(អង់គ្លេស) – Space Solar ឆ្ពោះទៅកាន់ការអភិវឌ្ឍផ្កាយរណបទំហំមួយគីឡូម៉ែត្រដែលបំពាក់ផ្ទាំងសូឡា និងប្រព័ន្ធកញ្ចក់ដើម្បីប្រមូលពន្លឺព្រះអាទិត្យ និងបាញ់បញ្ជូនមកកាន់ផែនដី ក្នុងទម្រង់រលកវិទ្យុ។
ក្រុមហ៊ុនធុរកិច្ចថ្មី Space Solar នៅប្រទេសអង់គ្លេសប្រកាសថា បានទទួលជោគជ័យមួយជំហាននៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ជូនអគ្គិសនីដោយមិនប្រើខ្សែ ដែលជាជំហានសំខាន់ជួយប្រែក្លាយគំនិតស្ដីពីការផលិតអគ្គិសនីពីថាមពលព្រះអាទិត្យក្នុងទីអវកាសឱ្យទៅជាការពិត។
ជោគជ័យនេះនឹងជួយឱ្យក្រុមហ៊ុន Space Solar ឆ្ពោះទៅជិតដល់គោលដៅផ្គត់ផ្គង់ថាមពលស្អាតច្រើនជីហ្គាវ៉ាត់ដល់ផែនដី តាមរយៈការប្រើប្រាស់ផ្ទាំងសូឡាដែលដាក់នៅលើគន្លងតារាវិថីផែនដី។ នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 7 មេសា 2024។
Space Solar គឺជាក្រុមហ៊ុនដំបូងគេលើពិភពលោក ដែលប្រើប្រាស់ប្រព័ន្ធបាញ់បញ្ជូនអគ្គិសនីដោយមិនបាច់មានខ្សែ 360 ដឺក្រេ។ ប្រព័ន្ធសម្រាប់សាកល្បង HARRIER របស់ពួកគេ ដោះស្រាយឧបសគ្គធំមួយនៅក្នុងការផលិតអគ្គិសនីពីព្រះអាទិត្យនៅក្នុងទីអវកាស។
មិនដូចទៅនឹងបច្ចេកវិទ្យាចាស់ ប្រព័ន្ធ HARRIER អនុញ្ញាតឱ្យបាញ់បញ្ជូនអគ្គិសនីទៅគ្រប់ទិស ដោយមិនត្រូវការផ្នែកចល័ត ជួយបង្កើនទាំងប្រសិទ្ធភាព ទាំងទំនុកចិត្ត។
Space Solar អាចនឹងអភិវឌ្ឍផ្កាយរណបដែលមានទំហំមួយគីឡូម៉ែត្រ បំពាក់ផ្ទាំងសូឡា និងប្រព័ន្ធកញ្ចក់ប្រមូលពន្លឺព្រះអាទិត្យ។ អគ្គិសនីដែលផលិតបាននឹងត្រូវបានបំប្លែងទៅជារលកវិទ្យុប្រេកង់ខ្ពស់ និងបាញ់បញ្ជូនមកកាន់ប្រព័ន្ធទទួលនៅលើផែនដី។
ប្រព័ន្ធរបស់ក្រុមហ៊ុនខាងលើទទួលបានការគាំទ្ររបស់រដ្ឋាភិបាលអង់គ្លេស និងទីភ្នាក់ងារអវកាសអឺរ៉ុប។