ប្រទេស​ចិន​នឹង​បាញ់​បង្ហោះ​​ផ្កាយ​រណប​ពិសោធ​ន៍​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​នេះ

ប្រទេស​ចិន​មាន​ផែនការ​បាញ់​បញ្ជូន​ផ្កាយ​រណប​ពិសោធន៍​ចំនួន​ពីរ​គ្រឿង​ទៅ​កាន់​គន្លង​តារា​វិថី​ព្រះ​ចន្ទ​ ដើម្បី​បង្កើត​បណ្ដាញ​ទំនាក់​ទំនង​រវាង​ឋាន​រណប​នេះ​ និង​ផែនដី​។ នេះ​បើ​តាម​សារព័ត៌មាន Xinhua ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 04 កុម្ភៈ​។

សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី 03 កុម្ភៈ របស់​​បន្ទប់​ពិសោធន៍​ស្រាវ​ជ្រាវ​អវកាស​ជ្រៅ​របស់​ប្រទេស​ចិន​ បាន​ឱ្យ​​ដឹង​ថា ផ្កាយ​រណប​ដូច​គ្នា​ចំនួន​ពីរ​គ្រឿង​ ដែល​មាន​ទម្ងន់​ 61 និង 15 គីឡូក្រាម​ នឹង​ហោះ​​ក្នុង​​គន្លង​តារាវិធី​ព្រះ​ចន្ទ​។

ផ្កាយ​រណប​ទាំង​នេះ​នឹង​ធ្វើ​ការ​ពិសោធ​ វាយ​តម្លៃ​លើ​លទ្ធភាព​នៃ​ការ​​ប្រើ​ប្រាស់​ និង​ប្រសិទ្ធភាព​របស់​បច្ចេក​វិទ្យា​ថ្មី​នានា​ មាន​ដូច​ជា បច្ចេកវិទ្យា​បញ្ជូន​រលកសញ្ញា​ និង​បច្ចេកវិទ្យា​វាស់​វែង​ដែល​មាន​សុក្រឹតភាព​កម្រិត​ខ្ពស់​ជា​ដើម​។

ប្រទេស​ចិន​គ្រោង​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​ទាំង​ពីរ​គ្រឿង​ខាងលើ​នៅ​ពាក់​កណ្ដាល​ដើម​ឆ្នាំ 2024​ ជាមួយ​នឹង​ផ្កាយ​រណប​អន្តរកម្ម​ Queqiao-2។ Queqiao-2 នឹង​ផ្ដល់​សេវា​ទំនាក់​ទំនង​សម្រាប់​បេសក​កម្ម​ព្រះ​ចន្ទ​ Chang’e 4, 6, 7 និង​ 8​ របស់​ចិន​។

បច្ចុប្បន្ន ប្រទេស​ចិន​កំពុង​ជំរុញ​កម្មវិធី​ស្រាវ​ជ្រាវ​ព្រះ​ចន្ទ​ ក្នុង​នោះ​ ប្រទេស​នេះ​ក៏​មាន​ផែនការ​នាំ​មនុស្ស​ឡើង​ទៅ​កាន់​ភពរណប​នេះ​នៅ​មុន​ឆ្នាំ 2030​ ផងដែរ​៕

Advertisement