តាក់ស៊ីហោះ​អគ្គិសនីរបស់​ចិន​ បញ្ចប់​ជើង​ហោះ​ហើរ​អន្តរទីក្រុងជា​លើក​ដំបូង​

(ប្រទេស​ចិន) – ជើង​ហោះ​ហើរ​ពី​​ទីក្រុងមួយ​ទៅ​​ទីក្រុង​ជា​លើក​ដំបូង​ក្នុង​ពិភពលោក​ ដែល​ធ្វើ​ឡើង​ដោយ​តាក់​ស៊ី​ហោះ​អគ្គិសនី​ប្រភេទ​ហោះ​ឡើង​ និង​ចុះ​ចតបញ្ឈរ​​ត្រង់នេះ​ អូស​បន្លាយ​ពេល​ប្រហែល 20 នាទី​ កាល​ពីថ្ងៃទី 27 កុម្ភៈ 2024​។

AutoFlight ដែល​ជា​អ្នក​អភិវឌ្ឍ​យាន​ជំនិះ​ប្រភេទ​ហោះ​ឡើង និង​ចុះ​ចត​បញ្ឈរ​ត្រង់​ដំណើរ​ការ​ដោយ​អគ្គិសនី (eVTOL) ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ចិន និង​អាល្លឺម៉ង់ បាន​បញ្ចប់​ជំហាន​ដ៏​សំខាន់​នៅ​ក្នុងវិស័យ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​ក្នុង​ក្រុង​ កាល​ពី​ថ្ងៃទី 27 ខែ​កុម្ភៈ ជាមួយ​នឹង​ជើង​ហោះ​ហើរ​អន្តរ​ទីក្រុង​ស្វ័យ​ប្រវត្ត​ដំបូង​គេ​លើ​ពិភពលោក​។

ក្នុង​ជើង​ហោះ​ហើរ​នេះ តាក់ស៊ី​ហោះ​ 5 កៅអី Prosperity របស់​ AutoFlight ធ្វើ​ដំណើរ​រវាង​ទីក្រុង​ Shenzhen និង Zhuhai របស់​ប្រទេស​ចិន​ ដោយ​បាន​ឆ្លង​កាត់​គម្លាត​ 50 គីឡូម៉ែត្រ​។ ជើង​ហោះ​ហើរ​នេះ​ចំណាយ​ពេល​ប្រហែល​ 20 នាទី លឿន​ជាង​ឆ្ងាយ​បើធៀប​នឹង​ 3 ម៉ោង​នៃ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​។

Prosperity អាច​ហោះ​ហើរ​បាន​ចម្ងាយ​ 250 គីឡូម៉ែត្រ និង​ហោះ​ក្នុង​ល្បឿន​រហូត​ដល់ 200 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ជើង​ហោះ​ហើរ​នេះ​បាន​បង្ហាញយ៉ាង​ច្បាស់​អំពី​សក្ដានុពល​​បច្ចេកវិទ្យា​​របស់ AutoFlight ក៏ដូចជា​ការ​គាំទ្រ​របស់​អាជ្ញាធរ​ចិន​ នៅ​ក្នុង​ការ​បំពាក់​ eVTOL៕

Advertisement