ណាសា​រក​ឃើញ​បញ្ហា​នៅ​លើ​យាន​អវកាស​ដែល​នៅ​ឆ្ងាយ​ពី​ផែនដី​ 24 ពាន់​លាន​គីឡូម៉ែត្រ​

យាន​ Voyager 1 បញ្ជូន​ទិន្នន័យ​គ្មាន​តម្លៃ​ចាប់​ពី​ចុង​ខែ​វិច្ឆិកា 2023 ដោយ​សារ​តែ​បន្ទះ​ឈីប​នៅ​លើ​យាន​ ទំនង​ជា​បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​ភាគ​ល្អិត​ថាមពល​ខ្ពស់​។

ក្នុង​ 5 ខែ​កន្លង យានអវកាស Voyager 1 បាន​បញ្ជូន​ទិន្នន័យ​ដែល​មិន​អាច​អាន​បាន​ មក​កាន់​ផែនដី​។ មុន​នោះ យាន​នេះ​តែង​តែបញ្ជូន​រលក​សញ្ញា​វិទ្យុ​ជា​ទៀត​ទាត់​ នៅពេល​វា​ហោះ​កាន់​តែ​ឆ្ងាយ​ពី​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ ក៏ប៉ុន្តែ នៅ​ខែ​វិច្ឆិកា 2023 រលក​សញ្ញា​បែរ​ជា​ខុស​ប្រក្រតី ព្រោះ​ទិន្នន័យ​ដែល​វា​បញ្ជូន​មក មិន​អាច​ឱ្យ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អាន​បាន​ ហើយ​ពួក​គេ​ក៏​មិន​ដឹង​មូលហេតុ​នៃ​បញ្ហា​។

ក្នុង​ខែ​មីនា 2024 ក្រុម​វិស្វករ​ណាសា​ បាន​បញ្ជូន​រលក​សញ្ញា​រំលឹក​អំពី​ការ​បញ្ជា​យាន​ ដើម្បី​ទាញ​យក​ព័ត៌មាន​ពី​ប្រព័ន្ធ​រង​ផ្នែក​ទិន្នន័យ​នៃ​ការ​ហោះ​ហើរ (FDS) របស់​ Voyager 1។ ក្រោយ​ពី​បាន​បក​ស្រាយ​រលក​សញ្ញា​វិទ្យុ​ឆ្លើយ​តបរបស់​យាន ក្រុម​វិស្វករ​ក៏​បាន​រកឃើញ​ថា ដើម​ហេតុ​នៃ​បញ្ហា​​គឺ​ស្ថិត​នៅ​ត្រង់​អង្គ​ចង​ចាំ​របស់​ FDS ត្រូវ​ខូច​។ នេះ​បើ​តាម​ទំព័រ Live Science ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃទី 5 មេសា​។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ណាសា​នៅ​តែ​អាច​រក​វិធី​ដំណើរ​ការ​ FDS ដោយ​មិន​ចាំបាច់​មាន​ឈីប​ដែល​បាន​ឆេះ​ និង​ស្ដារ​សមត្ថភាព​បញ្ជូន​ទិន្នន័យ​របស់​យាន​។ ប៉ុន្តែ ដំណោះ​ស្រាយនេះ​ត្រូវ​ការ​ពេល​ច្រើន​ខែ​ទៀត​។

ចាប់​តាំង​ពី​ត្រូវ​បាន​បាញ់​​បង្ហោះ​កាល​ពី​ឆ្នាំ 1977 យាន​ Voyager 1 បាន​ហោះ​ឆ្ងាយ​ពី​ព្រះ​អាទិត្យ​ក្នុង​ល្បឿន​​ប្រហែល​ 17 គីឡូម៉ែត្រ​ក្នុង​មួយ​។ យាន​នេះ​បាន​ហោះ​ចូលដល់​តំបន់​អន្តរ​តារា​កាល​ពី​ឆ្នាំ 2012​ ហើយ​ក៏ក្លាយ​ជា​យាន​ដំបូង​គេ​ដែល​ធ្វើ​បាន​ដូច្នេះ​។ បច្ចុប្បន្ន​ វា​គឺជា​វត្ថុ​​ផលិត​ដោយ​មនុស្ស​ ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ផែនដី​ជាង​គេ​បង្អស់​។

Advertisement