អាម៉េរិក​នឹង​អភិវឌ្ឍ​យាន​ផ្គត់ផ្គង់ឥន្ធនៈ​​នៅលើ​គន្លង​តារាវិថី​ផែនដី

យាន​ APS-R នឹង​ផ្គត់ផ្គង់​សេវា​កម្ម​ចាក់​ប្រេងឥន្ធនៈ​សម្រាប់​បណ្ដា​យាន​សម​ស្រប​ នៅ​លើ​គន្លង​តារាវិថី​ជុំវិញ​ផែនដី កម្ពស់​ប្រហែល 35,800 គីឡូម៉ែត្រ​ ពីលើ​ខ្សែ​អេក្វាទ័រ​​។

នៅ​លើ​គន្លង​តារា​វិថី​ផែនដី មាន​ផ្កាយ​រណប​ និង​យាន​អវកាស​រាប់​ពាន់​​ ប៉ុន្តែពួក​វា​សុទ្ធ​តែ​ប្រឈម​នឹង​បញ្ហា​ធំ​មួយ​ នោះ​គឺ​ «ឆាប់អស់​ឥន្ធនៈ»។ បញ្ហា​នេះ​តែង​តែ​បណ្ដាល​ឱ្យ​ផ្កាយ​រណប​ត្រូវ​ឈប់​ដំណើរ​ការ​ បើ​ទោះ​ឧបករណ៍​នានា​នៅ​មាន​ស្ថាន​ភាព​ល្អ​។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ភាគ​និរតី​ (SwRI) នៅសហរដ្ឋ​អាម៉េរិក បាន​រៀប​ផែនការ​អភិវឌ្ឍ​យាន​អវកាស​ដែល​អាច​ផ្គត់ផ្គង់​សេវា​ចាក់​ឥន្ធនៈ​នៅ​ទីអវកាស​។ ពួក​គេ​នឹង​អភិវឌ្ឍ​យាន​អវកាស​គំរូ​ដែល​មាន​ឈ្មោះ​ថា Astroscale Prototype Servicer for Refueling (APS-R) ដើម្បី​ផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ​សម្រាប់​យាន​សមស្រប​ នៅ​លើ​គន្លង​តារាវិថី​ជុំវិញ​ផែនដី កម្ពស់​ប្រហែល 35,800 គីឡូម៉ែត្រ​ ​ពីខាង​លើ​ខ្សែ​អេក្វាទ័រ​។

APS-R នឹង​គោចរ​ទៅ​តាម​គន្លង​គោចរ​មូល​ដែល​ស្រប​នឹង​រង្វិល​ជុំ​របស់ផែនដី​។ យាន​អវកាស​នេះ​នឹង​ដឹក​ជញ្ជូន​ឥន្ធនៈ hydrazine ពី​ស្ថានីយ​ ទៅ​កាន់​ផ្កាយ​រណប​ដែល​ត្រូវ​ការ​ឥន្ធនៈ​។ វា​អាច​ផ្ដល់​សេវាកម្ម​សម្រាប់​រាល់​យាន​អវកាស​ដែល​មាន​រន្ធ​បញ្ចូល​ឥន្ធនៈ​សម​ស្រប​នឹង​ក្បាល​ទូយោ​របស់យាន​​ APS-R​។

SwRI កំណត់​គោល​ដៅ​អភិវឌ្ឍ​យាន​ដឹក​ជញ្ជូន​ដើម្បី​នាំ​ APS-R ឡើងទៅ​កាន់​ទីអវកាស​ ក្នុង​រយៈ​ពេល​ 16 ខែ​ទៀត​។

នៅពេល​ដំណាក់​កាល​រចនា និង​អភិវឌ្ឍ​យាន​ដឹក​ជញ្ជូន​ត្រូវ​បាន​ធ្វើ​ឡើង​រួច​រាល់ SwRI នឹង​បញ្ចូល​ទំនិញ​ដែល Astroscale ផ្គត់ផ្គង់​ ហើយ​ធ្វើ​ការ​សាកល្បង​បរិស្ថាន​ ដើម្បី​ត្រៀម​សម្រាប់​ការ​បាញ់បង្ហោះ​។ យោងតាម​ Interesting Engineering យាន​ APS-R គ្រោង​នឹង​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​បាញ់​បង្ហោះ​នៅ​ក្នុង​ឆ្នាំ 2026​៕

Advertisement