ណាសា​ទទួល​បាន​រលក​សញ្ញា​អាច​អាន​បាន​ ​ពី​អវកាស​ចម្ងាយ​ 24,000 លាន​គីឡូម៉ែត្រ​

ក្រោយ​ពី​ជួប​បញ្ហា​ផ្នែក​ទំនាក់​ទំនង​ជាមួយ​យាន​អវកាស Voyager 1 អស់​មួយ​រយៈ​ពេល​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA) ក៏​ទទួល​បាន​រលក​សញ្ញា​ដែល​មាន​អត្ថន័យ​ ពី​យាន​អវកាស​ដែល​កំពុង​ហោះ​ហើរ​ក្នុង​តំបន់​អន្តរតារា។

Live Science កាល​ពី​ថ្ងៃទី 15 មីនា បានចេញ​ផ្សាយ​ថា បន្ទាប់​ពី​ភាព​តាន​តឹង​អស់​រយៈ​ពេល 4 ខែ​ ចុង​ក្រោយ​ ណាសា​ក៏​បាន​ទទួល​រលក​សញ្ញា​ដែល​អាច​អាន​បាន​ ពី​យាន​អវកាស Voyager​។ ចាប់​ពី​ខែ​វិច្ឆិកា 2023 យាន​ Voyager 1 ដែល​មាន​អាយុ​ជិត 50 ឆ្នាំ បាន​ជួប​បញ្ហា​កុំព្យូទ័រ​នៅ​លើ​យាន​។ បើទោះជា​យាន​នេះ​នៅ​តែ​បញ្ជូន​រលក​​សញ្ញា​វិទ្យុ​​មក​កាន់​ផែនដី​ជា​ទៀង​ទាត់ ប៉ុន្តែ​​រលក​សញ្ញា​ទាំង​នោះ​មិន​មាន​ទិន្នន័យ​ដែល​មាន​ប្រយោជន៍ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ព្រួយ​បារម្ភ​។

ប៉ុន្តែ កាល​ពី​ថ្ងៃទី 01 មីនា យាន​ Voyager 1 ក៏​បាន​ឆ្លើយ​តប​ដោយ​រលក​សញ្ញា​ថ្មី​ដែល​វិស្វករ​ណាសា​អាច​យល់​បាន​ បន្ទាប់​ពី​ពួក​គេ​បាន​​បញ្ជូន​រលក​វិទ្យុ​​បញ្ជា​ពី​ផែនដី​។ ពួក​គេ​យល់​ថា ព័ត៌មាន​នេះ​អាចជួយ​ឱ្យ​វិស្វករ​នៅ​ណាសា ​បក​ស្រាយ​បាន​នូវ​បញ្ហា​​ទំនាក់​ទំនង​​របស់​ Voyager 1 នា​ពេល​កន្លង។

ក៏ប៉ុន្តែ ណាសា​​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​បក​ស្រាយ​រកមូលហេតុ​នៃ​​បញ្ហា​ ដោយ​សារ​តែ​រយៈ​ពេល​នៃ​ការ​បញ្ជូន​រលក​សញ្ញា​​ពីផែនដី និង​ទទួល​ពី​យាន​​ដែល​កំពុង​ស្ថិត​នៅចម្ងាយ​​​​ជាង 24 ពាន់​លាន​គីឡូម៉ែត្រ​ ស៊ី​ពេល​អស់ 45 ម៉ោង​៕

Advertisement