កាត់បន្ថយ​កម្ដៅ​លើផែនដី​ ដោយ​ការ​បាញ់អំបិល​​ទៅ​កាន់​អាកាស

កាល​ពី​ពេលថ្មី​ៗ​នេះ ​បច្ចេកវិទ្យា​បង្កើន​ពន្លឺ​ពពក ត្រូវ​បាន​ធ្វើ​តេស្ត​​ជា​លើក​ដំបូង ​ក្នុង​បរិយាកាស​ខាង​ក្រៅ​ ​នៅ​សហរដ្ឋ​អាម៉េរិក​​។

ព្រឹក​ថ្ងៃទី 3 មេសា ឆ្នាំ 2024 ប្រព័ន្ធ​​ម៉ាស៊ីន​បាញ់​ភាគ​ល្អិត​អំបិល អម​នឹង​​បច្ចេកវិទ្យា​ឆ្លាត​វៃ​ជា​ច្រើន​ ទៀត​ ត្រូវ​បាន​ដំឡើង​លើ​នាវា​ Hornet​។ ផ្សែង​ភាគ​ល្អិត​អំបិល​ក៏​ត្រូវ​បាន​បាញ់​ឡើង​ទៅ​ក្នុង​អាកាស​ជា​លើក​ដំបូង​។ ការ​សាកល្បង​នេះ​នឹង​បើក​ផ្លូវ​សម្រាប់​បច្ចេកវិទ្យា​មួយ​ដ៏​មាន​សក្ដានុពល​ ជួយ​កាត់​បន្ថយ​ស្ថានភាព​កើន​ឡើង​កម្ដៅ​នៅ​ទូទាំង​សកល​លោក​។

វិធី​សាស្ត្រ​នេះ​ជួយ​ឱ្យ​ពពក​មាន​ពន្លឺ​ជាង​ធម្មតា​ និង​ចាំង​ប្លាត​វិទ្យុសកម្ម​ព្រះ​អាទិត្យ​ឱ្យ​ត្រលប់​ទៅ​កាន់​ទីអវកាស​បាន​ច្រើន​ជាង​មុន​ ដែល​នេះ​នឹង​ជួយ​ឱ្យ​ផែនដី​បាន​ត្រជាក់​ជាង​មុន​។ នេះ​បើ​តាម​សារព័ត៌មាន New York Times។

យោង​តាម​ New York Times ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ដើម្បី​វិភាគ​​។ ក៏ប៉ុន្តែ លទ្ធផល​នៃ​ការ​វិភាគនឹង​ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ដឹង​ថា តើ​បច្ចេក​ទេស​បង្កើន​ពន្លឺ​ពពក​លើ​មហា​សមុទ្រ មាន​ប្រសិទ្ធភាព​ ឬ​អត់​។ Robert Wood ប្រធាន​ក្រុម​ស្រាវជ្រាវ​អំពី​សមុទ្រ​ប្រចាំ​សាកល​វិទ្យាល័យ​ Washington ឱ្យ​ដឹង​ដូច្នេះ​។

Robert Wood យល់​ថា អ្នក​វិទ្យាសាស្ត្រ​​អាច​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​ទសវត្សរ៍​បន្ថែម​ទៀត​ ដើម្បី​សាកល្បង​បច្ចេកវិទ្យា​នេះ​ មុន​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បង្កើន​ពន្លឺ​ពពកទ្រង់​ទ្រាយ​ធំ​​ជា​ផ្លូវ​ការ ដើម្បី​បញ្ចុះ​កម្ដៅ​ផែនដី​៕

Advertisement