យាន​ជំនិះ​​អគ្គិសនី​ហោះ​ឡើងនិង​ចុះ​ចតបញ្ឈរ​​ត្រង់​ដំបូង​ដែល​ប្រើ​ប្រាស់​អ៊ីដ្រូសែន​រាវ​

(ប្រទេស​ស្វ៊ីស) – យន្តហោះ​អគ្គិសនី​ Sirius Jet បំពាក់​ស្លាប​កង្ហារ​ប្រហែល 20 គ្រឿង ដើម្បី​អាច​ហោះ​ឡើងត្រង់​ទៅ​លើ​ និង​ប្រើ​ប្រាស់​ឥន្ធនៈ​អ៊ីដ្រូសែន​រាវ​សម្រាប់​ការ​ហោះ​ហើរ​រយៈ​ចម្ងាយ​ឆ្ងាយ​។

ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​របស់​ស្វ៊ីស Sirius Aviation AG អភិវឌ្ឍ​ Sirius Jet ដែល​ជា​យានជំនិះ​​អគ្គិសនី​​ហោះ​ឡើង​-​ចុះ​ចត​ដោយ​បញ្ឈរ​ត្រង់​ និង​អាច​ប្រតិបត្តិការ​បាន​ចម្ងាយ​ 1,850 គីឡូម៉ែត្រ​ ហើយ​អាច​ធ្វើដំណើរ​ក្នុង​ល្បឿន​ 520 គីឡូម៉ែត្រ​/ម៉ោង​ ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីដ្រូសែន​រាវ​ស្អាត​។ នេះ​បើ​តាម New Atlas ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 10 មករា 2024​។

Sirius Jet ដែល​ត្រូវ​បាន​ចាប់​ផ្ដើម​អភិវឌ្ឍ​ពី​ឆ្នាំ 2021 អាច​ហោះ​ឡើង​ និង​ចុះ​ចត​បញ្ឈរ​ត្រង់ ​គឺ​ដោយ​សារ​ប្រើ​ប្រាស់​​ស្លាប​កង្ហារអគ្គិនី​​ប្រហែល​ 20 គ្រឿង​។ ក្នុងនោះ ស្លាប​កង្ហារ​នីមួយ​ៗ​មាន​អង្កត់ផ្ចិត​តែ​ 30 សង់ទីម៉ែត្រ​ប៉ុណ្ណោះ​។

ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស្នើ​សូម​វិញ្ញាបនបត្រ​​ពី​នាយកដ្ឋាន​អាកាស​ចរណ៍​អាម៉េរិក (FAA)​។ បើ​សិន​គ្រប់​យ៉ាង​ដំណើរ​ការ​ដោយ​រលូន​ កំណែ​គំរូ​សម្រាប់​ធ្វើ​តេស្ត​​នឹង​អាច​​ហោះ​ហើរ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ 2025 និង​ចាប់​ផ្ដើម​​ហោះ​ហើរ​បែប​ពាណិជ្ជកម្ម​នៅ​ឆ្នាំ 2028​៕

Advertisement