ឧទ្ធម្ភាគ​ចក្រ​ស្វ័យប្រវត្ត​ធំជាង​គេ​លើ​ពិភពលោក កំពុង​ត្រូវ​បាន​​ផលិត

ឧទ្ធម្ភាគ​ចក្រ​ R550X អាច​ផ្ទុក​ទម្ងន់​រហូត​ដល់ 550 គីឡូក្រាម អាច​ហោះ​ហើរ​បាន​ជាង 3 ម៉ោង សម​ស្រប​សម្រាប់​បេសក​កម្ម​នានា​នៅ​ក្នុង​វិស័យ​កសិកម្ម ពន្លត់​អគ្គិភ័យ និងសកម្មភាព​ដឹក​ជញ្ជូន​​តាម​​ផ្លូវ​ទឹក​​ជា​ដើម​។

ទំព័រ Interesting Engineering កាល​ពី​ថ្ងៃទី 08 ធ្នូ បាន​ចុះ​ផ្សាយ​ថា ក្រុម​ហ៊ុន​អាម៉េរិក Rotor Technologies ចាប់​ផ្ដើម​ផលិត​ R550X និង​អះអាង​ថា​ នេះ​គឺជា​ឧទ្ធម្ភាគ​ចក្រ​ស៊ីវិល​គ្មាន​មនុស្ស​បើកបរធំជាង​គេ​បង្អស់​ក្នុង​ទីផ្សារ​។

ឧទ្ធម្ភាគ​ចក្រ​នេះ​ប្រើ​ប្រាស់​អង្គញាណ និង​ប្រព័ន្ធ​បញ្ជា​ឌីជីថល​ដើម្បី​ដំណើរ​ការ​ដោយ​សុវត្ថិភាព និង​ស្វ័យ​ប្រវត្ត​ ដែល​អាច​ហោះ​ហើរ​ក្នុង​អាកាសធាតុ​មិន​ល្អ មាន​ជា​អាទិ៍ ​មេឃ​ចុះ​អ័ព្ទ​ និង​មេឃងងឹត​​ជា​ដើម​។

R550X ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អាច​ដឹក​ទំនិញ​បាន 550 គីឡូក្រាម ដោយ​មិន​បាច់មាន​មនុស្ស​បើក​បរ​។ វា​អាច​ហោះ​ហើរ​បាន​ជាង 3 ម៉ោង និង​មាន​ល្បឿន​អតិបរមា​ 241 គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ ដោយ​ប្រើប្រាស់​ម៉ាស៊ីន Lycoming IO-540 ព្រម​ទាំង​មាន​ប្រព័ន្ធ​បញ្ជា​ម៉ាស៊ីន​បម្រុង​បែប​ឌីជីថល់​ផងដែរ​។

Rotor Technologies ឱ្យ​ដឹង​ថា ​ឧទ្ធម្ភាគ​ចក្រ​នេះ​អាច​ប្រើ​ប្រាស់​នៅក្នុងវិស័យ​ជា​ច្រើន ចាប់​ពី​កសិកម្ម ពន្លត់​អគ្គិភ័យ តាម​ដាន​ស៊ើប​អង្កេត ឬ​សម្រាប់​សកម្មភាពតាម​​ផ្លូវ​ទឹក​ជា​ដើម​។

R550X កំពុង​ត្រូវ​បាន​ផលិត​ក្នុង​​រោង​ចក្រ​របស់​ក្រុម​ហ៊ុន​ Rotor Technologies នៅ New Hampshire។ ឧទ្ធម្ភាគ​ចក្រ​នេះ​នឹង​ចាប់​ផ្ដើម​សកម្មភាព​ពាណិជ្ជកម្ម​​នៅ​ឆ្នាំ 2024​ នៅ​សហរដ្ឋ​អាម៉េរិក មុន​នឹង​ពង្រីក​ខ្លួន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​៕

Advertisement