បច្ចេកវិទ្យា​បង្ក​ភ្លៀង​សិប្បនិម្មិត​របស់​អារ៉ាប៊ីសាអូឌីត

យន្តហោះ​បាញ់ភាគ​ល្អិត​គីមី​នៅ​ក្នុង​ពពក​ ដើម្បី​បង្ក​ភ្លៀង​សិប្បនិម្មិត

ភាគ​ច្រើន​នៃ​ផ្ទៃ​ដី​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត គឺជា​សមុទ្រ​ខ្សាច់ និង​វាល​រហោឋាន​ដែល​មិន​មាន​មនុស្ស​រស់នៅ​។ ក្នុងនោះ​ក៏មាន​ Rub’ AI Khali ដែល​ជា​សមុទ្រ​ខ្សាច់​មាន​ផ្ទុក​ខ្សាច់​ច្រើន​ជាង​គេ​លើ​ពិភពលោក​ និង​សមុទ្រ​ខ្សាច់​ An-Nafud ជា​ទី​ដែល​មាន​ភ្នំ​ខ្សាច់​កម្ពស់​ជាង 30 ម៉ែត្រ ​រាប់​មិន​អស់​។

ដោយ​សារ​តែ​មាន​ភូមិសាស្ត្រ​ដូច​ខាង​លើ ទើប​ប្រទេស​នៅ​អាស៊ី​ខាងលិច​មួយ​នេះ​ តែង​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​។ សីតុណ្ហភាព​ជា​មធ្យម​នៅ​ក្នុង​រដូវ​ក្ដៅគឺ​ប្រហែល​ 45 អង្សាសេ ប៉ុន្តែ​ក៏​អាច​ឡើង​ដល់​ជាង 50 អង្សាសេ​​ផងដែរ​។

ប្រទេស​អារ៉ាប៊ីសាអូឌីត កំពុង​តែ​ងាក​ទៅ​រក​បច្ចេក​វិទ្យា​បង្ក​ភ្លៀង​សិប្បនិម្មិត​ ក្នុង​បំណង​បង្កើន​បរិមាណ​ទឹក​ភ្លៀង​ឱ្យ​បាន​ច្រើន​ជាង​មុន​ចាប់​ពី 10 ទៅ 20%​។ បច្ចេកវិទ្យា​ដែល​អារ៉ាប៊ីសាអូឌីត​ប្រើប្រាស់​គឺ​ ការ​បណ្ដុះ​ពពក​បង្កភ្លៀង​សិប្បនិម្មិត​។

ចាប់​តាំង​ពី​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅ​សហរដ្ឋ​អាម៉េរិក​កាល​ពី​ឆ្នាំ 1946 ការ​បង្ក​ភ្លៀង​សិប្បនិម្មិត​គឺជា​បច្ចេកវិទ្យា​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​តាម​ប្រទេស​ជា​ច្រើន​លើពិភពលោក​។ គិត​មក​ដល់​បច្ចុប្បន្ន មាន​ប្រទេស​ជាង 50 បាន​ និង​កំពុង​ប្រើ​ប្រាស់បច្ចេកវិទ្យា​នេះ​។

បណ្ដុះ​ពពក​គឺជា​បច្ចេកទេស​ដែល​គេ​ប្រើ​ប្រាស់​ធាតុ​គីមី​ ដែលមាន​ដូច​ជា​ភាគ​​ល្អិត​នៃ​​អ៊ីយ៉ូត​ប្រាក់​ជា​ដើម​​ បាញ់​ទៅ​លើ​ពពក​ ដើម្បី​បង្កើន​បរិមាណ​ទឹក​ភ្លៀង​ពី​ពពក​។ នៅ​ពេល​​ចូល​ទៅ​ដល់​ពពក ភាគ​ល្អិត​អ៊ីយ៉ូត​ប្រាក់​នឹង​ស្រូប​ទាញ​ភាគ​ល្អិត​របស់​ទឹក ​ឱ្យ​ប្រមូល​ផ្ដុំ​ជុំវិញ​វា។ បន្ទាប់​មក តំណក់​ទឹក​តូច​ៗ​នេះ​ក៏​ប៉ះ​គ្នា​ បង្កើត​បាន​ជា​តំណក់​ទឹក​ដែល​ធំ​ជាង​មុន​ រហូត​ដល់​ធ្លាក់​មក​ជា​ទឹក​ភ្លៀង​។

បច្ចុប្បន្ន មាន​មធ្យោបាយ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ច្រើន​ នៅ​ក្នុង​ការ​បណ្ដុះ​ពពក​ដើម្បី​បង្កើន​ទឹក​ភ្លៀង​។ ទីមួយ​ គឺ​ការ​ប្រើ​ប្រាស់​យន្តហោះ​ធុន​ស្រាល​ដើម្បី​បាញ់​កាំជ្រួច​ភ្លើង​ដែល​មាន​ផ្ទុក​ភាគ​ល្អិត​សូដ្យូមក្លរួ ឬ​អ៊ីយ៉ូត​ប្រាក់ ចូល​ទៅក្នុង​ពពក​។ ទីពីរ​ គឺ​ការ​បាញ់​រ៉ុក្កែត​តូច​ៗ​ដែល​មាន​ផ្ទុក​ភាគ​ល្អិត​ ពី​ដី​ទៅ​កាន់​ពពក​។

បើទោះ​ជា​បច្ចេក​ទេស​បង្ក​ភ្លៀង​សិប្បនិម្មិត​ តែង​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​គេ​សង្ស័យ​ផងដែរ​។ ជាក់​ស្ដែង កាល​ពី​ដើម​សប្ដាហ៍​នេះ​ ភ្លៀង​ធំច្រើន​មេ​ដែល​ប្រហាក់​ប្រហែល​នឹង​បរិមាណ​ទឹក​ភ្លៀង​ពីរ​ឆ្នាំ​បូក​ចូល​គ្នា បាន​ធ្លាក់​ចុះ​លើ​ទីក្រុង​ឌូបៃ​របស់​ប្រទេស​អេមីរ៉ាត់​អារ៉ាប់រួម​ (UAE) នៅ​ក្នុង​មួយ​ថ្ងៃ​ បង្ក​ឱ្យ​មាន​ទឹក​ជំនន់​យ៉ាង​ធ្ងន់ធ្ងរ​។ នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​មាន​ការ​បញ្ចេញ​មតិ​ជា​ច្រើន​ដែល​ចោទ​ថា នេះ​គឺជា​លទ្ធផល​នៃ​ការ​បង្ក​ភ្លៀង​សិប្បនិម្មិត​។ ក៏ប៉ុន្តែ អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​៕

Advertisement