ជប៉ុន​ប្រកាស​ថា យាន​ SLIM នៅ​លើ​ឋាន​ព្រះ​ចន្ទ​បាន​ដំណើរ​ការ​ឡើង​វិញ​

យាន​ចុះ​ចត​លើឋាន​ព្រះ​ចន្ទ​ SLIM របស់​ប្រទេស​ជប៉ុន ដំណើរ​ការ​ឡើងវិញ​ និង​បាន​ថត​រូប​ភាព​ថ្ម​មួយ​ផ្ទាំង​ដែល​ស្ថិត​នៅ​ក្បែរ​នោះ កាល​ពី​ថ្ងៃទី 28 មករា 2024​។

ក្រោយ​ពី​បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 20 មករា 2024 អង្គការ​ស្រាវជ្រាវ​អវកាស​ជប៉ុន​ (JAXA) ប្រកាស​​ថា SLIM មាន​បញ្ហា​ប្រព័ន្ធ​សូឡា​ នាំ​ឱ្យ​យាន​ចុះ​ចត​របស់​ពួក​គេ​មិន​អាច​ផលិត​អគ្គិសនី​។ ក៏ប៉ុន្តែ JAXA បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ SLIM ដោយ​ជោគ​ជ័យ និង​បើក​ដំណើរ​ការ​យាន​នេះ​ឡើងវិញ​។ នេះ​បើ​តាម​ប្រកាសរបស់​ JAXA ​នា​ថ្ងៃ​នេះ​។ JAXA ក៏​បាន​ចែក​រំលែក​រូប​ថតមួយ​សន្លឹក​ដែល​បង្ហាញ​ពី​ថ្ម​មួយ​ផ្ទាំង​​នៅ​ក្បែរ​យាន SLIM ផងដែរ​។

យាន​អវកាស​ SLIM ឬ​ហៅ​ថា Moon Sniper បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​កាល​ពី​វេលាម៉ោង​ 22 និង 20 នាទី ថ្ងៃទី 19 មករា 2024​ ជួយ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទីប្រាំ​ដែល​មាន​យាន​ធ្វើ​សកម្មភាព​នៅ​លើ​ទីឋាន​រណប​ធម្មជាតិ​របស់​ផែនដី​ បន្ទាប់​ពី​ សហរដ្ឋ​អាម៉េរិក សូវៀត ចិន និង​ឥណ្ឌា​។

ផ្ទាំង​ថ្ម​ដែល​ SLIM ថត​បាន​

បច្ចុប្បន្ន ការ​បញ្ជូន​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ កំពុងក្លាយ​ជា​រឿង​ប្រកួត​ប្រជែង​មួយ​លើ​ពិភពលោក​។ ប្រទេស​រុស្ស៊ី កូរ៉េខាង​ត្បូង និង​អេមីរ៉ាតអារ៉ាប់​រួម​ ក៏​កំពុង​រក​វិធីបញ្ជូន​យាន​ទៅ​​ចុះ​ចត​លើ​ឋានព្រះ​ចន្ទ​។ ក្នុង​ខែ​មករា​នេះ យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ Peregrine របស់​ក្រុម​ហ៊ុន​អាម៉េរិក Astrobotic ជួប​បញ្ហា​លេច​ធ្លាយ​ឥន្ធនៈ​ បន្ទាប់​ពី​បាន​ហោះ​ឡើង​ នាំ​ឱ្យ​បេសក​កម្ម​របស់​វា​ត្រូវ​បរាជ័យ​។ ចំណែក​ NASA វិញ​ក៏​បាន​ពន្យារ​ពេលចំពោះ​គម្រោង​នាំ​មនុស្ស​ឡើង​ទៅ​ជាន់​ដី​ព្រះ​ចន្ទ​នៅ​ក្នុង​កម្មវិធី​ Artemis ផងដែរ​៕

Advertisement