Volkswagen ផលិត​រថយន្ត​អគ្គិសនី​ តម្លៃ​ជាង​ 20,000 ដុល្លារ​អាម៉េរិក

នាយកប្រតិបត្តិ​របស់ Volkswagen លោក Oliver Blume ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី​មួយ​ប្រភេទ​ដែល​មាន​តម្លៃ​ប្រហែល 22,000 ដុល្លារ​អាម៉េរិក នឹង​អាច​ត្រូវ​បាន​ផលិត​នៅ​ចុង​ទសវត្សរ៍​នេះ​។

យោង​តាម​ Reuters លោក Blume បកស្រាយ​ថា ការ​ថយ​ចុះ​នៃ​តម្លៃ​ថ្ម​ផ្ទុក​អគ្គិសនី​នឹង​ជា​កត្តា​ជំរុញ​ចម្បង​ដែល​ធ្វើ​ឱ្យ​​រថយន្ត​អគ្គិសនី​មាន​តម្លៃ​ទាប​ជាង​បច្ចុប្បន្ន​។

Volkswagen កាល​ពី​ខែ​មីនា​ 2023 បាន​បង្ហើប​ឱ្យ​ដឹង​​អំពី​គម្រោង​សម្រាប់​ម៉ូដែល​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត​របស់​ខ្លួន​ នោះ​គឺ concept ID 2all ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដូច​ជា Tesla និង BYD ជា​ដើម​ ដែល​កំពុង​នាំ​មុខ​គេ​នៅ​ក្នុង​ទីផ្សារ​​រថយន្ត​អគ្គិសនី​របស់​ពិភពលោក​។ ID 2all នឹង​មាន​តម្លៃ​ចាប់​ពី​ក្រោម​ 27,000 ដុល្លារ​ និង​អាច​បរ​បាន​ 450 គីឡូម៉ែត្រ​ ក្រោយពី​បាន​បញ្ចូល​អគ្គិសនី​មួយ​ពេញ​។

កំណែ​សម្រាប់​ផលិត​របស់ ID 2all នឹង​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​ទ្វីប​អឺរ៉ុប ក្នុង​ឆ្នាំ 2025​។ Volkswagen ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្លួន​កំពុង​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​មួយ​ប្រភេទ​ដែល​មាន​តម្លៃ​ក្រោម 22,000 ដុល្លារ​ផងដែរ​។

ម៉ូដែល​ចុង​ក្រោយ​នេះ​​ត្រូវ​បាន​គេ​ជឿ​ថា នឹង​មាន​ឈ្មោះថា​ ID 1 ហើយ​ជា​ម៉ូដែល​រថយន្ត​អគ្គិសនី​តូច​បំផុត​ និង​មាន​តម្លៃ​ទាប​បំផុត​របស់ VW។ ទំព័រ​ Autocar ចេញ​ផ្សាយ​ថា ID 1 នឹង​មាន​ទំហំ​ដូច​ទៅ​នឹង​រថយន្ត​ Polo ប្រើ​សាំង​។

ID 1 អាច​នឹង​មាន​ថ្ម​ផ្ទុក​អគ្គិសនី​ពីរ​ជម្រើស​គឺ 38 គីឡូវ៉ាត់ម៉ោង ឬ 58 គីឡូវ៉ាត់​ម៉ោង​ ដែល​ដូច​ទៅ​នឹង​ ID 2all។

ថ្មី​ៗ​នេះ អ្នក​ផលិត​រថយន្ត​មួយ​ចំនួន​បាន​សន្យា​ថា នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ម៉ូដែល​ថ្មី​ដែល​មាន​តម្លៃ​ទាប​នា​ពេល​ដ៏ខ្លី​ខាងមុខ​។ ក្នុង​នោះក៏​​មានក្រុម​ហ៊ុន Citroen របស់ Stellantis ជា​ដើម ដែល​អះអាង​ថា នឹង​មាន​រថយន្ត​អគ្គិសនី​តម្លៃ​ប្រហែល​ 21,000 ដុល្លារ​អាម៉េរិក​៕

Advertisement