ណាសា​បង្ហាញ​គំរូ​យន្តហោះប្រើ​​ថាមពល​ព្រះអាទិត្យ​សម្រាប់​ភព​អង្គារ

យន្តហោះ​ MAGGIE អាច​ហោះ​ចម្ងាយ​ 179 គីឡូម៉ែត្រ នៅលើ​កម្ពស់ 1,000 ម៉ែត្រ ជួយ​ស្រាវជ្រាវ​បរិយាកាស​ និង​ភូគព្ភសាស្ត្រ​នៃ​ភព​អង្គារ​។

ក្រោយ​ពី​ជោគ​ជ័យ​របស់​ឧទ្ធម្ភាគ​ចក្រ​ Ingenuity នៅ​លើ​ភព​អង្គារ​ ក្រុម​អ្នក​ជំនាញ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ផលិត​យន្តហោះ​ប្រើ​ប្រាស់​ថាមពល​ព្រះ​អាទិត្យ​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 05 មករា​ 2024​។ យន្តហោះ​នេះ​មាន​ឈ្មោះ​ថា អ្នក​ស្រាវ​ជ្រាវ​ឆ្លាតវៃ​លើ​ដី និង​លើ​អាកាស​ភព​អង្គារ​ (MAGGIE) នេះ ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​កម្មវិធី​គំនិត​ច្នៃ​ប្រឌិត​កម្រិត​ខ្ពស់​របស់​ណាសា (​NASA Innovative Advanced Concepts – NIAC)​។

នេះ​គឺជា​យន្តហោះ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ប្រើ​ប្រាស់​ថាមពល​ព្រះ​អាទិត្យ អាច​ហោះ​នៅ​ក្នុង​បរិយាកាស​ភព​អង្គារ​។ គំរូ​យន្តហោះ MAGGIE ដែលស្នើ​ដោយ​ក្រុម​ហ៊ុន​អាកាសចរណ៍​អវកាស​អាម៉េរិក Coflow Jet ​ ​អាច​ស្រាវ​ជ្រាវ​បរិយាកាស​ទូទាំង​ភព​អង្គារ។ បច្ចេក​វិទ្យា​ CoFlow Jet (CFJ) អនុញ្ញាត​ឱ្យ​យន្តហោះ​នេះ​ហោះ​ហើរ​ក្នុង​បរិយាកាស​ស្ដើង​របស់​ភព​ក្រហម​នេះ​។

តាម​គម្រោង MAGGIE អាច​ហោះ​បាន​ 179 គីឡូម៉ែត្រ នៅ​លើ​កម្ពស់ 1,000 ម៉ែត្រ បន្ទាប់​ពី​បាន​​បញ្ចូល​ថាមពលមួយ​​ពេញដែល​ប្រើ​ពេល​ 7.6 ថ្ងៃ​នៅ​លើ​ភព​អង្គារ​។ យន្តហោះ​នេះ​អាច​ដំណើរ​ការ​ឡើង​ដល់ 16,048 គីឡូម៉ែត្រ​នៅ​ក្នុង​មួយ​ឆ្នាំ​នៃ​ភព​ក្រហម​។

តាម​ផែនការ​បឋម យន្តហោះ​នេះ​នឹង​បំពេញ​ភារកិច្ច​ស្រាវ​ជ្រាវ​យ៉ាង​តិច​ចំនួន​បី​ ទាក់​ទង​នឹង​បរិយាកាស​ និង​ភូគព្ភសាស្ត្រ​។ ទិន្នន័យ​ដែល​ប្រមូល​បាន​ នឹង​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ភព​អង្គារ​ បង្កើន​សមត្ថភាព​ស្រាវ​ជ្រាវ​ក្នុង​អនាគត​៕

Advertisement