តាក់ស៊ីហោះ​ស្វ័យ​ប្រវត្ត​របស់​ចិន ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម

(ប្រទេស​ចិន​) – EH216-S ដែល​ជា​តាក់​ស៊ី​ហោះ​អគ្គិសនី​ពីរ​កៅអី ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សុវត្ថិភាព​ ទើប​តែ​​​​សម្រេច​បាន​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​ដំបូង​នៅ​ក្នុង​ខេត្ត Anhui កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​។

យន្តហោះ​ដ្រូន​ដំបូងគេ​លើ​ពិភពលោក​​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ស្ដីពី​យាន​ជំនិះ​អគ្គិសនី​គ្មាន​មនុស្ស​បើក​បរ​ ដែល​ហោះ​ឡើង​-ចុះ​ចត​ត្រង់ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​ដំបូង​នៅ​ក្នុង​ខេត្ត​ Anhui ភាគ​ខាង​កើត​​ប្រទេស​ចិន​ កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​។

ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ EHang Holdings ដែល​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​អាកាសចរណ៍​ទីក្រុង​របស់ចិន យន្តហោះ​​គ្មាន​មនុស្ស​បើកបរ (UAV) សម្រាប់​ដឹក​អ្នក​ដំណើរ EH216-S ត្រូវ​បាន​​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ចិន (CAAC) ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព​ក្នុង​ការ​ហោះ​ហើរ កាល​ពី​ខែ​តុលា 2023​។

តាក់ស៊ី​ហោះ​ដែល​មាន​កៅអីចំនួន​ពីរ​ មាន​ស្លាប​កង្ហារ​ចំនួន 16 ​បញ្ចប់​ការ​​ហោះ​ហើរ​បែប​ពាណិជ្ជកម្ម​មួយ​ជើង​ៗ​ចំណាយ​​ពេល​ពី 3 ទៅ 5 នាទី​ និង​ហោះលើ​កម្ពស់​ប្រហែល 50 ម៉ែត្រ ក្នុង​ល្បឿន​ 36 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

EH216-S ដំណើរ​ការ​ទាំង​ស្រុង​ដោយ​អគ្គិសនី​ និង​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹងស្ថានីយ​គ្រប់គ្រង​នៅលើដី ក៏​ដូច​ជា​ដំណើរ​ការ​ប្រព័ន្ធ​តាម​រយៈ​បណ្ដាញ​អ៊ីនធើណិត​ល្បឿន​លឿន​ ដូច្នេះ​អាច​ដោះ​ស្រាយ​បញ្ហា​អាក្រក់​បាន​ទាន់​ពេល​។

តាក់ស៊ីហោះ EH216-S របស់​ក្រុម​ហ៊ុនចិន EHang Holdings មាន​តម្លៃ​ប្រហែល​ 283,500 ដុល្លារ​អាម៉េរិក​ក្នុង​មួយ​គ្រឿង​។

Advertisement