តិច​បំផុត​ 85% នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន​ ហើយ​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ជា​មធ្យម 31.5 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ការ​ប្រើប្រាស់​អ៊ីដ្រូសែន​របស់​នាវា​ខាងលើ​ នឹង​ជួយ​កាត់​បន្ថយ​ឧស្ម័ន​កាបូន​ប្រហែល​ជាង 26,000 តោន​ជា​រៀង​រាល់​ឆ្នាំ​។

Advertisement