ស្រឡាងហោះ​អគ្គិសនី រត់​លើ​ផ្ទៃ​ទឹក​ជា​លើក​ដំបូង​​ដោយ​ជោគ​ជ័យ

(ស៊ុយអែត) – ស្រឡាង​ស្លាប​ក្រោម​ទឹក​អគ្គិសនី​ P-12 របស់​ Candela ធ្វើ​ដំណើរ​លើ​ផ្ទៃ​ទឹក​ជា​លើក​ដំបូង​ដោយ​ជោគ​ជ័យ នៅ​ទីក្រុងស្តុកខុល។

 

ក្រុម​ហ៊ុន​ផលិត​កប៉ាល់​ស្លាប​ក្រោម​ទឹក Candela របស់​ប្រទេស​ស៊ុយអែត បាន​ប្រកាស​ថា ស្រឡាង​ដឹក​អ្នក​ដំណើរ​ P-12 បំពាក់​ម៉ូទ័រ​អគ្គិសនី​ និង​មាន​ស្លាប​ចំនួន​បី​ដែល​ជួយ​លើក​ដង​ខ្លួន​របស់​ស្រឡាង​​ឡើង​ផុត​ពី​ផ្ទៃ​ទឹក​ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​រត់​ជា​លើក​ដំបូង​ ក្នុង​ល្បឿន​ 55 គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង​។ ក្រុម​ហ៊ុន Candela បាន​ចាប់​ផ្ដើម​ផលិត​ P-12 ក្នុង​ចំនួន​ច្រើន​ ដើម្បី​រួម​ចំណែក​បើក​ទំព័រ​ថ្មី​សម្រាប់​គមនាគមន៍​បៃតង​លើ​ផ្ទៃ​ទឹក​។ នេះ​បើ​តាម New Atlas ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 16 វិច្ឆិកា 2023​។

 

ស្រឡាង​ដឹក​អ្នក​ដំណើរ​ស្លាប​ក្រោម​ទឹក​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​អាច​បញ្ជា​ដោយ​មនុស្ស​ម្នាក់ និង​ដំណើរ​ការ​ដោយ​កម្លាំងពី​​ម៉ូទ័រ​អគ្គិសនី C-Pod ​ចំនួន​ពីរ​គ្រឿង​។ ស្រឡាង​គំរូ​សម្រាប់​ការ​ផលិត​ដែល​មាន​ឈ្មោះថា Zero របស់ P-12 អាច​ធ្វើដំណើរដល់​​ល្បឿន​ 55 គីឡូម៉ែត្រ​/ម៉ោង​ ក្នុង​រង្វង់ 16 វិនាទីដំបូង បន្ទាប់​ពី​បញ្ឆេះ​ម៉ូទ័រ​រត់​ក្នុង​ល្បឿន 30 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

 

ស្រឡាង​មាន​ដង​ខ្លួន​ពីរ​នេះ ងើប​ផុត​ពី​ផ្ទៃ​ទឹក​ដោយ​សារ​ស្លាបដែល​នៅ​​ក្រោមផ្ទៃ​​ទឹក​ ​ធ្វើ​ពី​សរសៃ​កាបូន​ ជាមួយ​នឹង​ប្រព័ន្ធ​បញ្ជា​អេឡិចត្រូនិចដែល​ប្រើ​ប្រាស់​ទិន្នន័យ​ពី​អង្គ​ញាណ​ ឬ​ហៅ​ថា​សេនសឺរ។

 

P-12 មាន​ប្រវែង​ 11.99 ម៉ែត្រ និង​ទទឹង​ 4.5 ម៉ែត្រ​។ យាន​ជំនិះ​នេះ​អាចដឹក​អ្នក​ដំណើរ​បាន​ 30 នាក់​។ ក្នុង​ស្រឡាង​នេះ​ក៏​មាន​កន្លែង​សម្រាប់​ចតកង់ រទេះ​រុញ រទេះ​ជន​ពិការ។ល។

 

យោង​តាម Candela ស្រឡាង​ទីពីរ​នឹង​ដំណើរ​ការ​នៅក្នុង​ទីក្រុងស្តុកខុល ចាប់ពី​ឆ្នាំ 2024​។ កំណែ Shuttle របស់​ស្រឡាង​នេះ​មាន​តម្លៃ​ប្រហែល 1.85 លាន​ដុល្លារ​អាម៉េរិក​ ដែល​ប្រហាក់​ប្រហែល​នឹង​ស្រឡាង​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ដែល​មាន​ទំហំ​ដូច​គ្នា​។ កំណែ​ពាណិជ្ជកម្ម​ដែល​មាន​គ្រឿង​សង្ហារិម​ប្រណិត​ នឹង​អាច​ដឹក​អ្នក​ដំណើរ​បាន​ពី 12 ដល់ 20 នាក់។​ ចំណែក​កំណែ​ Voyager វិញ អាច​កែ​ប្រែ​ទៅ​តាម​ហោប៉ៅ​ ឬ​សកម្មភាព​ពាណិជ្ជកម្ម​៕

Advertisement