យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​អាម៉េរិក ត្រូវ​បាន​បាញ់​ប​ង្ហោះ​

(សហរដ្ឋ​អាម៉េរិក) – រ៉ុក្កែត Vulcan Centaur ហោះឡើង​ពី​បន្ទាយ​កងកម្លាំង​អវកាស​ Cape Canaveral នៅ​ Florida កាល​ពី​វេលាម៉ោង 13 និង 18 នាទី ថ្ងៃទី 08 មករា 2024 (ពេល​វេលា​នៅ​កម្ពុជា) នាំ​យក​យាន​អវកាស​ពាណិជ្ជកម្ម Peregrine ឆ្ពោះទៅ​កាន់​ឋាន​ព្រះ​ចន្ទ​។

យោង​តាម CNN វេលា​ម៉ោង​ប្រហែល 14 (ម៉ោង​នៅ​ភ្នំពេញ) យាន​ Peregrine បាន​ផ្ដាច់​ខ្លួន​ពី​រ៉ុក្កែត និង​ចាប់​ផ្ដើម​ដំណើរ​ហោះ​ហើរ​យឺតៗ​ទៅ​កាន់​ផ្ទៃ​ព្រះ​ចន្ទ​។ បើ​សិន​គ្រប់​យ៉ាង​ដំណើរ​ការ​រលូន យាន​ចុះ​ចត​អាច​ទម្លាក់​ខ្លួន​​ថ្នម​ៗ​​លើ​ផ្ទៃ​ព្រះ​ចន្ទ​នៅ​ថ្ងៃ​ទី 23 កុម្ភៈ 2024​។

ក្រុម​ហ៊ុន Astrobotic Technology នៅ Pittsburgh បាន​អភិវឌ្ឍ​យាន​ចុះ​ចត Peregrine ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា)។ ណាសា​បាន​ចំណាយ​ប្រាក់​ 108 លាន​ដុល្លារ​ ទៅ​ឱ្យ​ Astrobotic ដើម្បី​អភិវឌ្ឍ​យាន Peregrine និង​ដឹក​ឧបករណ៍​ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ​របស់​ស្ថាប័ន​នេះ​ទៅ​កាន់​ផ្ទៃ​ព្រះ​ចន្ទ​។ ណាសា​គ្រាន់​តែ​ជា​អតិថិជន​មួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ដៃគូ​សហការ​របស់​ Astrobotic Technology។

Astrobotic Technology ​ក៏​ដឹក​ធាតុ​មនុស្ស​​ឱ្យ​ក្រុម​ហ៊ុន​ពាណិជ្ជកម្មចំនួន​ពីរគឺ Elysiym Space និង Celestic ​​ដែល​រក​ស៊ី​ក្នុង​វិស័យ​បញ្ចុះ​ធាតុ​ក្នុង​អវកាស​​​។ ក្រុម​ហ៊ុន Celestic ផ្ដល់​សេវាកម្ម​ដឹកធាតុ​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ ក្នុង​តម្លៃ​ចាប់​ពីជាង 100,000 ដុល្លារ​អាម៉េរិក​។

ក្នុង​បេសកកម្ម​ដែល​មាន​ឈ្មោះ​ថា Enterprise Flight រ៉ុក្កែត Vulcan Centaur ដឹក​ប្រអប់​ចំនួន 256 ដែល​ផ្ទុក​ធាតុ​ ក៏​ដូច​ជា​ AND របស់​អតីត​ប្រធានាធិបតី​អាម៉េរិក​។ ក្រៅ​ពី​នេះ Enterprise Flight ក៏​នាំ​យក​ធាតុ​របស់ Philip Chapman ដែល​ជា​អ្នក​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ក្លាយ​​ជា​អ្នក​អវកាស​កាល​ពី​ឆ្នាំ 1967 ប៉ុន្តែ​មិន​ដែល​បាន​ហោះ​ទៅ​កាន់​ទីអវកាស​ និង​បាន​ទទួល​មរណភាព​កាលពី​ឆ្នាំ 2021​៕

Advertisement