ថ្ម​នុយក្លេអែរ​ចិន ដំណើរ​ការ​ 50 ឆ្នាំ ដោយ​មិន​បាច់​បញ្ចូល​ថាមពល​ជាថ្មី

ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​របស់​ចិន Betavolt អភិវឌ្ឍ​ថ្ម​ផ្ទុក​ថាមពល​នុយក្លេអែរ​តូចប៉ុន​កាក់​ ប៉ុន្តែ​មាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់ជាង​ 10 ដង បើធៀប​នឹង​ថ្ម​ប្រភេទ​លីចូម។

យោងតាម​ក្រុម​ហ៊ុន Betavolt ប្រភេទ​ថ្ម​ថ្មី​ដែល​មាន​ឈ្មោះ​ថា BV100 នេះ អាច​ជួយ​ផ្គត់​ផ្គង់​ថាមពល​ដល់​ទូរស័ព្ទ​នា​ពេល​អនាគត​ បើទោះ​នៅមាន​កិច្ច​ការ​ជា​ច្រើន​ត្រូវ​ធ្វើ​ មុន​នឹង​ប្រការ​នេះ​ក្លាយ​ជា​ការ​ពិត​។ នេះ​បើ​តាម IFL Science ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 15 មករា 2024​។

BV100 បង្កើត​អគ្គិសនី​តាម​រយៈ​ការ​ប្រើប្រាស់​ថាមពល​ដែល​បញ្ចេញ​ពី​អ៊ីសូតូប​វិទ្យុសកម្ម​ដែល​កំពុង​រលាយ​របស់​នីកែល (nickel-63)។ ថ្ម​នេះ​អាច​ផ្ទុក​អគ្គិសនី​បាន 3,300 មេហ្គាវ៉ាត់ម៉ោង និង​ត្រូវ​បាន​បង្ហាញ​ថា​មាន​ដង់ស៊ីតេថាមពល​ខ្ពស់ជាង 10 ដង បើធៀប​នឹង​ថ្ម​លីចូម​ (lithium)។ យោង​តាម Betavolt ថ្ម​ BV100 អាច​ផ្គត់​ផ្គង់​អគ្គិសនី​រហូត​ដល់ 50 ឆ្នាំ​ ដោយ​មិន​ចាំបាច់​បញ្ចូល​ថាមពល​ជា​ថ្មី ឬ​ថែ​ទាំ​ ជួស​ជុល​។

ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា «…មាន​ផែនការ​បង្ហាញ​ថ្មដែល​មាន​ថាមពល​ 1 វ៉ាត់នៅ​ឆ្នាំ 2025​។ បើ​សិន​មាន​គោលការណ៍​អនុញ្ញាត ថ្ម​ថាមពល​នុយក្លេអែរ​នេះអាច​ជួយ​ឱ្យ​ទូរស័ព្ទ​ចល័ត​មិន​ត្រូវ​ការ​បញ្ចូល​ថាមពល​ និង​ជួយ​ឱ្យ​យន្តហោះ​ដ្រូន​អាច​ហោះ​ហើរ​ជា​បន្ត​បន្ទាប់​»៕

Advertisement