ចិន​កំពុង​ដំណើរ​ការ​សាកល្បង​ស្ថានីយអគ្គិសនី​ព្រះ​អាទិត្យ​អវកាស

(ប្រទេស​ចិន) – គំរូ​ដំបូង​របស់ SSPS ដែល​ជា​ប្រព័ន្ធ​ទាញ​យក​ និង​ប្រើប្រាស់​អគ្គិសនី​ពីព្រះ​អាទិត្យនៅ​ទី​អវកាស​ ដើម្បី​បាញ់​បញ្ជូន​មក​កាន់​ផែនដី និង​បញ្ចូល​ថាមពលឱ្យ​​ផ្កាយ​រណប ត្រូវបាន​ស្ថាបនា​រួច​រាល់ និង​កំពុង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​។

ប្រទេស​ចិន​កំពុង​តែ​អភិវឌ្ឍ​ស្ថានីយ​អគ្គិសនី​ព្រះអាទិត្យ​អវកាស (SSPS – Space Solar Power System) ដែល​មាន​សមត្ថភាព​បាញ់បញ្ជូន​អគ្គិសនី​ចុះ​មក​កាន់​ផែនដី និង​បញ្ចូល​អគ្គិសនី​ឱ្យ​ផ្កាយរណប​នៅ​លើ​គន្លង​តារា​វិថី​ផែនដី​។ ស្ថានីយ​គំរូរបស់ SSPS ត្រូវ​បាន​ស្ថាបនា​រួច​រាល់ និង​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​នៅ​ទីក្រុងស៊ីអាន (Xi An) នៃ​ខេត្តសានស៊ី (Shaanxi)។

គម្រោង​អភិវឌ្ឍ​ SSPS ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា Zhu Ri ដែល​មាន​ន័យ​ថា «ដេញតាម​ព្រះ​អាទិត្យ»​ ចាប់​ផ្ដើម​ដំណើរ​ការ​តាំង​ពី​ 6 ឆ្នាំ​មុន​។ ស្ថានីយ​គំរូ​ដំបូង​នេះ​រួម​មាន គ្រោង​ដែក​កម្ពស់ 75 ម៉ែត្រ និង​មាន​ចាន​ដែក​បំពាក់​ផ្ទាំ​សូឡា​ដ៏ធំ​មួយ​នៅ​ខាងលើ​ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធ្វើ​តេស្ត​ប្រព័ន្ធ​ផលិត​អគ្គិសនី​ពេញ​លេញ​មួយ​នៅ​ទីអវកាស​ និង​បាញ់​បញ្ជូន​មក​កាន់​ផែនដី​ ដើម្បី​បំប្លែង​ និងផ្គត់ផ្គង់តាម​​តម្រូវ​ការ​។

SSPS នឹង​បញ្ជាក់​អំពី​លទ្ធភាព និង​សក្ដានុពល​​នៃ​ដំណើរ​ការ​ទាំង​ស្រុង តាំង​ពី​ការ​បំប្លែង​ពន្លឺ​ឱ្យ​​ទៅ​ជា​អគ្គិសនី ការ​បំប្លែង​អគ្គិសនី​ឱ្យ​ទៅ​ជា​​រលកកម្ដៅ​មីក្រូវ៉េវ ការ​បាញ់​បញ្ជូន​រលក​មីក្រូវ៉េវ និងការ​​បំប្លែង​រលកកម្ដៅ​មីក្រូវ៉េវ​​ឱ្យ​ទៅ​ជា​អគ្គិសនី​ចរន្ត​ជាប់​។ នេះ​គឺជា​ប្រព័ន្ធ​ដំបូង​ដែល​ស្ថិត​ក្នុង​ប្រភេទ​នេះ​នៅ​លើ​ពិភពលោក​ ដែល​បាន​ឆ្លង​កាត់​ការ​សាកល្បង​បែប​នេះ​។

«យើង​សម្រេច​បាន​ការ​សាកល្បង​គំរូ​ដំបូង​នៅ​លើ​ផែនដី» លោក Duan Baoyan ប្រធាន​គម្រោង​ Zhu Ri ​មក​ពី​បណ្ឌិត្យ​សភា​បច្ចេក​ទេស​ចិន​ ឱ្យ​ដឹង​ដូច្នេះ។ លោក​ Baoyan បន្ត​ថា កាល​ពី​ថ្ងៃទី 05 មិថុនា 2022 ប្រព័ន្ធ​នេះ​បាន​ឆ្លង​ផុត​ការ​ត្រួត​ពិនិត្យ​របស់​ក្រុម​ប្រឹក្សា​ជំនាញ​មួយរួច​ទៅ​ហើយ​៕

Advertisement