ក្រោយពីហេតុការណ៍ Facebook, Instagram, Threads និង Messenger «នាំគ្នា» ឈប់ដំណើរការនៅទូទាំងពិភពលោក ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ នៅម៉ោងប្រហែល 22 និង 25 នាទី ថ្ងៃទី 05 មីនា (ម៉ោងនៅកម្ពុជា) ក្រុមហ៊ុនសន្តិសុខបណ្ដាញអ៊ីនធើណិត Cyberint បានរាយការណ៍ថា «ចោរអ៊ីនធើណិត» (hacker) ចំនួនបីក្រុម រួមមាន Anonymous Sudan, Skynet និង Godzilla បានចេញមុខទទួលខុសត្រូវចំពោះរឿងនេះ។
បន្ទាប់ពីហេតុការណ៍បានកើតឡើង Anonymous Sundan ក៏បានបង្អួតស្នាដៃ តាមរយៈក្រុម Telegram «ការវាយប្រហារតាមអ៊ីនធើណិត ធ្វើឱ្យ Facebook គាំង ដែលបង្កើតឡើងដោយក្រុមរបស់យើង និងក្រុមហែកឃើរពីរផ្សេងទៀត គឺ Skynet និង Godzilla!»។ គោលដៅរបស់ពួកគេគឺ ការវាយប្រហារ និងបិទទ្វារថ្នាលបច្ចេកវិទ្យាដូច Facebook និង Instagram ជាដើម។
ក៏ប៉ុន្តែ Cyberint ឱ្យដឹងថា មិនទាន់ដឹងច្បាស់នៅឡើយថា Facebook, Instagram, Threads និង Messenger ត្រូវផ្អាកដំណើរការគឺដោយសារក្រុមទាំងបីខាងលើ។
![](https://i0.wp.com/lareine.com.kh/wp-content/uploads/2024/03/lareine.com.kh-2024-03-07_15-18-29_614631.jpg?resize=696%2C810&ssl=1)
បើសិនវាពិតជាស្នាដៃរបស់ក្រុមហែកឃើរទាំងបីនេះមែន នោះការវាយប្រហារនេះមិនមែនជាលើកដំបូងដែលក្រុមទាំងនេះបានសហការគ្នានោះទេ។ កាលពីខែធ្នូឆ្នាំ 2023 ក្រុមទាំងបីនេះធ្លាប់បានទទួលខុសត្រូវចំពោះការសហការវាយប្រហារលើទំព័រចុះឈ្មោះចូលរបស់ Discord ។ មុននោះ ក្រុមនេះក៏ធ្លាប់បានរៀបផែនដីវាយប្រហារ ChatGPT ផងដែរ។
Facebook មិនទាន់បញ្ចេញប្រតិកម្មនៅឡើយ ទាក់ទងនឹងព័ត៌មានខាងលើ។ រហូតមកដល់បច្ចុប្បន្ន Facebook ទំនងជាមិនទាន់រៀបរយទាំងស្រុងនៅឡើយ ព្រោះអ្នកប្រើប្រាស់មួយចំនួននៅតែមិនទាន់ចូលប្រើប្រាស់បាន៕